ភ្នំពេញៈ បុរស​បើកឡាន​ឱ្យ​ជនដៃដល់​ក្នុង​អំពើ​ឃាតកម្ម​មួយ​ត្រូវ​បាន​តុលាការ​សម្រេច​ឃុំខ្លួន ដោយ​ចោទប្រកាន់​ ២ ​ករណី​ក្នុង​បទ ​«​សមគំនិត​ក្នុង​អំពើ​ឃាតកម្ម និង​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​» ​ក្រោយ​ឃាត់ខ្លួន​ពាក់ព័ន្ធ​សំណុំរឿង​បាញ់សម្លាប់​មន្ត្រីនគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ដែល​ផ្តើមចេញពី​ទំនាស់​ពាក្យសម្តី​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​។

ការឃុំខ្លួន​នេះ​ក្រោយពី​បុរស​ជនជាប់ចោទ​ជា​អ្នកបើករថយន្ត​ឱ្យ​ជនដៃដល់​បាញ់សម្លាប់​មន្ត្រី​នគរបាល​ដែល​ជា​នាយរង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ឈ្មោះ​ រ៉េត ស៊ីណែត ហៅ​ ញ៉ក់ កាលពី​យប់​ថ្ងៃទី​ ២៩ ធ្នូ ឆ្នាំ​ ២០២០ នៅ​ខណ្ឌ​ពោធិ៍សែនជ័យ​ត្រូវ​បាន​ចាប់ខ្លួន​កាលពី​ថ្ងៃទី​ ៤ មករា​។

លោក​ គុជ គឹមឡុង អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ឱ្យដឹង​ពី​ថ្ងៃ​ទី​ ៩ ​មករា ថា ជនជាប់ចោទ​ឈ្មោះ​ កែ ចាន់ មាន​ត្រូវបាន​លោក​ លី សុខា ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ចេញ​ដីកា​សម្រេច​ឃុំខ្លួន​នៅ​ពន្ធនាគារ​ព្រៃស​បណ្តោះអាសន្ន​នៅ​ថ្ងៃទី​ ៨ ខែ​មករា​។

លោក​ គុជ គឹមឡុង បញ្ជាក់ថា​៖ «​លោក​ព្រះរាជអាជ្ញារង ឆាយ ហុង បាន​ចោទប្រកាន់ ២ ​បទល្មើស ទី​១- ​សមគំនិត​ក្នុង​អំពើ​ឃាតកម្ម​» និង​ទី​២- ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ហើយ​ឥឡូវនេះ​ (​ថ្ងៃទី​ ៨ មករា​) ​លោក​ចៅក្រម​ស៊ើបសួរ​បាន​សម្រេច​ឃុំខ្លួន​ហើយ​»​។

លោក ស ថេត ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ពី​ម្សិលមិញ​មិនអាច​ទាក់ទង​សុំ​ការបញ្ជាក់​ជុំវិញ​ករណី​នេះ​បានទេ ដោយ​ទូរស័ព្ទ​លោក​គ្មាន​អ្នកទទួល​។

លោក​ ង៉េង ជួ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ថ្លែងថា ជនសង្ស័យ​ម្នាក់​ដែល​ពាក់ព័ន្ធ​ក្នុង​សំណុំ​រឿងនេះ​ត្រូវបាន​តុលាការ​សម្រេច​ឃុំខ្លួន​រួចរាល់​ហើយ​។ ចំណែក​ជនសង្ស័យ​ម្នាក់ទៀត​សមត្ថកិច្ច​ជំនាញ​កំពុង​ធ្វើ​ការងារ​បន្ដទៀត​។

លោក​ថា​៖ «​ចំពោះ​ករណី​ជនសង្ស័យ​ដែល​កំពុង​រត់គេចខ្លួន​នោះ គឺ​យើង​កំពុង​ធ្វើការងារ​យ៉ាង​យកចិត្ត​ទុកដាក់ ប៉ុន្ដែ​ក្នុង​ស្ថានភាព​នេះ​ខ្ញុំ​មិនទាន់​អាច​អត្ថាធិប្បាយ​អ្វី​បន្ថែម​ឱ្យ​ច្រើន​ជាង​នេះ​ទៀត​ទេ គឺ​មន្ត្រី​ជំនាញ​យើង​កំពុងធ្វើការ​»​។

តាម​របាយការណ៍​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​ឱ្យដឹង​កាលពី​ថ្ងៃទី​ ៤ មករា ថា សមត្ថកិច្ច​នគរបាល​ខេត្ត​បាត់ដំបង​សហការ​ជាមួយ​សមត្ថកិច្ច​នគរបាល​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួង​មហាផ្ទៃ និង​សមត្ថកិច្ច​នគរបាល​រាជធានី-ភ្នំពេញ​ឃាត់ខ្លួន​បុរស​ កែ ចាន់​។

បើតាម​របាយការណ៍​ជន​នេះ​មិនមាន​មុខរបរ​ពិតប្រាកដ​មាន​ទីលំនៅ​ភូមិ​អន្លង់វិល ឃុំ​អន្សា ស្រុក​កណ្តៀង ខេត្តពោធិ៍សាត់ គឺជា​អ្នកបើករថយន្ត Luxus Rx300 ពណ៌​ខ្មៅ​ដឹក​ជនដៃដល់​ឈ្មោះ អ៊ា ណារ៉េន​។ កែ ចាន់ បាន​រត់គេច​ទៅសម្ងំ​លាក់ខ្លួន​នៅ​សង្កាត់​ទួលតាឯក ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង​។ ក្រោយ​ធ្វើការ​ឃាត់ខ្លួន​សមត្ថកិច្ច​នគរបាល​ខេត្តបាត់ដំបង​បាន​ប្រគល់​ជូន​សមត្ថកិច្ច​នគរបាល​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួង​មហាផ្ទៃ និង​សមត្ថកិច្ច​រាជធានី​ភ្នំពេញ ដើម្បី​បន្ត​នីតិវិធី​ច្បាប់​៕