កំពង់​ស្ពឺៈ ជនសង្ស័យ​​ម្នាក់ដែល​ប្រពន្ធ​អះ​អាង​ថា កើត​មាន​ជំងឺ​ផ្លូវ​ចិត្ត​​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ ដែល​បាន​យក​កាំបិតផ្គាក់​ កាប់ក្មេងប្រុស​អាយុជាង ១ ខួបម្នាក់​ស្លាប់​ ហើយ​អារកខ្លួនឯង​ជាក្រោយ ​​តែ​មិន​ស្លាប់​នៅ​ភូមិ​​អំពិលផ្អែម ​ឃុំ​រលាំងចក ​ស្រុក​សំរោងទង ​ខេត្ត​កំពង់ស្ពឺ​ កាលពីថ្ងៃ​ទី ១៤ ខែ​​មីនា​ កំពុង​សម្រាក​ព្យា​បាល​នៅ​មន្ទីរ​ពេទ្យ​​ខេត្ត​កំពង់​ស្ពឺ ដោយ​មាន​កម្លាំង​នគរបាល​យាមកាម​។

លោក ​ភោក​ សម្បត្តិ​ នាយកា​រិយា​ល័យ​នគរបាល​បច្ចេក​ទេសវិទ្យាសាស្រ្ត​ នៃ​ស្នង​ការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ​ប្រាប់​ពីម្សិល​មិញ​ថា​ ជន​សង្ស័យ​​ឈ្មោះ ​អ៊ាង​ រ៉ាដូ ភេទ​ប្រុស​អាយុ ៤​០​ ឆ្នាំ​ មាន​ប្រពន្ធ​ និង​មាន​កូន ​៣​ នាក់​ ដែល​កូនប្រុស​ច្បង​អាយុ ១៦ ឆ្នាំ​ រីឯកូនស្រីពៅ​អាយុ ៦ ឆ្នាំ។​ចំណែក​ក្មេងប្រុសរងគ្រោះ​ឈ្មោះ ​ភ​.ដ​.ណ​ អាយុ ១ ឆ្នាំ ២ ខែ​ ដែល​មាន​ម្តាយ​ឈ្មោះ​ ផ. ស.ន. អាយុ​ ៣០ ឆ្នាំ ​ជា​កម្មការិ​នីរោង​ចក្រកាត់ដេរ​ ​ដែល​មាន​​ឪពុក​ឈ្មោះ​ ភ.​ ស.ណ.​ អាយុ ៣០​ ឆ្នាំ​ រស់នៅ​ក្នុងភូមិ-ឃុំ​ កើត​ហេតុ​ខាង​លើ។​

លោក​ប្រាប់ថា៖ «​ជន​សង្ស័យ​ម្នាក់​នោះ​ កំពុងសម្រាក​ព្យាបាលរ​បួស ប៉ុន្តែ​សមត្ថ​កិច្ច​យើង​នៅយាម​គាត់​ក្នុង​បន្ទប់​នៅមន្ទីរ​ពេទ្យ​​នោះ​ដែ​រ​ ព្រោះ​បន្ទាប់ពី​កាប់ក្មេង​ហើយ​ ជន​សង្ស័យ​អារក​ខ្លួនឯ​ង​​។ អ៊ីចឹង​គាត់ក៏​មាន​របួសដែរ​»។

បើ​តាម​លោក​ សម្បត្តិ ​ ក្មេងរង​គ្រោះ​ត្រូវបាន​ជន​សង្ស័យ​កាប់​ត្រូវ​ក្បាល ​១ កាំបិត​ និង​នៅ​ផ្នែក​ត្រង់​ក​ ១ កាំ​បិត​ ទើប​បណ្តាល​ឱ្យ​ក្មេងស្លាប់​ភ្លាមៗ​នៅ​កន្លែង​កើត​ហេតុ​។​

លោក ​យ៉ាវ កាន់​ នាយ​នគរ​បាល​ប៉ុស្តិ៍​ឃុំ​​រលាំង​ចក​ ប្រាប់តាម​សម្តីស្រ្តី​ជាម្តាយ​ក្មេង​រងគ្រោះ​ពីម្សិលមិញថា​ រវាង​ផ្ទះជន​ល្មើស ​(សង់​ពីឥដ្ឋ​ប្រក់​ស័ង្ក​សីផ្ទាល់ដី) និង​ផ្ទះក្មេង​រងគ្រោះ​ នៅទល់​ខ្នងគ្នា​ក្នុង​ភូមិ​-​ឃុំ កើតហេតុ​ខាងលើ​ហើយ​នៅមុន​ពេល​កើត​ហេតុ​ នៅ​វេលា​ប្រមាណ​ជា​ម៉ោង ១​ រសៀល ថ្ងៃទី​ ១៤​ ខែ​មីនា ក្មេង​រងគ្រោះ​បាន​ដើរ​លេង​នៅក្បែរផ្ទះ​ជន​សង្ស័យ​។

ពេល​នោះ​ស្រាប់​តែ​ជន​សង្ស័យ​ចេញពីផ្ទះ​របស់​ខ្លួន​ ដោយ​ក្នុង​ដៃ​កាន់​កាំបិត​ផ្គាក់​ ១ ​​បាន​ទៅកាប់​ក្មេងរ​ងគ្រោះ​ចំក្បាល​ ១ កាំបិត​ និង​ត្រង់ក​ ១​ កាំបិត​ ធ្វើ​ឱ្យ​ក្មេង​រង​គ្រោះ​ដួល​ដេក​ស្តូក​ស្តឹង​នៅ​នឹង​កន្លែង​កើតហេតុ​។

ពេលនោះម្តាយយាយ​ និងមីង​របស់​ក្មេង​រងគ្រោះ​ បាន​នាំគ្នា​ដេញ​តាម​ជន​សង្ស័យ ​ខណៈ​​ក្មេង​រងគ្រោះ​​បាន​ដាច់​ខ្សល់​ស្លាប់​បាត់ទៅ​ហើយ​។​

បន្ទាប់​ពី​បង្ក​ហេតុ​ជន​សង្ស័យ​បាន​កាន់​កាំបិត​រត់​ចូល​ក្នុង​ផ្ទះ​របស់​ខ្លួន​វិញ​ ហើយ​ប្រជា​ពលរដ្ឋ​បាន​រាយ​ការណ៍​ប្រាប់​ទៅ​សមត្ថ​កិច្ច​។

លោក​ ឃុត សុផល អធិការ​នគរ​បាល​ស្រុក​សំរោង​ទង​ បាន​ដឹកនាំ​កម្លាំង​ចុះ​ដល់​ទីតាំង​កើត​ហេតុ​។

ដំបូង​ឡើយ​ សមត្ថ​កិច្ច​បាន​ព្យាយាម​ហៅ​ជន​សង្ស័យ​ ឱ្យ​ចេញ​ប្រគល់​ខ្លួន​ឱ្យ​សមត្ថ​កិច្ចតាម​សម្រួល​ តែជន​សង្ស័យ​មិន​ព្រម​ចេញ​ពីផ្ទះ​ឡើយ ដែល​សមត្ថកិច្ច​ប្រើពេល​ជិត ២​ ម៉ោង​​មិន​ទទួល​បាន​លទ្ធផល ​ទើប​លោកស្ន​ងការខេត្ត​ សំ ​សាមួន ​​បាន​បញ្ជា​ឱ្យ​កម្លាំង​ពិសេស​របស់ស្នងការ​ដ្ឋាន​នគរ​បាល​ខេត្ត​កំពង់ស្ពឺ​ បាញ់​គ្រាប់​បែក​ផ្សែង​ចូល​ក្នុង​ផ្ទះ ​ធ្វើ​ឱ្យជន​សង្ស័យ​ឈ្លក់​ផ្សែង​ទើប​សមត្ថ​កិច្ច​ចាប់​បាន​តែម្តង​​។​

លោក​ឱ្យដឹ​ងថា៖ ​​«ពេល​នោះ​ជន​សង្ស័យ​កាន់​កាំបិត​នៅ​ជាប់​នឹង​ដៃ​ ហើយ​បើយើង​ចូលចាប់​​ដោយ​មិន​ប្រើ​ជំនាញ​ទេ​ គឺជន​សង្ស័យ​កាប់​សមត្ថ​កិច្ច​យើង​ជាមិន​ខាន​»​។

អ្នក​ស្រី​ ពិន​ គីម​ អាយុ​ ៣៨​ ឆ្នាំ​ ជា​ប្រពន្ធ​ជន​សង្ស័យ​ បានប្រាប់​ពីម្សិល​មិញ​ថា​ ប្តីរបស់​អ្នក​ស្រី​​មាន​របរជា​អ្នក​ស៊ីឈ្នួល​បើកបរ​រថយន្ត​ដឹក​សព​ ហើយ​កើត​មាន​ជំងឺផ្លូវ​ចិត្ត​តាំង​ពី​ឆ្នាំ​ ២០១២ ​មក​ម៉្លេះ។​

ពេល​ដឹង​ថា​ ប្តី​អ្នក​ស្រី​មាន​ស្មារតី​មិន​ប្រក្រតី​បែបនេះ​​ អ្នក​ស្រី​តែងនាំប្តី​​ទៅពិនិត្យ​ជំងឺ​នៅមន្ទីរ​ពេទ្យ​មិត្តភាព​ខ្មែរ-​សូវៀត​ ហើយ​គ្រូពេទ្យប្រាប់ថា ប្តី​​អ្នក​ស្រី​មាន​ជំងឺផ្លូវ​ចិត្ត​។​ តាំងពី​ពេល​នោះ​មក​ ប្តីរបស់​អ្នក​ស្រី​​ត្រូវ​គ្រូពេទ្យ​ឱ្យ​លេប​ថ្នាំ​ជា​ប្រចាំ​ច្រើនឆ្នាំ​ម​ក​ហើយ​។

តែដោយ​លេប​ថ្នាំ​មិន​ទទួល​បាន​លទ្ធផ​ល ​​អ្នក​ស្រី​ក៏យក​ប្តី​ទៅឱ្យ​គ្រូខ្មែរ​ព្យា​បាល​ម្តង​វិញ​ ​ហើយ​គ្រូខ្មែរ​ប្រាប់​ថា ប្តី​អ្នក​ស្រី​​មានជំងឺ​​កំរោល​ចូល​​ ដោយ​សារ​គាត់ជាអ្នកបើក​​បរ​រថយន្ត​ដឹក​សព​ ហើយ​វិញ្ញាណ​សព​ទាំងនោះ​បាន​នៅ​សណ្ឋិត​ក្នុង​ខ្លួន​ប្តី​​អ្នក​ស្រី​មិន​ចេញ​ឡើយ​។

អ្នកស្រី​បន្ត​ថា​៖ «ខ្ញុំរក​ទាំង​គ្រូខ្មែរ ទាំង​ពេទ្យ​នៅតែ​មើល​មិន​ជា​។ ប្តីខ្ញុំ​ចេះតែរក​រឿង​ខ្ញុំ​ ក៏ខ្ញុំនាំ​កូនៗ​ទៅរ​ស់​នៅ​ផ្ទះ​ខាង​ម្តាយ​បង្កើត​ខ្ញុំទៅ​។ ប៉ុន្តែ ១​ អាទិត្យ​ ខ្ញុំនាំកូនៗ​មក​លេង​គាត់​ម្តង​។ គាត់​នៅមាន​ស្មារតី​ចាំ នៅហៅ​ឈ្មោះ​កូនៗ​ត្រូវ​ទាំង​អស់​។ តែខ្ញុំ​ក៏មិន​នឹក​ស្មាន​ថា ​ជំងឺ​របស់​ប្តី​ខ្ញុំ​ វិវឌ្ឍ​ខ្លាំង​ដល់​ថ្នាក់​កាប់​សម្លាប់​ក្មេង​ទេ​»។

អ្នក​ស្រី​បញ្ជាក់​ថា​ ដោយ​សារ​ប្តី​អ្នក​ស្រីមាន​ជំងឺបែប​នេះ​ ទើប​អ្នក​ស្រី​ទុក​ឱ្យ​ប្តី​នៅ​ផ្ទះ​តែ​ឯង តែ​​មាន​ឪពុក​ម្តាយ​របស់​​គាត់​មាន​ផ្ទះ​នៅក្បែរ​នោះ​ជួយ​មើល​ឱ្យ​បាយ​នំចំណីហូ​បរាល់​ថ្ងៃ​ដែរ​។

ចំណែក​កាំបិត​ដែលប្តី​អ្នក​ស្រី​កាប់​ក្មេងនោះ គឺ​​ទុក​កាប់​អុស​ដុត ​ដែល​មាន​នៅ​ក្នុង​ផ្ទះ​យូរមក​ហើយ​។ ចំពោះ​ក្មេង​ប្រុស​ដែល​ស្លាប់​នោះ ​ម្តាយ​ក្មេង​ក៏ត្រូវជា​ក្មួយ​ជីដូន​មួយនឹងប្តី​​​អ្នក​ស្រី​ដែរ​​ មិនមែន​ជា​សាច់ឆ្ងា​យ​ទេ​៕