
លោក នី ណាក់ ពេលនាំមកសាលាដំបូងរាជធានីពីថ្ងៃទី ១២ ធ្នូ។ រូបថត ប៉ូលិស
ភ្នំពេញៈ សាលាដំបូងរាជធានីភ្នំពេញបង្គាប់ឱ្យភ្នាក់ងារកម្លាំងសាធារណៈ ឃុំខ្លួនជនត្រូវចោទឈ្មោះ នី ណាក់ ភេទប្រុស ៤១ ឆ្នាំ ជនជាតិខ្មែរនៅមណ្ឌលអប់រំកែប្រែទី១ (ម១) កាលពីថ្ងៃសៅរ៍ពីបទជេរប្រមាថជាសាធារណៈ និងញុះញង់ឱ្យមានការរើសអើង ដោយបង្គាប់មន្ត្រីសមត្ថកិច្ចអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ ក្រោយពីបុរសនេះបញ្ចេញសារឌឺដងរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ។
បើយោងតាមដីកាបង្គាប់ឱ្យឃុំខ្លួនដែលចុះហត្ថលេខា ដោយលោក ហុង សុគុណ វឌ្ឍនា ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី ១២ ធ្នូ ប្រាប់ទៅប្រធានពន្ធនាគារកែប្រែទី១ (ម១) ទទួល និងឃុំខ្លួនជននេះ រហូតដល់មានបទបញ្ជាថ្មីសម្រេចផ្សេងពីនេះ។ លោកចៅក្រមក៏បង្គាប់ឱ្យភ្នាក់ងារនៃកម្លាំងសាធារណៈទាំងអស់សហការអនុវត្តឱ្យបានល្អ នៅពេលដីកានេះត្រូវបានបង្ហាញក្នុងករណីចាំបាច់។
បើតាមដីកាបង្គាប់ បុរសឈ្មោះ នី ណាក់ អាយុ ៤១ ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរសាច់ក្រកតាមអនឡាញមានទីកន្លែងកំណើតនៅឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង និងមានទីលំនៅបច្ចុប្បន្ន ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវ ៨BT ក្រុមទី ២ ភូមិសន្សំកុសល ១ សង្កាត់បឹងទំពុនទី ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ជននេះត្រូវបានដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យពីបទជេរប្រមាថជាសាធារណៈ និងញុះញង់ឱ្យមានការរើសអើង ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ៧ ខែ ធ្នូ ឆ្នាំ ២០២០ តាមបទប្បញ្ញត្តិមាត្រា ៣០៧ មាត្រា ៤៩៤ និងមាត្រា ៤៩៦ នៃក្រមព្រហ្មទណ្ឌ។
តុលាការបង្គាប់ឱ្យមានការឃុំខ្លួនបណ្តោះអាសន្នបុរសឈ្មោះ នី ណាក់ បន្ទាប់ពីជននេះបានសរសេរនៅលើបណ្តាញសង្គមហ្វេសប៊ុកផេចឈ្មោះ IMan-KH ដៀមដាម និងឌឺដងដល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ចេញម៉ាស់ និង ត្រៀមលិខិតក្នុងការដាក់ប្រទេសក្នុងគ្រាអាសន្ន សំដៅដល់យុទ្ធនាការប្រយុទ្ធប្រឆាំងទៅនឹងជំងឺកូវីដ១៩ នៅក្នុងប្រទេស។
ហ្វេសប៊ុកផេចឈ្មោះ IMan-KH ដែលកាន់កាប់ដោយបុគ្គល ឈ្មោះ នី ណាក់ សរសេរថា៖ «ខ្ញុំបានត្រៀម ឬព្រៀងលិខិត និងឯកសាររួចរាល់អស់ហើយ ក្នុងការស្នើដាក់ទ្រុងមាន់របស់ខ្ញុំក្នុងភាពអាសន្ន។ ព្រោះមូលហេតុ មានមេរោគផ្តាសាយរលាកផ្លូវដង្ហើមកំពុងតែរាតត្បាតក្នុងកសិដ្ឋាន។ ខ្ញុំមិនចង់គិតដល់ចំណុចនេះទេ ព្រោះវាធ្វើឱ្យខូចខាតសេដ្ឋកិច្ចរបស់កូនមាន់យ៉ាងធ្ងន់ធ្ងរ»។
ហ្វេសប៊ុកនោះថា៖ «ខ្ញុំសង្ឃឹមថា កូនមាន់នឹងចេះពាក់ម៉ាស់គ្រប់គ្នាហើយដេកនៅក្នុងទ្រុង កុំចេញក្រៅ ឱ្យសោះបើគ្មានការចាំបាច់»។
លោក ឡៅ ម៉ុងហៃ អ្នកវិភាគនយោបាយពីម្សិលមិញបានស្នើដល់សាលាដំបូងរាជធានីភ្នំពេញប្រគល់សេរីភាពឱ្យលោក នី ណាក់ វិញ។ លោកថា ការបកស្រាយ និង យកបទជេរប្រមាថជាសាធារណ: និងបទញុះញង់ឱ្យមានការរើសអើងទៅចោទប្រកាន់គាត់ គឺមិនត្រឹមត្រូវ តាមការបកស្រាយតឹងរ៉ឹងក្នុងរឿងព្រហ្មទណ្ឌ ដូចមានចែងក្នុងមាត្រា ៥ នៃក្រមព្រហ្មទណ្ឌទេ។
លោកថ្លែងថា៖ «ក្នុងរឿងព្រហ្មទណ្ឌច្បាប់ត្រូវបកស្រាយយ៉ាងតឹងរ៉ឹង។ ចៅក្រមមិនអាចពង្រីកវិសាលភាពអនុវត្ត ឬប្រព្រឹត្តតាមសទិសភាព [គឺភាពស្របគ្នា ភាពស្រដៀងគ្នា] បានឡើយ»។
លោកថា៖ «អំពើយកម៉ាស់ពាក់ ឱ្យកូនមាន់របស់ នី ណាក់ គ្រាន់តែជាការកំប្លែងឌឺដង ដែលនៅក្នុងប្រទេសប្រជាធិបតេយ្យសេរី ពហុបក្ស ធានាសិទ្ធិមនុស្ស គោរពច្បាប់ គេមិនចាត់ទុកជាបទល្មើសព្រហ្មទណ្ឌទេ។ ក្រមព្រហ្មទណ្ឌខ្មែរក៏មិនបានចាត់ទុកថាការកំប្លែងឌឺដងនេះ ជាបទល្មើសព្រហ្មទណ្ឌដែរទេ»។
ករណីនេះលោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុតិ្តធម៌បញ្ជាក់ថា ការចោទបុគ្គល នី ណាក់ ពីបទជេរប្រមាថជាសាធារណៈ និងញុះញង់ឱ្យមានការរើសអើងនេះ តុលាការរាជធានីភ្នំពេញមានមូលដ្ឋានច្បាស់លាស់ចំពោះការប្រព្រឹត្ត។
លោកថ្លែងថា៖ «ចំពោះថាការចោទហ្នឹងហួសហេតុ ឬមិនហួសហេតុ ជាគោលការណ៍ច្បាប់គឺគេមើលទៅលើសកម្មភាព ថាសកម្មភាពហ្នឹងអំពើប្រព្រឹត្តហ្នឹង វាមានធាតុផ្សំក្នុងការបង្កើតបានជាបទល្មើស ឬក៏មិនមាន»។
លោក ម៉ាលីន បន្តថា៖ «អ៊ីចឹងទេ! ខាងសមត្ថកិច្ច និងខាងតំណាងអយ្យការមានមូលដ្ឋានរឹងមាំច្បាស់លាស់បញ្ជាក់ថាសកម្មភាពហ្នឹង បង្កើតបានឱ្យទៅជាបទល្មើស និងបទចោទហ្នឹងទៅតាមមាត្រាដែលត្រូវបង្ហាញហ្នឹង»៕