ភ្នំពេញៈ បុរសម្នាក់ត្រូវសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃពុធនេះ បន្ទាប់ពីឃាត់ខ្លួនពាក់ព័ន្ធនឹងអំពើហិង្សាទាត់ក្មេងប្រុសម្នាក់អាយុ ៤ ឆ្នាំរហូតបាក់ឆ្អឹងដងកាំបិតកាលពីថ្ងៃទី ២១ មករានៅភូមិដីថ្មីសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
លោក ហួ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ ប្រាប់កាលពីម្សិលមិញថា បុរសជាជនសង្ស័យដែលទាត់លើក្មេងបណ្តាលឲ្យបាក់ឆ្អឹងដងកាំបិតផ្នែកខាងធ្វេងនោះ ឈ្មោះ ប៉ែន ចាន់ត្រា អាយុ ៣៤ ឆ្នាំ ជាអ្នករត់ម៉ូតូកង់បី។ ចំណែកក្មេងប្រុសរងគ្រោះឈ្មោះ ហ៊េល ទេវា អាយុ ៤ ឆ្នាំ រស់នៅក្នុងភូមិ-សង្កាត់កើតហេតុខាងលើជាមួយជនសង្ស័យដែរ។
លោកប្រាប់ថា៖ «បុរសសង្ស័យសមត្ថកិច្ចខ្ញុំបានឃាត់ខ្លួនគាត់ហើយ ហើយក៏គ្រោងនឹងបញ្ជូនគាត់ទៅតុលាការនៅថ្ងៃស្អែក (ថ្ងៃពុធ) នេះដែរ ដើម្បីឲ្យតុលាការចាត់ការទៅតាមផ្លូវច្បាប់បន្តទៀត»។
ករណីនេះដែរ លោក ដួង វណ្ណៈ នាយនគរបាលប៉ុស្តិ៍សង្កាត់គោកឃ្លាងប្រាប់ឲ្យដឹងដែរថា៖ «បុរសនោះគាត់បានឆ្លើយថាការទាត់នេះដោយសារខឹងក្មេងរងគ្រោះរពឹស ចេះតែបេះនេះបេះនោះធ្វើឲ្យខូចរបស់របរគាត់ (ជនសង្ស័យ)។ ប៉ុន្តែក្មេងរងគ្រោះត្រូវឪពុកម្តាយរបស់គាត់ឲ្យគ្រូពេទ្យព្យាបាលហើយ»។
លោករំឭកប្រាប់ថា ពាក់ព័ន្ធករណីប្រើអំពើហិង្សានេះ មុនឃាត់ខ្លួនជនសង្ស័យគឺមានពលរដ្ឋម្នាក់រស់នៅក្នុងភូមិ-សង្កាត់ខាងលើ បានទូរស័ព្ទរាយការណ៍ប្រាប់សមត្ថកិច្ចរបស់លោក។ បន្ទាប់មកកម្លាំងសមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុហើយបានឃាត់ខ្លួនជនសង្ស័យយកមកប៉ុស្តិ៍នគរបាលគោកឃ្លាងតែម្តង។
ទាក់ទិននឹងការប្រើអំពើហិង្សាលើអនីតិជនរហូតរបួសធ្ងន់បែបនេះ លោកស្រី មេធាវី លឹម ច័ន្ទលីដា បានពន្យល់ថាចំពោះអ្នកប្រព្រឹត្តជាមនុស្សពេញវ័យ គឺខុសច្បាប់ហើយ ហើយជននោះត្រូវប្រឈមមុខចំពោះមុខច្បាប់។ ប៉ុន្តែប្រសិនបើជននោះព្រមសងសំណងទៅឪពុកម្តាយឬអាណាព្យាបាលក្មេងរងគ្រោះហើយបើភាគីរងគ្រោះមិនប្តឹងទៅតុលាការនោះគឺអាស្រ័យលើការសម្រុះសម្រួលគ្នាណាមួយរបស់ពួកគេ។
លោកស្រីបញ្ជាក់ថា៖ «ករណីនេះ បើនិយាយពីផ្លូវច្បាប់គឺជននោះត្រូវប្រឈមចំពោះមុខច្បាប់ ហើយគាត់ត្រូវតែមានទោសទណ្ឌទៅតាមកម្រិតនៃអំពើរបស់គាត់។ ការរស់នៅក្នុងសង្គមខ្មែរយើងប្រជាពលរដ្ឋតែងតែមានមនោសញ្ចេតនារវាងគ្នានឹងគ្នាអាចត្រឹមចេញជាសំណងដើម្បីបញ្ចប់រឿងក៏មាន។ ប៉ុន្តែឧបមាថា រឿងនេះត្រូវបញ្ជូនដល់តុលាការ ហើយខាងឪពុកម្តាយក្មេងរងគ្រោះដកពាក្យបណ្តឹងវិញនោះតុលាការក៏អាចពិចារណារឿងទោសទណ្ឌដែរ»៕
(កែសម្រួល ព្រុំ ភ័ក្ត្រ)