ភ្នំពេញៈ បុរស​ម្នាក់​ត្រូវ​បាន​នគរបាល​ក្រសួង​មហាផ្ទៃ​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃ​ម្សិលមិញ បន្ទាប់ពី​ឃាត់​ខ្លួន​កាលពី​ថ្ងៃទី​ ១៥ ខែ​មិថុនា​ពាក់ព័ន្ធ​នឹង​​រឿង​ប្រើ​ហិង្សា​លើ​កុមារា​កូនប្រុស​បង្កើត​របស់​ខ្លួន​។

លោក លៅ លីន នាយការិយាល័យ​ការពារ​អនីតិជន​នៃ​ក្រសួង​មហាផ្ទៃ​បាន​ឲ្យ​ដឹង​ថា បុរស​ដែល​វាយ​កូនប្រុស​បង្កើត​នោះ​ឈ្មោះ ហ៊ិន សុផាន់ណា អាយុ​ ៣៩ ​ឆ្នាំ រីឯ​កុមារា​រងគ្រោះ​ឈ្មោះ ហ.ឡ.ថ. អាយុ​ ៦ ​ឆ្នាំ​។ ​ការឃាត់​ខ្លួន​នេះ​បាន​ធ្វើ​ឡើង​​តាម​បណ្តឹង​ម្តាយមីង​របស់​​កុមារា​រងគ្រោះ​។

លោក​ប្រាប់​បន្ត​ថា​បុរស​សង្ស័យ​ត្រូវ​សមត្ថកិច្ច​សហការ​ជាមួយ​អង្គការ​សង្គ្រោះ​កុមារ​ឈ្មោះ​ CPU ចុះ​ស្រាវជ្រាវ​ និង​ឃាត់ខ្លួន​នៅ​ក្នុង​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី​ ១៥ ​ខែ​មិថុនា​ថ្មីៗ​នេះ​។

លោក​បញ្ជាក់​ថា​៖ «​ឥឡូវ​នេះ​ខ្ញុំ​មាន​បេសកកម្ម​នៅ​ខេត្ត ប៉ុន្តែ​ខ្ញុំ​គ្រាន់​តែ​ដឹងថា សំណុំ​រឿង​នេះ​ទើប​បញ្ជូន​ទៅ​តុលាការ​នៅ​ថ្ងៃ​នេះ​ (​ថ្ងៃ​អាទិត្យ​) ​ទេ​។ ​បើ​តាម​ការពិនិត្យ​របស់​ប៉ូលិស​ជំនាញ​ឃើញ​ថា​ក្មេង​នោះ​មាន​ស្នាមរបួស​នៅ​ជើង និង​ដង​ខ្លួន​។ ​ប៉ុន្តែ​លទ្ធផល​បន្ថែម​នៅ​ចាំ​ខាង​គ្រូពេទ្យ​ទៀត​ព្រោះ​យើង​ទើប​យក​ក្មេង​ទៅ​ពេទ្យ​ដែរ​»​។

លោក​ប្រាប់​ថា​បន្ទាប់ពី​ឃាត់​ខ្លួន​ជនសង្ស័យ​បាន​សារភាព​ថា​គាត់​ធ្លាប់​ជាប់​ពន្ធនាគារ​ ៤ ​ឆ្នាំ​ពាក់ព័ន្ធ​ករណី​ប្លន់ និង​ធ្លាប់​ជាប់​ពន្ធនាគារ​ ១ ​ឆ្នាំ ករណី​គ្រឿងញៀន​។

លោក​បាន​រំឭក​ប្រាប់​ថា​ការផ្តើម​ឲ្យ​មាន​ការ​ឃាត់​ខ្លួន​នេះ​ដោយសារ​មាន​ការ​បង្ហោះ​ក្នុង​ឃ្លីប​វីដេអូ​ និង​ចែកចាយ​បន្ត​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក និង​បណ្ដឹង​ពី​ម្ដាយមីង​ក្មេង​រងគ្រោះ​។

បើ​តាម​លោក លៅ លីន ជនសង្ស័យ​មិនមែន​វាយ​ធ្វើ​បាប​កូន​តែ​ម្នាក់​ទេ ប៉ុន្តែ​កូនប្រុស​ច្បង​របស់​កុមារា​រងគ្រោះ​អាយុ​ ១៥ ​ឆ្នាំ ឈ្មោះ ហេង រិទ្ធី ក៏​ធ្លាប់​ត្រូវ​បាន​បុរស​នោះ​ធ្វើ​ទារុណកម្ម​​ខ្លាំង​លើស​ប្អូន​ទៅ​ទៀត​។

តាម​របាយការណ៍​របស់​នាយកដ្ឋាន​ប្រឆាំង​ការជួញដូរ​ និង​ការពារ​អនីតិជន​បង្ហាញ​ថា​ស្ត្រី​ជា​ម្តាយមីង​ក្មេង​រងគ្រោះ​បាន​ឃើញ​ជនដៃដល់​យក​ជើង​ទាត់​ក្មួយ​គាត់​ហើយ​ដោយ​ឈឺ​ពេក​គេ​ក៏​យំ​ខ្លាំង និង​លើក​ដៃ​សំពះ​ឪពុក​ដោយ​អង្វរ​ថា​៖ «​ប៉ា ខ្ញុំ​ឈប់​ហើយ ប៉ា ខ្ញុំ​លែង​ហ៊ាន​ហើយ​»​។ បន្ទាប់​មក​គាត់​បាន​និយាយ​ជាមួយ​ក្មួយ​ឈ្មោះ ហេង រិទ្ធី ថា​នឹង​យក​ទូរស័ព្ទ​ថត​បង្ហោះ​ឲ្យ​ល្បី​ម្តង ប៉ុន្ដែ​ជនដៃដល់​នៅ​បន្ត​វាយ​កូន​នឹង​តម្ពក់​ខោអាវ ហើយ​ទាត់​ ១ ​ជើង​ទៀត​រួច​ចាប់​ជើង​ទាំង​ ២ ​ឡើង​លើ​បម្រុង​គ្រវី​បោក​។ ក្រោយ​មក​ខ្លួន​ឃើញ​ក្មួយ​អង្គុយ​ត្របោម​ក្បាល​ជង្គង់​ម្នាក់ឯង​ជាង​ ១ ​ម៉ោង​។

តាម​ការបំភ្លឺ​ពី​កុមារា​រងគ្រោះ​ថា​នៅ​ថ្ងៃ​កើត​ហេតុ​ម្តាយ​បាន​ឲ្យ​ខ្លួន​ទៅ​លក់​នំ​នៅ​មុខ​ផ្ទះ​ជាមួយ​បង រួច​ខ្លួន​បាន​កាន់​លុយ​ ២៥០០ ​រៀល​យក​ទៅ​ឲ្យ​ម្តាយ​នៅក្នុង​ផ្ទះ​ក៏​ជ្រុះ​លុយ​ក្បែរ​ទូ​លក់​ទូរស័ព្ទ​ម្ដាយមីង​។ ​ពេល​នោះ​ឪពុក​បាន​ឃើញ​លុយ​ជ្រុះ​ក៏​ឲ្យ​ខ្លួន​រើស​យក​ទៅ​ឲ្យ​ម្តាយ និង​បាន​សួរ​ខ្លួន​ថា​លួច​លុយ​អត់​? ខ្លួន​ថា​មិន​លួច​លុយ​ទេ ភ្លាម​នោះ​ឪពុក​ក៏​ជេរ និង​វាយ​ធ្វើបាប​ទៅ​។

តាម​ហ្វេសប៊ុក​អង្គការ ​CPU ​ថា​ការ​ចាប់ខ្លួន​នេះ​ធ្វើ​ឡើង​បន្ទាប់ពី​មាន​ការ​ចែកចាយ​ឃ្លីប​វីដេអូ​ពី​សកម្មភាព​វាយដំ​ទៅ​លើ​កុមារា​អាយុ​ ៦ ​ឆ្នាំ​នោះ​ទើប​ខាង​អង្គការ​សហការ​ជាមួយ​​ក្រសួង​មហាផ្ទៃ​ឈាន​ទៅ​ឃាត់ខ្លួន​ជនសង្ស័យ​តែ​ម្តង​៕