ព្រះវិហារៈ បុរសម្នាក់ក្នុងចំណោមគ្នា ៤ នាក់បានស្លាប់ ក្រោយពីបរិភោគសត្វដង្កូវដួង ដែលពួកគេបានចាប់យកពីគល់ត្នោតពុកផុយមួយដើម នៅក្នុងដីស្រែមួយកន្លែង ក្នុងភូមិសែនគង់ ឃុំចំរើន ស្រុកសង្គមថ្មី កាលពីថ្ងៃទី ២៤ ខែមករា។
លោក ជួន មឿន អធិការស្រុកសង្គមថ្មី បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា នៅព្រឹកថ្ងៃទី ២៤ ខែ មករា ឆ្នាំ ២០២១ ជនរងគ្រោះឈ្មោះ ម៉ៅ លាន អាយុ ២៨ ឆ្នាំ មានទីលំនៅក្នុងភូមិសែនគង់ ព្រមទាំងអ្នកជិតខាងរបស់គាត់ ៣ នាក់ផ្សេងទៀត រួមមានឈ្មោះ ប៉ុយ វីន អាយុ ២៨ ឆ្នាំ ឌឹម សុភា អាយុ ១៥ ឆ្នាំ និង ប្រាជ្ញ ពិសី អាយុ ៩ ឆ្នាំ បាននាំគ្នាយកពូថៅទៅកាប់ពុះដើមត្នោត ដែលដួលពុកផុយនៅកណ្ដាលវាលស្រែ ក្នុងភូមិរបស់ពួកគេដើម្បីចាប់ដង្កូវដួងមកធ្វើជាម្ហូបអាហារ។
លោក មឿន បានបន្តថា តាមការរៀបរាប់របស់ជនរងគ្រោះ ឈ្មោះ ប៉ុយ វីន នៅព្រឹកថ្ងៃទី ២៤ ខែមករា ពួកគេចាប់បានដង្កូវដួងពីក្នុងដើមត្នោតដែលពុកផុយនោះ បានប្រមាណ ១ គីឡូក្រាម យកមកលាងសំអាតជាមួយទឹកអំបិល ហើយបានយកទៅបំពងខ្លាញ់ ហូបជាមួយបាយនៅពេលល្ងាច។
២ម៉ោងក្រោយមក ពួកគេមានអាការៈ វិលមុខ ឈឺក្បាល ចុកពោះ និង រាគរូស។ ភ្លាមៗនោះ ពួកគេបាននាំគ្នាឆុងតែក្រូចឆ្មាលាយទឹកឃ្មុំផឹក លើកលែងតែឈ្មោះ ម៉ៅ លាន ម្នាក់ប៉ុណ្ណោះ ដែលមិនផឹក ហើយប្រឹងសម្ងំដេក។
លុះដល់ម៉ោងប្រមាណ ១២ យប់ ម៉ៅ លាន ចាប់ផ្ដើមមានអាការៈចុកពោះ និងរាគរូសកាន់តែខ្លាំង ក៏ត្រូវក្រុមគ្រួសារ ដឹកទៅកាន់មន្ទីរពេទ្យបង្អែកស្រុកសង្គមថ្មី ប៉ុន្តែមិនទាន់ដល់មន្ទីរពេទ្យផង ក៏បានដាច់ខ្យល់ស្លាប់នៅតាមផ្លូវតែម្ដង។
លោកមឿនបានបញ្ជាក់ថា៖ «យោងតាមលទ្ធផលកោសលវិច័យរបស់គ្រូពេទ្យជំនាញ និងការបញ្ជាក់របស់ប៉ុយ វីន និងសាច់ញាតិជនរងគ្រោះ ការស្លាប់របស់ ម៉ៅ លាន គឺបណ្ដាលមកពីបរិភោគសត្វដង្កូវដួងច្រើនពេក បណ្ដាលឲ្យពុលស្លាប់»។
ទោះជាបែបណាក្ដី លោក សោម សួត មេភូមិសែនគង់ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា ដង្កូវដួងជាអាហារដែលមានរស់ជាតិឈ្ងុយឆ្ងាញ់ ពិសេសដង្កូវដួងនៅក្នុងដើមត្នោត និងដើមដូង ហើយវាមិនបង្កគ្រោះថ្នាក់ដល់សុខភាពនោះទេ។
ប៉ុន្តែដង្កូវដួង ដែលមាននៅក្នុងគុលឈើ ឬគំនរសំរាមពុកផុយមួយចំនួន ដែលមានដុះរោម និងបង្កង់ខ្លួនព័ណ៌ក្រម៉ៅ អាចបង្កឲ្យពុលស្លាប់ ប្រសិនបើបរិភោគវាច្រើនហួសប្រមាណ។
លោកថ្លែងថា៖ «ខ្ញុំចូលចិត្តហូបដង្កូវដួងនៅក្នុងដើមត្នោត និងដើមដូងព្រោះវាមានរស់ជាតិឆ្ងាញ់ និងមានកម្លាំងមិនចាញ់ហូបសាច់គោនោះទេ។ ពេលខ្លះខ្ញុំហូបវាទាំងឆៅក៏មាន វាមិនដែលបង្កបញ្ហាដល់សុខភាពខ្ញុំឡើយ»។
បើតាមលោក សោម សួត ការស្លាប់របស់លោក ម៉ៅ លាន អាចបណ្ដាលមកពីបរិភោគដង្កូវដួងក្នុងដើមត្នោតលាយឡំជាមួយដង្កូវដួងតាមគុលឈើ និងគំនរសំរាមពុកផុយផ្សេងទៀត ដែលមានដុះរោម និងបង្កង់ខ្លួនព័ណ៌ក្រម៉ៅ ដែលនាំឲ្យពុល។
យោងតាមឯកសារស្រាវជ្រាវរបស់វិទ្យាស្ថានជាតិនៃប្រទេសឥណ្ឌា ស្តីពីម្ហូបអាហារ និង អាហាររូបត្ថម្ភ ដែលបានចេញផ្សាយកាលពីខែមិថុនា ឆ្នាំ ២០០០ បានបញ្ជាក់ថា ដង្កូវដួងជាប្រភពអាហារដែលមានប្រូតេអ៊ីន កាបូននីដ្រាត វីតាមីន A និង វីតាមីន E ខ្ពស់ អាចជួយពង្រឹងសុខភាពរាងកាយ និងរក្សាព័ណ៌សំបុរ ស្បែកបានស្រស់ថ្លាក្មេងជាងវ័យ៕