ភ្នំពេញៈ សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃ​អង្គារ​បាន​ប្រកាស​សាលក្រម​ផ្តន្ទាទោស​ជនជាប់ចោទ​ម្នាក់​ឲ្យ​ជាប់​ពន្ធនាគារ​អស់​ ១ ​ជីវិត បន្ទាប់ពី​បើកសវនាការ​កាលពី​ថ្ងៃ​ទី​ ១៣ ​វិច្ឆិកា​ ពាក់ព័ន្ធ​នឹង​ករណី​ចាក់​សម្លាប់​បុរស​ម្នាក់​ដើម្បី​ប្លន់​យក​ម៉ូត​នៅផ្ទះ​សំណាក់​ក្នុង​ភូមិ​ឫស្សី​ ២ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី​ ២៧ ខែ​មករា ឆ្នាំនេះ​។

លោក អ៊ី រិន្ទ អ្នកនាំពាក្យ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​​ប្រាប់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​បន្ទាប់ពី​ប្រកាស​សាលក្រម​ថា ជន​ជាប់​​ចោទ​ឈ្មោះ សាន់ ទង ហៅ ធី អាយុ ២៥ ​ឆ្នាំ​ ដែល​ជាប់ចោទ​ពី​បទ​ឃាតកម្ម​ត្រូវបាន​លោកស្រី ចៅក្រម ស៊ លីនណា ជា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​ប្រកាស​​សាលក្រម​នៅ​ចំពោះ​មុខ​ជនជាប់ចោទ​ថា ក្រោយពី​បាន​សួរដេញដោល និង​ក្រោយពី​បាន​ស្តាប់​ការសន្និដ្ឋាន​របស់​មេធាវី​ការពារ​សិទ្ធិ​ឲ្យ​ជនជាប់ចោទ​មក​តុលាការ​សម្រេច​ផ្តន្ទាទោស​ឲ្យ​ជាប់ពន្ធនាគារ​អស់​ ១ ​ជីវិត​។

លោក​បាន​បញ្ជាក់ថា៖ «​ជននេះ​ត្រូវ​ចោទ​ពី​បទឃាតកម្ម​គិតទុក​ជា​មុន​តាម​បញ្ញត្តិ​មាត្រា ២០០ នៃ​ក្រមព្រហ្មទណ្ឌ​»​។

យោងតាម​កំណត់ហេតុ​របស់​តុលាការ​បាន​បង្ហាញ​ថា ជនរងគ្រោះ​ឈ្មោះ យ៉ាន់ ជឿន គឺជា​អ្នករត់ម៉ូតូឌុប ហើយ​មុន​កើតហេតុ​កាលពី​ថ្ងៃទី​ ២៧ ​មករា ឆ្នាំ​ ២០១៩ ជនជាប់ចោទ​ឈ្មោះ សាន់ ទង បាន​ហៅ​ជនរងគ្រោះ​ឲ្យ​ឌុប​ខ្លួន​។ ប៉ុន្តែ​ក្រោយមក​​ជនជាប់ចោទ​បាន​បបួល​ជនរងគ្រោះ​ចូល​ផ្ទះសំណាក់​មួយ​មាន​យីហោ​ (​ចន្ធូ​ត្រជាក់ចិត្ត​) ស្ថិតនៅ​ផ្លូវ​បេតុង​ភូមិ​ឫស្សី​២ សង្កាត់​​ស្ទឹងមានជ័យ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ​។

កំណត់ហេតុ​ដដែល​បង្ហាញ​ថា​នៅ​ថ្ងៃកើតហេតុ​នោះ​គឺ​បុគ្គលិក​ផ្ទះសំណាក់​ប្រទះឃើញ​ជនរងគ្រោះ​ដេកស្លាប់​នៅក្នុង​បន្ទប់​លេខ​ ៣ ដោយ​នៅ​លើ​ខ្លួន​ជនរងគ្រោះ​មាន​ប្រឡាក់​ឈាមជោក ហើយ​ក៏​រាយការណ៍​ប្រាប់​សមត្ថកិច្ច​។

ជនរងគ្រោះ​ត្រូវ​បាន​ជនជាប់ចោទ​ចាក់​ត្រូវ​ខ្លួន​ជាច្រើន​កាំបិត​ប្លន់​យក​ម៉ូតូ​ ១ ​គ្រឿង​ម៉ាក HONDA C125 ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ ភ្នំពេញ 1FL9986 និង​ចិញ្ចៀន​ ១ ​វង់ ហើយ​រត់​គេចខ្លួនបាត់​។

លុះដល់​ថ្ងៃ​ទី​ ៣១ ​ខែ​ មករា​ ឆ្នាំ ​២០១៩ ​សមត្ថកិច្ច​នគរបាល​ខេត្ត​បាត់ដំបង​សហការ​ជាមួយ​នគរបាល​ក្រសួង​មហាផ្ទៃ​ស្រាវជ្រាវ​ចាប់ខ្លួន​បាន​នៅ​ភូមិ​ស្វាយធំ ឃុំ​បឹងរាំង ស្រុក​កំរៀង ខេត្ត​បាត់ដំបង ខណៈ​ជនជាប់ចោទ​ប៉ុនប៉ង​​ឆ្លងដែន​ទៅ​ប្រទេស ​ថៃ ហើយ​បាន​បញ្ជូន​មក​រាជធានី​ភ្នំពេញ​វិញ​៕