ភ្នំពេញ: បុរស​ម្នាក់​ឈ្មោះ គ្រុយ ​ចំរើន ដែល​បាន​បាញ់សម្លាប់​សត្វ «កេងកង​ធំ» មួយ​ក្បាល​នៅ​ឧទ្យាន​ជាតិ​ព្រះ​មុនីវង្ស​បូកគោ ខេត្ត​កំពត នៅ​ថ្ងៃ​ទី ១៣ ខែ​ឧសភា បាន​ចូលខ្លួន​មក​សុំអភ័យ​ទោស​ ​នៅ​ក្រសួង​បរិស្ថាន ដោយ​បានធ្វើ​កិច្ច​​សន្យា​ឈ​ប់​បាញ់សម្លាប់​សត្វព្រៃ​បែប​នេះ​ទៀត បន្ទាប់​ពី​បុរស​រូបនេះ​ បាន​បាញ់​សម្លាប់​សត្វ​ «កេង​កង​ធំ» ហើយ​ថត​បង្ហោះ​​លើ​ប​ណ្ដា​ញ​សង្គម​ហ្វេ​ស​ប៊ុ​ក។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជាម​ន្ត្រី​នាំពាក្យ​ក្រសួង​បរិស្ថាន​ បាន​ថ្លែង​​នៅ​ថ្ងៃ​ទី​ ១៣ ​ខែ​ឧសភា​​ ថា បុរស​ឈ្មោះ គ្រុយ ចំរើន បាន​សារភាពថា ខ្លួន​ពិតជា​បាន​បាញ់​សម្លាប់សត្វ «កេងកង​ធំ» មួយ​ក្បាល​នោះ​មែន ​ក្នុង​អំឡុង​ពេល​​ទៅ​កម្សាន្ត​នៅ​​រម​ណីយ​ដ្ឋាន​ទឹកធ្លាក់​អន្លង់​ក្មេង​លេង ​ទឹកជ្រោះ ៩ ជាន់ ក្នុង​ឧទ្យាន​ជាតិ​ព្រះមុនីវង្ស​បូកគោ ក្នុងភូមិ​សាស្ត្រ​ខេត្តកំពត កាល​ពី​ថ្ងៃទី ១០ ខែ ឧសភា ឆ្នាំ ២០២០។

លោក​បន្តថា បុរស​ម្នាក់នេះ ​បានទទួល​ស្គាល់​កំហុសរ​បស់​ខ្លួន និង​ស្នើសុំ​ការ​សណ្តោសប្រណី​ពី​សាធារណៈជន ​ដែល​ខ្លួន​បាន​ជ្រុលជ្រួស​ប្រព្រឹត្ត​នូវ​កំហុសឆ្គង​នេះ។

លោក​ថា តាមរយៈ​ការទទួល​ កំហុស​នេះ ក្រសួងបរិស្ថាន​បាន​ទទួលយក និ​ង​ធ្វើ​កិច្ចសន្យា​បញ្ឈប់​ការប្រព្រឹត្ត​បែប​នេះ​ជា​រៀងរហូត ព្រោះ​ទង្វើរ​នេះ​គឺជា​គំរូ អាក្រក់​មួយ ​ដែល​អ្នក​ផ្សេងទៀត​ត្រូវ​ចៀ​ស​វា​ង​។

លោក ភក្ត្រា បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែល​ទៅ​ទស្សនា​កម្សាន្ត នៅតាម​រមណីយដ្ឋាន​ធម្មជាតិ​នានា សូមកុំប្រព្រឹត្ត​បទល្មើស​បរបាញ់​សត្វ និង​កុំ​បរិភោគ​សាច់​សត្វ​​ព្រៃ និង​ត្រូវ​ចូលរួម​ការពារ​អភិរក្ស​សត្វព្រៃ​ឲ្យ​បាន​គង់វង្ស​ សម្រាប់​បម្រើ​ដល់​ទេសចរណ៍ធម្មជាតិ និង​ការពារ​ជីវៈចម្រុះ និង​ប្រព័ន្ធ​អេកូ​ឡូស៊ី​នៅ​កម្ពុជា។

លោក​បញ្ជាក់ថា៖«សត្វ​កេង​កេង គឺជា​ប្រភេទ​សត្វ​កម្រ​ជិត​ផុត​ពូជ​ ហើយ​បច្ចុប្បន្ននេះ ​គេ​ឃើញ​មាន​វត្តមាន នៅក្នុង​តំបន់​មួយចំនួន​តូច​ប៉ុណ្ណោះ ដូចជា​នៅ​ភ្នំ​បូកគោ តំបន់​ជួរ​ភ្នំក្រវាញ តំបន់​ភាគ​ខាងកើត​នៃ​ប្រទេស​កម្ពុជា​ជាដើម»។

តាម​លិខិត​សុំ​អភ័យ​ទោស​របស់​បុរស​ឈ្មោះ គ្រុយ ចំរើន បាន​សរសេរ​ថា៖ «សូម​ទទួលស្គាល់​ការពិត​ដែល​បាញ់​សម្លាប់​សត្វ «កេងកង​ធំ» ចំនួន​មួយ​ក្បាល​ស្ថិតនៅក្នុង​រមណីយដ្ឋាន ទឹកធ្លាក់ ៩ ជាន់ ​នៅ​ភូមិ​តេ​ជោ​អភិវឌ្ឍន៍ ស្រុក​ឈូក ខេត្តកំពត។ ខ្ញុំបាទ​សូមទោស​ប្រជាពលរដ្ឋ​កម្ពុជា​ទាំងអស់ សូម​អភ័យទោស​ដល់​រូបខ្ញុំ​បាទ និង​ឈប់​ប្រព្រឹត្ត​កំហុស​បែបនេះ​ទៀតហើយ។ សូម​បងប្អូន​ប្រជាពលរដ្ឋ​កុំ​យក​គំរូ​តាម​រូប​ខ្ញុំបាទ។ ខ្ញុំ​សូម​សន្យា​នឹង​ប្រគល់​អាវុធ ដែល​បាន​បាញ់​សត្វ​កេងកង​នោះ មក​ក្រសួងបរិស្ថាន»។

លោក ស៊ុយ ធា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​កំពត បាន​ឲ្យ​ដឹង​ពីថ្ងៃ​ទី ១៣ ​​ខែ​ឧសភា​​ ថា ជន​សង្ស័​យ​​ត្រូវ​បាន​មន្រ្តី​ជំនា​ញ​កំណត់​អត្ត​​ស​ញ្ញា​ណ​​រួចរាល់​ហើយ ដោយ​ត្រូវ​ឲ្យ​ចូល​ទៅ​បំភ្លឺ​នៅ​ទីស្ដីការ​ក្រសួង​បរិស្ថាន​ផ្ទាល់។

លោក​​ថា​​៖«​ខ្ញុំ​អត់​ទាន់​បាន​ស្គាល់​ឈ្មោះ​គាត់​ពិត​ប្រាកដ​ទេ តែយើង​ស្គាល់​ទីកន្លែង​របស់​គាត់​ដោ​យ​​សារ​តែ​ទទួ​ល​​ដំ​​ណឹ​ង​ពី​មិ​ត្ត​ភក្ដិ​ម្នាក់​ទៀត ហើយ​មិត្ត​ភក្តិ​ខ្ញុំ បា​ន​​បញ្ជូន​ឈ្មោះ​គាត់​ទៅ​ក្រសួង​បរិស្ថាន ដើម្បី​ធ្វើ​ការអប់រំ និង​ធ្វើ​កិច្ច​សន្យា​ ក៏ដូច​ជា​ការសារ​​ភាព​កំហុសចំពោះ​មុខ​សាធា​​រណជន​»។

លោក កែន សិរី​រដ្ឋា ប្រធាន​អង្គការ​សមាគម​អភិរក្ស​សត្វ​ព្រៃ​នៅ​កម្ពុជា (WCS)បាន​ថ្លែង​នៅ​ថ្ងៃ​ទី​ ១៣ ​ខែ​ឧសភា ​ថា សត្វ​កេង​កង​​ជា​សត្វ​កម្រ​ដែល​ត្រូវបាន​រាជរដ្ឋាភិបាល និង​អង្គការ​សង្គម​ស៊ីវិល កំពុង​សហការគ្នា​ថែរក្សា និង​ធ្វើការ​អភិរក្ស​យ៉ាងយ​ក​ចិត្ត​ទុកដាក់ប៉ុន្ដែ​លោក​មិ​នទាន់​​បានធ្វើ​ជំរឿន​អំពី​ចំនួ​ន​ស​ត្វ​​កេងកង​​នៅ​កម្ពុជា​នៅ​ឡើ​យ។

លោក​បន្តថា លោក​មានការ​សោ​កស្ដាយ​ដែលមាន​ការ​បា​ញ់​សម្លាប់​សត្វ​កេងកង​នេះ ក៏ដូច​​ជា​ការគំរាមកំហែង​សត្វព្រៃ​ដទៃ​ទៀត ដោយ​លោក​ជំរុញ​ឲ្យ​មាន​ការ​ចូលរួម​ថែរក្សា​សត្វព្រៃ​ទាំ​ង​អស់គ្នា។ សត្វ​កេងកង​ ត្រូវបាន​គេ​រកឃើញ​ភា​គ​ច្រើន​ រស់នៅ​តាម​តំបន់ភ្នំ និង​តំបន់​សមុទ្រ ប៉ុន្ដែ​វា​មាន​ទីជម្រក​មិនជា​ក់​លា​ក់​ទេ ព្រោះ​វា​ត្រូវ​ការធ្វើ​បំផ្លាស់​ទី​ ពី​កន្លែង​ ១​ ទៅ​​កន្លែង​ ១​ ទៀ​ត​​ជា​ញឹក​ញាប់​។

លោក​ថា៖ «ខ្ញុំ​កំពុងធ្វើការ​ស្រាវជ្រាវ​ឲ្យ​ជាក់​​លាក់​ពី​ចំនួន​សត្វ​កេងកង​ហ្នឹង​ដែរ ព្រោះ​សត្វ​ហ្នឹង​កំពុង​រង​ការគំរាម​កំហែង​ខ្លាំងណាស់ដោ​យ​​វា​ខ្វះ​ជម្រក ព្រាន​​ព្រៃ​តែងតែ​បា​ញ់​​សម្លាប់​ជាពិសេស​ខ្ញុំ​សង្កេត​ឃើ​ញ​មាន​អ្នកខ្លះ​គាត់​ចាប់​យកមក​ចិញ្ចឹម​ក្នុងផ្ទះ​គាត់។ ការចិញ្ចឹម​ក្នុង​ផ្ទះ​នេះខ្ញុំ​សូម​​លើ​កទឹកចិត្ត​ឲ្យ​ដោះលែង​វា​វិញ​ទៅ ព្រោះ​វា​នៅក្នុង​ទ្រុង គឺ​មិន​ដូ​​ច​វា​នៅក្នុង​ព្រៃភ្នំ​ដោយ​សេរី​ទេ​»៕