ភ្នំពេញៈ សា​លា​ដំបូង​រាជ​ធា​នី​ភ្នំ​ពេញ​បាន​សម្រេច​ផ្តន្ទា​ទោស​បុរស​​​ជាតិ​ស្លូ​វ៉ា​គី​ម្នាក់​ឲ្យជាប់​ពន្ធនា​គារ​​ ២​ ឆ្នាំ​និង​​ឲ្យ​សង​សំ​ណង​ ៣​៦ ​ម៉ឺន​ដុល្លារ​ទៅ​ដើម​បណ្ដឹង​គឺ​លោក​ស្រី​ ឃឹម ​រ៉ា​នី​ ជាភ​រិយា ​លោក​ កៅ ​គឹម​ហួន​ ម្ចាស់​ស្ថានីយ​ទូរទស្សន៍​អា​ស៊ី​អា​គ្នេយ៍​ បន្ទាប់​ពី​បើក​សវនាការ​​កាល​ពី​ថ្ងៃ​ទី​ ១​១ ខែ​ មីនា ​​​ពាក់​ព័ន្ធ​នឹងបទ​ឆ​បោក​ប្រាក់​ប្រ​ព្រឹត្ត​ចាប់ពី​​​ឆ្នាំ​ ២​០​១​៦​ ដល់​ឆ្នាំ ២​០​១​៧ ​នៅរា​ជធានី​ភ្នំពេញ។

នៅ​ក្នុង​បន្ទប់​សវនាការ​កាល​ពី​ថ្ងៃអង្គារ​ នៅ​ចំពោះ​មុខ​ជន​ជាប់​ចោទ​និង​មេ​ធា​វី​ការពារ​ជន​ជាប់​ចោទ​ ​លោក​ចៅ​ក្រម ​រស់ ​ពិសិដ្ឋ ​បាន​អាន​សាល​ក្រម​ថា ​សំ​​ណុំ​រឿង​ឆ​បោក​ប្រាក់​ដែល​មាន​ជន​ជាប់​ចោទ​ឈ្មោះ​ C​o​k​o​v​i​c​D​e​n​i​s​អា​យុ​ ៥​៤​ ឆ្នាំ​ ​ក្រោយ​ពី​បាន​ស្តាប់ ចម្លើយ​​របស់​ជន​ជាប់​ចោទ​និង​ក្រោយ​ពី​បាន​ស្តាប់​ការ​សន្និដ្ឋាន​​របស់​មេ​ធា​វី​​ការពារ​សិទ្ធិ​ឲ្យ​ជន​ជាប់​ចោទ​មក ​តុលា​ការ​បាន​សម្រេច​ថា​​ ជន​ជាប់​ចោទ​ ឈ្មោះ ​C​o​k​o​v​i​c​​ D​e​n​i​s​ ត្រូវ​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​ ២​ ឆ្នាំ​ និង​ត្រូវ​សង​សំ​ណង​ទៅ​ដើម​បណ្តឹង ​៣​៦ ម៉ឺន​ដុល្លារ ​និង​សង​ជំ​ងឺ​ចិត្ត​ឲ្យ​ដើម​បណ្តឹង ​១​០​ លាន​រៀល​ទៀត។

លោ​ក​​ចៅ​ក្រមប្រាប់​ជន​ជាប់​ចោទ​ថា​​៖​ «​រឿង​នេះ​ប្រ​សិន​បើជន​ជាប់​ចោទ​មិន​សុខ​ចិត្ត​គឺ​អាច​ប្តឹង​បន្ត​ទៅ​សា​លា​ឧទ្ធរណ៍បា​ន គិត​ចាប់​ពី​ថ្ងៃ​ប្រកាស​​សាល​ក្រម​នេះ​រយៈ​ពេល​ ១​ ខែ»។

ទោះ​យ៉ាង​ណា​ ជន​ជាប់​ចោទ​បាន​ប្រាប់​នៅ​ក្រៅ​បន្ទប់​សវនាការ​ថា ​ការ​ផ្តន្ទា​ទោស​លើ​​រូប​លោកបែបនេះគឺ​ជា​រឿង​អយុត្តិធម៌​ព្រោះ​លោក​មិន​បាន​ប្រ​​ព្រឹត្ត​ដូច​ការ​ចោទ​ប្រ​កាន់​ទេ។

លោ​ក​​ C​o​k​o​v​i​c ​D​e​n​​i​s បានថ្លែង​ថា​៖​ «​ខ្ញុំ​​នឹង​ប្តឹង​ទៅ​សា​លា​ឧទ្ធរណ៍​បន្ត​ទៀត​ ព្រោះ​បើ​ខ្ញុំ​មិន​ប្តឹង​បាន​ន័យ​ថា​ខ្ញុំ​បាន​ប្រ​​ព្រឹត្ត​ហើយ​»​។​

ចំ​ណែក​ឯ​លោក ​គង់​ សំ​អុន​ មេ​​ធាវី​ការពារសិទ្ធិ​ឲ្យ​លោក ​C​o​k​o​v​i​c ​​D​e​n​i​s​ បាន​ប្រាប់​ភ្នំ​ពេញ​ប៉ុស្តិ៍​នៅ​ក្រៅ​បន្ទប់​សវនាការ​​ដែរ​ថា​ កូន​ក្តី​របស់​លោក​បាន​ជាប់​​ឃុំ​បាន ​១៩ ​ខែ​ហើយ​ ហើយ​តុលាការ​​ដាក់ទោស​គាត់ ​២ ​ឆ្នាំ​ ដូច្នេះ​នៅ​សល់​តែ​ ២ ​ខែ​ទៀត​​ទេ​ គាត់​ត្រូវ​ចេញពី​​ពន្ធនាគារ​ហើយ។

លោក​បញ្ជាក់​ប្រាប់​ថា​៖ ​«​ចំពោះ​តុលាការ​បង្គាប់​ឲ្យ​កូន​ក្តី​ខ្ញុំ​សង​ជំងឺ​​ចិត្តទៅ​ដើម​បណ្តឹង​ ១​០ ​លាន​រៀល​នោះ​ប្រសិន​បើ​យើង​មិន​ប្តឹង​ទៅ​សា​លាឧទ្ធរណ៍​គឺ​បាន​ន័យ​ថា​ យើង​ទ​ទួល​សង​គេ​ហើយ​។ ​យ៉ាង​ណា​ចាំ​ខ្ញុំ​ពិភាក្សា​ជាមួយ​កូន​ក្តី​ខ្ញុំ​សិន»។

ជនជាប់ចោទបញ្ជាក់ថា ពេលសវនាការ​គាត់​បាន​និ​យាយ​ថា​ នៅ​អំ​ឡុង​ឆ្នាំ​ ២​០​១​៦​ គាត់​បាន​ស្គាល់​លោក​ កៅ​ គឹម​ហួន​ ហើយ​បង្កើត​ក្រុម​ហ៊ុនរី​សត​នៅ​ខេត្ត​សៀម​រាប​ ខេត្ត​កែប​ និង​ខេត្ត​កំពត ដោយ​ប្រើ​ប្រាស់ប្រាក់​ទុន​ជាង​ ២​៣ ​លាន​ដុល្លារ​។​ក្នុង​នោះ​លោក​កៅ​ គឹមហួន​ មាន​តួនាទី​ជា​អ្នក​រត់​ការ​ឯកសារ​នា​នា​​ដើម្បី​អនុវត្ត​គម្រោង​ដោយ​ក្រុមហ៊ុន​នេះ​មាន​ទី​តាំង​នៅ​ក្រុង​បាងកក​ប្រទេស​ថៃ​ផង។

ជន​ជាប់​ចោទ​បាន​បន្តថា ​ដោយសារ​លោក​ កៅ​ គឹម​ហួន​ ជា​អ្នក​រត់​ការឯកសារ​នោះគាត់ [កៅ គឹមហួន ] បាន​ទាម​ទារ​ប្រាក់​ពី​ខ្លួន​ម្ដង​ៗ ៥​០ ​ម៉ឺន​​ដុល្លារ ​ហើយភាគីដើមបណ្តឹង​បាន​ជំ​រុញ​ឲ្យ​​គាត់ (​C​o​k​o​v​i​c ​D​e​n​​i​s​) ចេញ​សែក​ពី​ក្រុម​ហ៊ុន​នៅ​ក្រុងបាង​កក​ចំនួន​ ១​០​ សន្លឹក​មាន​ទឹក​ប្រាក់ចំ​នួន​ ៥​៩​ លាន​ដុល្លារ​មក​ឲ្យ​លោក​ កៅ ​គឹម​​ ហួន​។ ប៉ុន្តែ​ចំពោះ​ខ្លួន​គាត់ ​(C​o​k​o​v​i​c ​D​e​n​i​s​) ​មិន​ទាន់​បាន​​ចំណាយ​ប្រាក់​ទេ​​ ដោយ​សារ​គម្រោង​ និង​ឯកសារ​ទាំង​ឡាយ​មិន​ទាន់​ធ្វើរួច។

ប៉ុន្តែ​បើ​តាម​កំណត់​ហេតុ​តុលា​ការ បានបង្ហាញថា ក្រោយ​ពេល​មាន​​ការ​ឯកភាព​គ្នា​ពី​គម្រោង​បង្កើត​រីសត លោក C​o​k​o​v​i​c ​D​e​n​​is​​ បាន​ខ្ចី​ប្រាក់​សុទ្ធ​ពី​លោក ​កៅ​ គឹមហួន​ ជា​បន្ត​បន្ទាប់ ​រហូត​ដល់​ជាង​ ២៧ ​លាន​ដុល្លារ រួម​ទាំង​ការ​ទិញ​រថយន្ត​ទំនើបៗ​ BMW រថ​យន្ត​ឡិច​ស៊ីស​ ៥៧០ ​យក​មក​ប្រើប្រាស់​មុនផង​ ទើប​ឈ្មោះ ​Cok​o​v​ic ​D​e​n​​i​s ​បាន​ចេញ​សែក​ចំនួន ​១០ ​សន្លឹក​ មាន​ទឹក​ប្រាក់​ ៥៩​ លាន​ដុល្លារ តែ​សែក​នោះ​គ្មាន​លុយ​ ទើប​លោក​ស្រី​ ឃឹម រ៉ានី សម្រេច​ដាក់​ពាក្យ​បណ្ដឹង​តែម្ដង៕