បុរស​ម្នាក់ទៀត​បាន​ស្លាប់ភ្លាមៗ ដោយសារ​ដីខ្សាច់​បាក់​សង្កត់​លើ​នៅក្នុង​រណ្ដៅ​ដី​អាជីវកម្ម​បូម​ខ្សាច់​មួយកន្លែង ស្ថិតនៅ​ភូមិ​ល្វា ឃុំ​ស្វាយរំពា ស្រុក​កំពង់លែង​ ខេត្ត​កំពង់ឆ្នាំង ដែល​នេះ​ជា​ករណី​ស្លាប់​លើក​ទី ២ ហើយ​នៅ​ដើមឆ្នាំ ២០២១ នេះ។

លោក ប៉ាល់ ជឿន អធិការ​ស្រុក​កំពង់លែង បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ល្ងាច​ថ្ងៃទី ២៥ ខែ​មេសា​ថា ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១០ ព្រឹក ថ្ងៃទី ២៣ ខែ​មេសា ឆ្នាំ ២០២១។

ជនរងគ្រោះ​ឈ្មោះ​ មុត គន្ធា ភេទ​ប្រុស អាយុ ៤០ ឆ្នាំ​ជា​ម្ចាស់​រណ្ដៅ​ដី​អាជីវកម្ម​បូម​ខ្សាច់​ខាងលើនេះ និង​មាន​ទីលំនៅ​ភូមិ​ច្រែស ឃុំ​ត្រងិល ស្រុក​កំពង់លែង ខេត្ត​កំពង់ឆ្នាំង។

តាម​ការបញ្ជាក់​របស់​ឈ្មោះ មុត កុសល អាយុ ៣៥ ឆ្នាំ​ដែល​ជា​ប្អូនប្រុស​បង្កើត​ជនរងគ្រោះ​បាន​ឱ្យ​ដឹងថា មុនពេល​កើតហេតុ ពួកគេ​ទាំង ២ នាក់​បាន​ទៅ​រៀបចំ​បូម​ខ្សាច់​ចេញពី​រណ្ដៅ​ដី​របស់​ពួកគេ ដើម្បី​គរ​ទុក​លក់​ដូច​សព្វដង ដោយ​ជនរងគ្រោះ​បាន​ចុះទៅ​ពិនិត្យ​ក្បាល​ទុយោ​បូមខ្សាច់ និង បញ្ឆេះ​ម៉ាស៊ីន ដើម្បី​បូម​ខ្សាច់។

ប៉ុន្តែ​ជា​អកុសល​នៅពេល​ដែល​គាត់​ចុះទៅ​ទាញ​ទុយោ​ ដើម្បី​ប្ដូរ​ក្បាល​បូម​ក៏​ស្រាប់តែ​បាក់​ច្រាំង​រណ្ដៅ​ដី​បូម​ខ្សាច់​នោះ សង្កត់​លើ​គាត់​ធ្លាក់ចូល​ទៅក្នុង​រណ្ដៅ​ដី​នោះ​តែម្ដង។

លោក ប៉ាល់ ជឿន បាន​បញ្ជាក់ថា៖ «ភ្លាមៗ​នោះ​ប្អូនប្រុស​របស់គាត់ និង អ្នកភូមិ​បាន​ព្យាយាម​ចុះ​កាយ​ដី​រក​ជនរងគ្រោះ និង​ស្រង់​ចេញពី​ក្នុង​រណ្ដៅ​ដី​នោះ ដើម្បី​ជួយសង្គ្រោះ​ជីវិត​ផងដែរ ប៉ុន្តែ​នៅពេល​ស្រង់​ចេញ​ផុតពី​ក្នុង​ទឹក​នៃ​រណ្ដៅ​ដី​នោះ ជនរងគ្រោះ​បាន​ដាច់ខ្យល់​ស្លាប់បាត់​ទៅហើយ»។

បើតាម​លោក ប៉ាល់ ជឿន នេះ​ជា​ករណី​ទី ២ ហើយ​នៅក្នុង​ឆ្នាំនេះ ដែលមាន​ជនរងគ្រោះ​ស្លាប់​ក្នុងករណី​បាក់​ដី​នៅក្នុង​មូលដ្ឋាន​ឃុំ​ស្វាយរំពា​នៃ​ស្រុក​កំពង់លែង ដែល​ករណី​លើក​ទី ១ បាន​កើតឡើង​កាលពី​អំឡុង​ខែមករា ឆ្នាំ ២០២១។

លោក​បាន​បន្ថែមថា៖ «ជាទូទៅ ការធ្វើ​អាជីវកម្ម​បូម​ខ្សាច់​ជា​លក្ខណៈ​គ្រួសារ នៅក្នុង​តំបន់​នេះ អ្នកភូមិ​ធ្វើឡើង​ដោយ​គ្មាន​លក្ខណៈ​បច្ចេកទេស​ត្រឹមត្រូវ​នោះទេ គឺ​ធ្វើតាម​ការចេះដឹង​តៗ​គ្នា​ប៉ុណ្ណោះ»៕