
ជនបង្ហោះដ្រូនត្រូវបានឃាត់ខ្លួននាពេលកន្លងមក។ រូបថត សហការី
ភ្នំពេញៈ បុរសអ្នកទេសចរជនជាតិចិន ២ នាក់ ដែលត្រូវបានកម្លាំងនគរបាលឃាត់ខ្លួនកាលពីព្រលប់ថ្ងៃទី ១៣ ខែមករា ខណៈពេលដែលពួកគេកំពុងតែបង្ហោះយន្តហោះប្រភេទ Drone ដែលបំពាក់កាមេរ៉ាដើម្បីថតចាប់យកទិដ្ឋភាពនានានៅតំបន់ហាមឃាត់នៅក្នុងព្រះបរមរាជវាំង ប៉ុន្តែពួកគេនឹងត្រូវដោះលែងបន្ទាប់ពីសមត្ថកិច្ចបានធ្វើការអប់រំណែនាំ និងធ្វើកិច្ចសន្យារួចរាល់។
លោក ជា ពៅ ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យានៃក្រសួងមហាផ្ទៃថ្លែងប្រាប់កាសែតភ្នំពេញប៉ុស្តិ៍កាលពីម្សិលមិញថាកម្លាំងនគរបាល ប៉ុស្តិ៍ជ័យជំនះឃាត់ខ្លួនជនជាតិចិនទាំង ២ នាក់នោះធ្វើឡើងកាលពីវេលាម៉ោង ១៧ និង ១០ នាទីព្រលប់ថ្ងៃចន្ទ ទី ១៣ ខែមករាឆ្នាំ ២០២០ ត្រង់ចំណុចក្នុងព្រះបរមរាជវាំង ភូមិ ១ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
លោក ពៅ បានថ្លែងឲ្យដឹងថា៖ «យើងមិនមានវិធានការអីទេមានតែវិធានការគ្រប់គ្រង Drone។ យើងធ្វើការណែនាំពួកគាត់ហើយយើងដោះលែង»។
លោក ធន់ កៅនី នាយប៉ុស្តិ៍ជ័យជំនះបានឲ្យដឹងថា ជនសង្ស័យ ២ នាក់នោះ ទី១. ឈ្មោះ CHEN YONG ភេទប្រុស អាយុ ៥១ ឆ្នាំជនជាតិចិន និងទី២. ឈ្មោះ WU MINGQING ភេទប្រុស អាយុ ៤៣ ឆ្នាំ ជនជាតិចិនមុខរបរទេសចរណ៍ស្នាក់នៅសណ្ឋាគារ WHEN THAI នៅសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញបានបង្ហោះឧបករណ៍ដ្រូនបំពាក់ដោយកាមេរ៉ាថតរូបបញ្ជាដោយតេឡេកុម្ម៉ង់ (DRONE) នៅក្នុងព្រះបរមរាជវាំងនៅសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
លោកបានឲ្យដឹងដែរថាកម្លាំងសមត្ថកិច្ចបានរឹបអូសវត្ថុតាងរួមមាន DRONE ម៉ាក dJI ពណ៌ប្រផេះចំនួន ១ គ្រឿង ផលិតនៅប្រទេសចិន ទូរស័ព្ទដៃ iPhone ចំនួន ២ គ្រឿង ថ្មចំនួន ២ ដុំ ម៉ាក dJI ពណ៌ប្រផេះ តេឡេសម្រាប់បញ្ជាចំនួន ១ គ្រឿង ម៉ាក dji ពណ៌ខ្មៅ ១ គ្រឿង កាមេរ៉ាថតរូប ពណ៌ខ្មៅ ១ គ្រឿង ហ្វ្លាស់ថតរូបពណ៌ខ្មៅចំនួន ១។
លោក កៅនី បានឲ្យដឹងថា៖ «មុនពេលឃាត់ខ្លួនពួកគេទាំង ២ នាក់នោះ គឺគាត់ ២ នាក់បានចូលទស្សនានៅក្នុងព្រះបរមរាជវាំង ហើយក៏បើកកាបូបយកយន្តហោះប្រភេទ DRONE បង្ហោះនៅក្នុងបរិវេណវាំងដើម្បីថតចាប់យកពីរូបភាព និងទិដ្ឋភាពនានានៅក្នុងវាំងតែម្តងក៏ត្រូវបានកម្លាំងសមត្ថកិច្ចប្រចាំការក្នុងព្រះបរមរាជវាំងឃាត់ខ្លួននាំមកកាន់ប៉ុស្តិ៍រដ្ឋបាលជ័យជំនះ។ គាត់បានប្រាប់ថាគាត់អត់ដឹងគេមិនឲ្យបង្ហោះ DRONE ហើយគាត់មិនបានឃើញស្លាកសញ្ញាមិនឲ្យបង្ហោះ DRONE ផងដែរ»។
កាលពីថ្ងៃទី ១១ ខែមេសា ឆ្នាំ ២០១៩ វេលាម៉ោង ១៨:៣០ នាទី ប៉ុស្តិ៍នគរបាលជ័យជំនះធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទបង្ហោះឧបករណ៍ដ្រូនបំពាក់ដោយកាមេរ៉ាថតរូប បញ្ជាដោយតេឡេកុម្ម៉ង់ (DRONE) នៅត្រង់ចំណុចលើសួនច្បារ ព្រះបរមរាជវាំង ផ្លូវស៊ីសុវត្ថិ ភូមិ ១ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ជនសង្ស័យមានឈ្មោះ Lin YANHE ភេទប្រុស អាយុ 33 ឆ្នាំ ជនជាតិចិន អ្នកទេសចរស្នាក់នៅសណ្ឋាគារ City came food ស្ថិតនៅសង្កាត់បឹងព្រលិត ខណ្ឌ ៧ មករា រាជធានីភ្នំពេញ។ ក្នុងនោះវត្តុតាងចាប់យកមាន ដ្រូនចំនួន ១ ម៉ាក dJI ពណ៌ស ចំនួន ១ គ្រឿង ផលិតនៅប្រទេសចិន ទូរស័ព្ទដៃចំនួន ១ គ្រឿង iPhone7 ពណ៌ក្រហម ១ គ្រឿង ថ្មចំនួន ១ ដុំ តេឡេសម្រាប់បញ្ជាចំនួន ១ គ្រឿងម៉ាក dji ពណ៌ស ១ គ្រឿង។
កាលពីខែកុម្ភៈ ឆ្នាំ ២០១៥ សាលារាជធានីភ្នំពេញបានចេញលិខិតហាមប្រាមការប្រើប្រាស់ម៉ាស៊ីនថតរូប និងវីដេអូស្វ័យប្រវត្តិបំពាក់លើយន្តហោះបញ្ជា Drone ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ព្រោះការថតពីលើអាកាសដោយគ្មានការអនុញ្ញាតនេះ វាធ្វើឲ្យប៉ះពាល់ដល់សន្តិសុខសណ្តាប់ធ្នាប់ខ្លាចមានករណីភេរវកម្ម និងប៉ះពាល់ដល់សិទ្ធិសេរីភាពបុគ្គលឯកជន និងស្ថាប័នកំពូលរបស់ជាតិ៕