ភ្នំពេញ: បុរស​សង្ស័យ​ជា​ជនជាតិ​ចិនតៃវ៉ាន់​ចំនួន​ ៤ ​នាក់ ​ត្រូវបាន​ព្រះរាជអាជ្ញា​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចោទប្រកាន់​ពីបទ​ «​ដឹកជញ្ជូន ជួញដូរ កែច្នៃ​និង​រក្សាទុក​គ្រឿងញៀន​» ដោយ​បញ្ជូន​ទៅ​ចៅក្រម​ស៊ើបសួរ​បន្តទៀត បន្ទាប់ពី​ឃាត់ខ្លួន​ពាក់ព័ន្ធ​គ្រឿងញៀន និង​សារធាតុ​ផ្សំ​សរុប​ជិត​ ៣ ​តោន​ដែល​មាន​តម្លៃ​ប្រមាណ​ ១០ ​លាន​ដុល្លារ​នៅ​ខេត្ត​ព្រះសីហនុ និង​ភ្នំពេញ​។

លោក គុជ គឹមឡុង អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​ថ្លែង​ពី​ម្សិលមិញ​ថា ជនសង្ស័យ​ ៤ ​នាក់​នេះ ​ត្រូវ​បាន​លោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារង​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​សម្រេច​ចោទប្រកាន់​ពី​បទ​ «​ដឹកជញ្ជូន ជួញដូរ កែច្នៃ និង​រក្សាទុក​គ្រឿងញៀន​ខុសច្បាប់​» តាម​មាត្រា ៤០ និង​មាត្រា​ ៤៨ ​នៃ​ច្បាប់​ស្ដីពី​ការត្រួតពិនិត្យ​គ្រឿងញៀន​។

លោក​បាន​បញ្ជាក់ថា​៖ «​បន្ទាប់ពី​ចោទប្រកាន់​លោក ស៊ិត វណ្ណៈ បាន​បញ្ជូន​ទៅ​ចៅក្រម​ស៊ើបសួរ ដើម្បី​សាកសួរ​បន្ត​តាម​នីតិវិធី​ច្បាប់​»​។

លោក​បាន​ថ្លែង​ទៀតថា​៖ «​ក្រោយពី​បាន​សាកសួរ​ហើយ ចៅក្រម​បានសម្រេច​ឃុំខ្លួន​អ្នក​ទាំង​បួន​នាក់​នោះ​តាម​នីតិវិធី​នៅ​ពន្ធនាគារ​ម​ ១»​។

លោក ឡឹក វណ្ណៈ នាយក​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ថ្លែង​ពី​ម្សិលមិញ​ថា កម្លាំង​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន បាន​ប្រមូល​វត្ថុតាង​កសាង​សំណុំរឿង និង​ជនសង្ស័យ​ជនជាតិ​ចិន​ទាំង​ ៤ ​នាក់ បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី​ ១៤ ខែតុលា ដើម្បី​ចាត់ការ​តាមច្បាប់​ពាក់ព័ន្ធ​គ្រឿងញៀន​ទម្ងន់​ជាង​ ២ ​តោន និង​សារ​ធាតុគីមី​ផ្សំ សម្រាប់​ផលិត​គ្រឿងញៀន ៦០០ ​គីឡូក្រាម​ស្មើនឹង​តម្លៃ ១០ ​លាន​ដុល្លារ ដែល​បង្ក្រាបបាន​នៅក្នុង​ភូមិសាស្ត្រ​ខេត្ត​ព្រះសីហនុ ៣ ​គោលដៅ និង​នៅ​រាជធានី​ភ្នំពេញ ៤ ​គោលដៅ​។

កិច្ចប្រតិបត្តិការ​នេះ មន្ត្រី​ជំនាញ​បាន​សហការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រះវិហារ រាជធានី​ភ្នំពេញ ខេត្ត​ព្រះសីហនុ និង​នាយកដ្ឋាន​ស៊ើបការណ៍​ខាងក្រៅ និង​បច្ចេកទេស ព្រមទាំង​មាន​ការសម្របសម្រួល​ដឹកនាំ​ពី​លោក​ព្រះរាជអាជ្ញា​សាលាដំបូង​រាជធានី​ភ្នំពេញ ខេត្តព្រះវិហារ ខេត្ត​ព្រះសីហនុ​បាន​ដំណើរការ​ស្រាវជ្រាវ បង្ក្រាប​ករណី​ដឹកជញ្ជូន ជួញដូរ​គ្រឿងញៀន​ឆ្លងដែន​ដោយ​ខុសច្បាប់​ពី​ប្រទេស​ឡាវ​ឆ្លង​កាត់​ប្រទេស​កម្ពុជា ហើយ​នាំចេញ​បន្តទៅ​តៃវ៉ាន់​។

ករណី​នេះ​បង្ក្រាប​នៅតាម​គោលដៅ​ផ្សេងៗ​គ្នា​ចាប់ពី​ថ្ងៃទី​ ៧ ខែតុលា​នៅ​​ក្នុង​ភូមិសាស្ត្រ​ខេត្ត​ព្រះសីហនុ ៣ ​គោលដៅ និង​នៅ​រាជធានី​ភ្នំពេញ​ ៤ គោលដៅ​។

លោក វណ្ណៈ ​បញ្ជាក់ថា​៖ «​ករណី​នេះ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​យើង កំពុង​បន្ត​ស្រាវជ្រាវ​រក​បក្ខពួក​ដែល​នៅ​សេសសល់ និង​សហការ​ជាមួយ​សមត្ថកិច្ច​នៃ​ប្រទេស​ពាក់ព័ន្ធ ដើម្បី​ស្រាវជ្រាវ​បង្ក្រាប​ឧក្រិដ្ឋជន​ជា​មេខ្លោង​បន្ថែមទៀត​»​។

ជនសង្ស័យ​ទាំង​ ៤ ​នាក់​ដែល​ជា​បុរស​ចិនតៃវ៉ាន់​ទាំងនេះ ទី​ ១- CHEN CHIH CHIEH ហៅ JACKY (​អ្នកបញ្ជា​ការដឹកជញ្ជូន​) ទី​ ២- Zhan Qi Zhi (​អ្នក​ដឹកជញ្ជូន​) ​ទី​ ៣- YU Yao Tsung (​អ្នក​ដឹកជញ្ជូន​) និង​ទី​ ៤- Chen Pao Jiun (​អ្នក​ដឹកជញ្ជូន​)​។

រីឯ​ជនសង្ស័យ​ម្នាក់ទៀត​ដែល​ក៏​ជា​ចិនតៃវ៉ាន់​ដែរ​នោះ​ឈ្មោះ WU Chi Hsun បាន​កាន់​គ្រឿងញៀន​លួច​សម្រូត​តាម​បង្កាន់ដៃ​អគារ​បាន​ធ្លាក់​បណ្ដាល​ឱ្យស្លាប់​។

បើ​តាម​របាយការណ៍​របស់​មន្ទីរ​ប្រឆាំង​គ្រឿងញៀន វត្ថុតាង​ដែល​ត្រូវ​បាន​រឹបអូស​នៅក្នុង​ការបង្ក្រាប​នេះ​រួមមាន គ្រឿងញៀន​ប្រភេទ​មេតកាទីណូន​ (Methcathinone) ​ចំនួន ៧៦ ​បាវ ស្មើ​ទម្ងន់ ១ ៩០០ ​គីឡូក្រាម មេតំហ្វេតាមីន​ (ICE) ​ទម្ងន់ ៥៩,៩៤ ​ក្រាម មេតំហ្វេតាមីន​ (WY) ​ទម្ងន់ ២,៣៦ ​ក្រាម និង​គ្រឿងញៀន​ប្រភេទ​ផ្សេងៗ​ជាច្រើន​គីឡូក្រាម​ទៀត រួមទាំង​សារធាតុគីមី​សម្រាប់​ផ្សំ​ផលិត​គ្រឿងញៀន ប្រភេទ ភីអឹមខេ​ (​អឹមឌីភីធូភី​) ​មេទីលគ្លីស៊ីដេត PMK (MDP2P)Methyl Glycidate ចំនួន​ ២៤ ​បាវ​ស្មើ​ទម្ងន់ ៦០០ ​គីឡូក្រាម ព្រមទាំង​សម្ភារ​ផ្សេងៗ​ជាច្រើន​ទៀត​៕

វីដេអូ៖