ភ្នំពេញៈ< បុរស​ម្នាក់​ ត្រូវ​បាន​មន្ត្រី​​កង​រាជ​អាវុធ​ហត្ថ​ខណ្ឌ​ ពោធិសែន​ជ័យ​​ ឃាត់​ខ្លួន នៅ​រសៀល​ថ្ងៃ​ទី ២០ ខែ​មីនា​ ​បន្ទាប់​ពី​ស្ត្រីជា​ប្រពន្ធ​​ បាន​ប្តឹង​ថា​ បុរស​រូប​នេះ​ បាន​ប្រើ​អំពើ​ហិង្សា​ និង ​ប្រើ​ទារុណ​កម្ម​ផ្លូវ​ភេទ​លើ​ខ្លួន​ថែម​ទាំង​បង្ខំ​ឲ្យ​ខ្លួន​អារ​ប្រដាប់​ភេទ​​។​

លោក ​សើន ​កែវ​វន្នី ​មេ​បញ្ជ​ការ​រង​កង​រាជ​អាវុធ​ហត្ថខណ្ឌ​ពោធិសែនជ័យ​​​ទទួល​បន្ទុក​ផ្នែក​ព្រហ្មទណ្ឌ​ បាន​និយាយ​ថា​ ៖ «យើង​បាន​ទទួល​បណ្តឹង​ផ្ទាល់​មាត់​ពី​ស្ត្រី​​ជា​ប្រពន្ធ​»។

លោក​ថា លោក​បាន​ឃាត់​ខ្លួន​ជន​សង្ស័យ​​រួច​ហើយ​ ហើយ​បាន​បញ្ជូន​គាត់​ទៅ​កង​រាជ​អាវុធ​ហត្ថ​រាជ​ធានី​ភ្នំពេញ​។​

លោក​បន្ត​ថា ៖ «យើង​សង្ស័យ​គាត់​​ប្រើ​អំពើ​ហិង្សា​ ​និង​ប្រើ​ប្រាស់​គ្រឿង​ញៀន​»។​ បើ​តាម​លោក កែវ​វន្នី ស្រ្តី​ជា​ប្រពន្ធ​ ​ឃើញ​​មាន​ស្នាម​ជាំ​ នៅ​លើ​ឆ្អឹង​ជំនីរ និង​នៅ​លើ​ដៃ​។​ «វា​ជា​បទ​លើ្មស​ជាក់​ស្តែ​ង​ អ៊ីចឹង​ហើយ​យើង​ក៏​ឃាត់​ខ្លួន​គាត់​ទៅ​»។​

លោក សេម ​កូម៉ុន​ ប្រធាន​ការិយា​ល័យ​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​ នៃ​កង​រាជ​អាវុធ​ហត្ថ​រាជ​ធានី​ភ្នំពេញ​​បាន​ឲ្យ​ដឹង​ថា បុរស​នោះ ​បាន​បង្ខំ​ស្ត្រី​ជា​ប្រពន្ធ​ឲ្យ​​រួម​ភេទ​ទាំង​គេ​អត់​ចង់។​

លោក​បាន​បន្ត​ថា ៖ «គាត់​បាន​បង្ខំ​ស្ត្រី​ឲ្យ​​អារ​ប្រដាប់​ភេទ​របស់​គាត់។​ ប៉ុន្តែ​បើ​យោង​តាម​សម្តី​របស់​ជន​សង្ស័យ គាត់​បាន​ប្រាប់​ថា​ គ្រាន់​តែ​បង្ខំ​ឲ្យ​អារ​ប្រដាប់​ភេទ​ ប៉ុន្តែ​ជន​រង​គ្រោះ​ មិន​ទាន់​បាន​អារ​ទេ​»។

ចំណែក​ចម្លើយ​ជន​រងគ្រោះ​វិញ លោក​ថា ៖ «​ជន​រង​គ្រោះ​ ម្តង​ប្រាប់​ថា​ បាន​អារ​ ម្តង​ថា​ មិន​ទាន់​អារ​ដោយ​សារ​មាន​ការ​អៀន​ខ្មាស។ ជន​សង្ស័យ​​តែង​តែ​ប្រើ​ហិង្សា​មក​លើ​ជន​រង​គ្រោះ​ជា​រឿយៗ​។ ​ជន​សង្ស័យ​ជា​មនុស្ស​ញៀន​ថ្នាំ​។​ យើង​នឹង​​បញ្ជួន​គាត់​ទៅ​តុលា​ការ​ពី​បទ​ហិង្សា​ក្នុង​គ្រួសារ​»។​

មាន​ការ​អះ​អាង​ពី​ស្ត្រី​​ជា​ប្រពន្ធ​ថា​ ជន​សង្ស័យ ថែម​ទាំង​បាន​ថត​វីដេអូ នៅ​ពេល​រួម​ភេទ ប៉ុន្តែ​សមត្ថកិច្ច​ មិន​បាន​រក​ឃើញ​ថា​ មាន​ការ​ថត​វីដេអូ​ពេល​រួម​ភេទ​ទេ​ ឬ​​បង្ហោះ​នៅ​ក្នុង​ហ្វេស​ប៊ុក​នោះ​ឡើយ៕