កំពង់ធំៈ ស្រ្តី​ម្នាក់​ត្រូវ​បានប្តី​របស់​ខ្លួន​កាប់​ចិញ្ច្រាំ​ស្ទើរ​សុស​មួយ​ចំហៀង​ក្បាល​បណ្ដាល​ឲ្យ​ស្លាប់​ភ្លាមៗ​នៅ​លើ​ផ្ទះ​របស់​ខ្លួន​កាល​ពី​ព្រឹក​ថ្ងៃទី ​២១ ​សីហា​ ក្នុង​ភូមិ​គរ ​ឃុំ​ចុង​ដូង ​ស្រុក​បារាយណ៍​ ខេត្ត​កំពង់ធំ​ ប៉ុន្តែ​បន្ទាប់​មក​ជន​បង្ក​ក៏​បាន​ចង​ក​សម្លាប់​ខ្លួន​នៅ​​ក្បែរ​សាកសព​ប្រពន្ធ​ផង​ដែរ​​។

លោក​វរសេនីយ៍​ទោ​ កែ​ កញ្ចនា ​អធិការ​រង​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​បារាយណ៍​បាន​ប្រាប់​កាល​ពី​ម្សិលមិញ​ថា​ ​ស្រ្តី​រងគ្រោះ​ក្នុង​ករណី​​នេះ​មាន​ឈ្មោះ​ មុំ​ សុខណា​ ​អាយុ​ ២២ ​ឆ្នាំ​ រី​ឯជន​បង្ក​ជា​ប្តី​ឈ្មោះ​ ស៊ុន​ សុគាន់ ​អាយុ ​៣៨ ​ឆ្នាំ​។ អ្នក​ទាំង ​២ មាន​កូន​ប្រុស​ម្នាក់​អាយុ​ជាង ​១ ​ឆ្នាំ​ ​រស់នៅ​ភូមិ​-​ឃុំ​ កើត​ហេតុ​ខាង​លើ។

លោក​បាន​បន្ត​ថា​ រឿង​រ៉ាវ​នេះ​លោក​មិន​បាន​ដឹង​ថា​ នរណា​ខុស ​ឬ​នរណា​ត្រូវ​នោះ​ទេ​ ព្រោះ​ស្រ្តី​រងគ្រោះ ​និង​អ្នក​បង្ក​បាន​ស្លាប់​ទាំង​អស់​គ្នា។​ប៉ុន្តែ​បើ​តាម​សាច់​ញាតិ​របស់​អ្នក​ស្លាប់​ទាំង​នោះ​ ប្រាប់​ថា ​រវាង​ប្តី​ប្រពន្ធ ​១ គូ​នេះ​រស់នៅ​មិន​ចុះ​សម្រុង​គ្នា​ទេ​ ពោល​គឺ​តែងតែ​ឈ្លោះ​​​គ្នា​រាល់​ថ្ងៃ​ ហើយ​មូលហេតុ​ច្រើន​មក​ពី​ប្តី​ចេះ​តែ​ប្រចណ្ឌ​ប្រពន្ធ​ហើយ​បុរស​នោះ​ក៏​ជា​អ្នក​ប្រើប្រាស់​គ្រឿង​ញៀន​ផង​ដែរ។

លោក​បាន​ឲ្យ​ដឹង​តាម​សម្តី​អ្នក​ជិត​ខាង​របស់​ជន​បង្ក​ថា​ មុន​បាន​គ្នា​ជា​ប្ដី​ប្រពន្ធ ​គឺ​បុរស​នោះ​ជា​មនុស្ស​ពោះម៉ាយ​។ លុះ​ក្រោយ​មក​ បាន​ទាក់ទង​យក​ស្រ្តី​​រងគ្រោះ​ធ្វើ​ជា​ប្រពន្ធ​ ហើយ​បាន​កូន​ប្រុស​ម្នាក់​អាយុ​ជាង ​១ ​ឆ្នាំ​។​ ប៉ុន្តែ​ការ​រស់នៅ​ជាមួយ​គ្នា​តែង​មាន​ជម្លោះ​រហូត​មក​។​

លោក​ថា​ បើ​តាម​អ្នក​ជិត​ខាង​ គឺ​នៅ​យប់​ថ្ងៃទី ​២០​ សីហា​ មុន​កើត​ហេតុ​គេ​បាន​ឮ​ស្រ្តី​រងគ្រោះ​ប្រាប់​ជន​បង្ក​ជាប្តី​ឲ្យ​ឈប់​ជក់​ថ្នាំញៀន​ បន្ទាប់​​មក​គេ​ឮ​សំឡេង​ឈ្លោះ​គ្នា ហើយ​ឮ​ស្រ្តី​រងគ្រោះ​ស្រែក​ឲ្យ​គេ​ជួយ​។ ​ប៉ុន្តែ​ដោយសារ​ពួក​គេ​មាន​ទម្លាប់​ឈ្លោះ​គ្នា​រាល់​ថ្ងៃ​ទៅ​ហើយ​ទើប​មិន​មាន​អ្នក​ចាប់​អារម្មណ៍។

លោក​ប្រាប់​ថា​​៖ «រឿង​នេះ​យើង​មិន​ដឹង​ពី​ហេតុផល​អ្វី​ច្បាស់​ទេ​ តែ​បើ​តាម​សាច់​ញាតិ​អ្នក​ស្លាប់​និយាយ​ថា មក​ពី​ប្តី​ប្រចណ្ឌ​ប្រពន្ធ ហើយ​ម៉្យាង​ជន​បង្ក​មាន​ប្រើ​គ្រឿង​ញៀន​ផង»​។

លោក​ប្រាប់​បន្ត​ថា​ មុន​ដឹង​ពី​ឧបទ្ទវហេតុ​នេះ ​គឺ​នៅ​រសៀល​ថ្ងៃទី ​២១ ​សីហា​នោះ ឪពុក​របស់​ជន​បង្ក​បាន​ដឹក​ដៃ​ចៅ​ទៅ​ផ្ទះ​កើត​​ហេតុ​ក៏​ឃើញ​ទ្វារ​បិទ​ហើយ​បាន​ស្រែក​ហៅ​កូន​ ប៉ុន្តែ​គ្មាន​នរណា​ឆ្លើយ​តប​ឡើយ​។ ​ឃើញ​ដូច្នេះ​ គាត់​បាន​ឡើង​ទៅ​លើ​ផ្ទះ​ ហើយ​ពេល​បើក​ទ្វារ​​ទៅ​ក៏​ឃើញ​ស្រ្តី​រងគ្រោះ​ដេក​ស្លាប់​ និង​មាន​ឈាម​ជោក​ក្បាល​។រីឯ​ជន​បង្ក​ឃើញ​ចង​ក​ក្នុង​សភាព​អង្គុយ​លុត​ជង្គង់​ ហើយ​ក៏​រាយការណ៍​​ប្រាប់​សមត្ថកិច្ច​របស់​លោក​តែ​ម្តង​។​

លោក​ថា ​ក្រោយ​ទទួល​បាន​ដំណឹង​នេះ​​ សមត្ថកិច្ច​​បាន​ចុះ​ដល់​ផ្ទះ​កើត​ហេតុ​នៅ​ម៉ោង​ប្រមាណ ៤ ​រសៀល​ហើយ​បាន​ពិនិត្យ​មើល​សាកសព​ស្រ្តី​រងគ្រោះ​ឃើញ​មាន​ស្នាម​កាប់​ត្រូវ​ក្បាល​រយះ​ស្លឹក​ត្រចៀក​ខាង​ឆ្វេង​ និង​ម្រាម​ដៃ​ទាំង​សង​ខាង​រយះ​​ជា​ចម្រៀកៗ​។​ ​រីឯ​ជន​បង្ក​ឃើញ​សភាព​ចង​ ​ក​ នឹង​ធ្នឹម​ផ្ទះ​ និង​លុត​ជង្គង់​នៅ​ក្បែរ​សាកសព​ស្រ្តី​រងគ្រោះ​នោះ​។

លោក​បាន​បញ្ជាក់​ថា​៖​ ​«​សាកសព ​អាច​ស្លាប់​នៅ​ចន្លោះ​ម៉ោង ​៩ ​ទៅ ​១០ ​ព្រឹក​ថ្ងៃ​ទី ​២១​ សីហា​ ព្រោះ​បើ​​ស្លាប់​នៅ​យប់​ថ្ងៃទី ២០​ សីហា​ គឺ​ឈាម​អាច​កក​ ហើយ​សព​អាច​ធុំ​ក្លិន​ តែ​នេះ​សព​គ្មាន​ធុំ​ក្លិន​ទេ​ គ្រាន់​តែ​រឹង​បន្តិច​»។

ពាក់ព័ន្ធ​នឹង​អំពើ​ហិង្សា​សម្លាប់​គ្នា​ក្នុង​រូបភាព​សាហាវៗ​បែប​នេះ​ ត្រូវ​បាន​លោក ​គិន ​ឡាយ ​ប្រធាន​នាយកដ្ឋាន​សរុប​ផែនការ​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាល​ពី​ម្សិលមិញ​ថា ករណី​នេះ​មិន​មាន​របាយការណ៍​ជាក់លាក់​ទេ ​ព្រោះ​វា​កើត​ឡើង​ម្តងម្កាល​ប៉ុណ្ណោះ​។

លោក​បាន​ថ្លែង​​ឲ្យ​ដឹង​ទៀត​ថា​៖ ​«​ករណី​អ៊ីចឹងៗ​យូរ​ជួប​ម្តង​ មិន​សម្បូរ​ទេ​ វា​មិន​ដូច​បទល្មើស​ផ្សេងៗ​ទៀត​ទេ​ ហើយ​អត់​មាន​ជា​របាយការណ៍​ដាច់​ដោយ​ឡែក​ទេ​»៕