ភ្នំពេញៈ លោក រ៉ាត់ រ័ត្នមុនី ដែល​បាន​គេច​ខ្លួន​ទៅ​ប្រទេស​ថៃ​ដោយសារ​ភាពយន្ត​ឯកសារ​ «​ម្តាយ​ខ្ញុំ លក់​ខ្ញុំ​» ​ត្រូវ​បាន​បញ្ជូន​ទៅ​តុលាការ​ពី​ម្សិលមិញ ក្រោយ​ពេល​លោក​ត្រូវ​បាន​ធ្វើ​បត្យាប័ន​នាំ​មក​ប្រទេស​កម្ពុជា​វិញ​។

លោក​ លី សុផាណា អ្នក​នាំពាក្យ​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ ប្រាប់​អ្នក​សារព័ត៌មាន​តាមរយៈ​តេលេក្រាម​​ថា​ «​តុលាការ​កំពុង​ពិនិត្យ និង​ចាត់ការ​សំណុំ​រឿង​នេះ​»​។ ប៉ុន្តែ​លោក​មិន​បាន​បញ្ជាក់​ថា​លោក​ រ័ត្នមុនី ត្រូវ​បាន​ចោទប្រកាន់​ពី​​បទ​អ្វី​នៅ​ឡើយ​។ លោក​ រ៉ាត់ រ័ត្នមុនី ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​សំណង់​កម្ពុជា​ហៅ​កាត់​ថា CCTUF ត្រូវ​បាន​រាយការណ៍​ថា លោក​ត្រូវ​បាន​ចាប់ខ្លួន​ដោយ​អាជ្ញាធរ​​ថៃ​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​តាម​ការស្នើសុំ​របស់​អាជ្ញាធរ​កម្ពុជា​។ លោក​ត្រូវ​បាន​គេ​ចោទ​ថា​ជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​អ្នក​ផលិតភាពយន្ត​ឯកសារ​និយាយ​អំពី​ការលក់​ព្រហ្មចារី​ដែល​មាន​ចំណង​ជើង​ថា​ «​ម្តាយខ្ញុំ​ លក់​ខ្ញុំ​»​។ ភាពយន្ត​ឯកសារ​នេះ​ផលិត​ដោយ​ទូរទស្សន៍​រុស្ស៊ី RT ហើយ​បាន​ចេញ​ផ្សាយ​កាលពី​ខែ​តុលា​។

លោក​ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អ្នក​នាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា លោក​ រ័ត្នមុនី ​ត្រូវ​បាន​នាំ​ខ្លួន​ពី​ប្រទេស​ថៃ ហើយ​កំពុង​ស្ថិត​នៅ​ក្រោម​ការគ្រប់គ្រង​របស់​ប៉ូលិស​ក្រសួង​មហាផ្ទៃ​មុន​ពេល​លោក​ត្រូវ​បាន​បញ្ជូន​ខ្លួន​ទៅ​តុលាការ​កាលពី​ម្សិលមិញ​។

លោក​ ឆាយ គឹមខឿន បាន​ថ្លែង​ថា​៖ «​គាត់​ត្រូវ​បាន​យក​មក​ដល់​កម្ពុជា​ហើយ គាត់​កំពុង​ស្ថិត​នៅ​ក្រោម​ការគ្រប់គ្រង​របស់​ប៉ូលិស​។ ប៉ុន្តែ​ខ្ញុំ​មិន​មាន​ព័ត៌មាន​លម្អិត​ទេ​ព្រោះ​ខ្ញុំ​មិនមែន​ជា​អ្នក​សួរ​គាត់​។ យើង​មិន​ទាន់​ថា​គាត់​ជា​អ្នក​ផលិត ឬ​ក៏​ជាប់​ពាក់ព័ន្ធ​យ៉ាងម៉េច​ទេ​។ ដូច្នេះ​ហើយ​បាន​ជា​យើង​ស្នើ​ឲ្យ​គាត់​មក​បំភ្លឺ ប៉ុន្តែ​គាត់​រត់​គេច​ខ្លួន​។ ចឹង​ពេល​គាត់​គេច​ខ្លួន​យើង​ត្រូវ​នាំ​គាត់​មក​បំភ្លឺ​លើ​ការសង្ស័យ​ដើម្បី​បញ្ចប់​រឿង​»​។

លោក​ឧត្តមសេនីយ៍​បាន​បន្ថែម​ថា​លោក​មិន​អាច​ដឹងថា តើ​លោក​ រ៉ាត់ រ័ត្នមុនី អាច​នឹង​ត្រូវ​បាន​ចោទប្រកាន់​រឿង​អ្វី​នោះ​ទេ ពីព្រោះ​វា​ជា​ការ​សម្រេច​របស់​តុលាការ​។

លោក​បាន​បញ្ជាក់​ថា​៖ «​យើង​កំពុង​រៀបចំ​នីតិវិធី​បញ្ជូន​ទៅ​តុលាការ​។ មិន​ត្រូវ​ការ​ពេល​យូរ​ទេ​ព្រោះ​នីតិវិធី​ក្នុង​ការ​ឃុំ​ខ្លួន​មាន​តែ​ ៤៨ ​ម៉ោង​»​។ លោក​និយាយ​ថា​ពេលវេលា​ដែល​អាជ្ញាធរ​ថៃ​ចាប់​ខ្លួន​លោក​ រ៉ាត់ រ័ត្នមុនី មិន​រាប់​បញ្ជូល​ក្នុង​រយៈពេល​ ៤៨ ​ម៉ោង​នេះ​ទេ​។

អ្នកស្រី ឡុង គីមហ៊ាង ភរិយា​របស់​លោក​ រ៉ាត់ រ័ត្នមុនី បាន​ថ្លែង​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ម្សិលមិញ​ដែរ​ថា ប្តី​របស់​អ្នកស្រី​ត្រូវ​បាន​បញ្ជូន​មក​ប្រទេស​កម្ពុជា កាលពី​រសៀល​ថ្ងៃ​ពុធ​នៅ​វេលា​ម៉ោង​ប្រមាណ​ជា​ ៣ ​រសៀល​តាមរយៈ​ឧទ្ធម្ភាគចក្រ​។

អ្នកស្រី​ គីមហ៊ាង បាន​អះអាង​ថា​ប្តី​របស់​អ្នកស្រី​មិនមែន​ជា​អ្នក​ផលិតភាព​យន្ត​ឯកសារ​នោះ​ទេ​គឺ​គ្រាន់​តែ​ជា​អ្នក​បកប្រែ និង​ជា​អ្នក​ណាត់​តួអង្គ​សម្តែង​ប៉ុណ្ណោះ​។ អ្នកស្រី​បន្ត​ថា​សមត្ថកិច្ច​មិន​បាន​អញ្ជើញ​ប្តី​អ្នកស្រី​ទៅ​បំភ្លឺ​ទេ គឺ​បាន​ហៅ​តែ​តួអង្គ ហើយ​អត្ថាធិប្បាយ​ករណី​នេះ​តាម​សារព័ត៌មាន​។

អ្នកស្រី​ ឡុង គីមហ៊ាង ថ្លែង​ថា​៖ «​ខ្ញុំ​គិត​ថា​រដ្ឋាភិបាល​គួរ​ស៊ើបអង្កេត​តាម​នីតិវិធី​ដោយ​មិន​ត្រូវ​ចាប់ចង​ទេ​។ តែ​ខ្ញុំ​ក៏​គិត​ដែរ​ថា អ្វី​ដែល​រដ្ឋាភិបាល​បាន​ធ្វើ​វា​ខុស​នីតិវិធី​បាត់​ទៅ​ហើយ ដូច្នេះ​មិន​ថា​លទ្ធផល​យ៉ាង​ណា​ទេ វា​មិន​អាច​ជា​ការពិត​ហើយ​ទទួល​យក​បាន​ទេ​»៕