បន្ទាយមានជ័យៈ បុរស​ម្នាក់​ឈ្មោះ យឿន រ៉ន អាយុ​ ៣៣ ​ឆ្នាំ​ បាន​រងរបួស​ដាច់​ជើង​ស្ដាំ​នៅ​ចំណុច​អូរលៀង​កាលពី​ថ្ងៃទី​ ១៤ ខែកុម្ភៈ ខណៈ​ពេល​កំពុង​ព្យាយាម​លួច​ឆ្លងដែន​ចូលមក​តាម​ដងព្រៃ​ពី​ប្រទេស​ថៃ​ចូលមក​កម្ពុជា​។

លោក ស៊ា សៅឌី នាយ​នគរបាល​វរការពារ​ព្រំដែន​គោក​ប៉ុស្តិ៍​ព្រៃ​គប់​នៃ​អង្គភាព​វរសេនា​តូច​លេខ​ ៩១១ បាន​ប្រាប់​ ភ្នំពេញ ប៉ុស្តិ៍​ថា កាលពី​ព្រលប់​ថ្ងៃទី​ ១៤ ខែ ​កុម្ភៈ ឆ្នាំ​ ២០២១ មាន​សំឡេង​ផ្ទុះ​គ្រាប់​នៅ​ចំណុច​អូរ​លៀង ក្នុង​ភូមិ​សាស្ត្រ ភូមិ​ព្រៃ​គប់ សង្កាត់​ផ្សារកណ្ដាល ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​។

លោក ​សៅឌី ថ្លែងថា​៖ «​នៅ​ពេលឮ​សំឡេង​ផ្ទុះ ក្រុម​សមត្ថកិច្ច​យើង​បាននាំគ្នា​ទៅពិនិត្យ ក៏​ប្រទះ​ឃើញ​ជនរងគ្រោះ​ដេក​ដួល​ទៅលើ​ដី ដោយ​រងរបួស​ដាច់​ក​ជើង​ខាងស្ដាំ និង​មាន​ស្នាមរបួស​ដាច់​សាច់​កំភួនជើង និង​ភ្លៅ​ខាងស្ដាំ​ជាច្រើន​កន្លែង​»​។

លោក សៅឌី បានឱ្យដឹងថា​ជនរងគ្រោះ​ត្រូវបាន​ក្រុមការងារ​របស់​លោក​សែង​ពី​ព្រៃ ហើយ​ដឹក​តាម​រថយន្ត​យកទៅ​កាន់​មន្ទីរពេទ្យបង្អែក​ក្រុង​ប៉ោយប៉ែត​ដើម្បី​ព្យាបាល​របួស​។ ប៉ុន្តែ​ដោយសារ​របួសធ្ងន់​ពេក ជនរងគ្រោះ​បាន​សន្លប់​បាត់ស្មារតី ហើយ​ដោយ​សារ​ខាង​មន្ទីរពេទ្យ​ក៏​ខ្វះ​ឧបករណ៍​សម្ភារ​វះកាត់​ផងដែរ​នោះ​ក្រុមគ្រូពេទ្យ​ក៏បាន​បញ្ជូនបន្ត​ទៅកាន់​មន្ទីរពេទ្យ​ខេត្តបន្ទាយមានជ័យ​។

លោក សិទ្ធ ឡោះ ស្នងការ​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា នៅពេលនេះ ជនរងគ្រោះ​កំពុង​ស្ថិតក្រោម​ការពិនិត្យ វះកាត់​ និង​ព្យាបាល​របួស​ពី​ក្រុមគ្រូពេទ្យ​ជំនាញ​។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃ​ម្សិលមិញ​បាន​ជំរុញ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់​រួមទាំង​អាជ្ញាធរខេត្ត​ជាប់​ព្រំដែន​ថៃ ឡាវ និង​វៀតណាម បង្កើន​ការទាក់ទង​ផ្លាស់ប្ដូរ​ព័ត៌មាន​គ្នា​ឱ្យ​បាន​ជាប់​ជាប្រចាំ​ជាមួយ​អាជ្ញាធរខេត្ត​នៃ​ប្រទេស​ទាំង​ ៣ ដោយ​រឹតបន្តឹង ឬ​ហាមឃាត់​ឱ្យបាន​នូវ​ការ​លួច​ឆ្លងដែន​តាម​ច្រករបៀង​តូចៗ​ដោយ​ខុសច្បាប់​ដើម្បី​បញ្ចៀស​ឱ្យបាន​ការឆ្លង​រីករាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ ពី​ក្រៅប្រទេស​ចូល​មក​ក្នុង​សហគមន៍​ក្នុង​កម្ពុជា និងគ្រោះថ្នាក់​ផ្សេងៗ​ជាយថាហេតុ​។

លោក​ថា​៖ «​កាលពី​ថ្ងៃទី​ ១៤ កុម្ភៈ មាន​ពលករ​ខ្មែរ​យើង​ម្នាក់ ឆ្លងដែន​ខុសច្បាប់​រហូត​ដល់​ជាន់មីន​ដាច់​ជើង​។ ក្រៅពី​ពិការ ក៏​អាច​នឹង​ចម្លង​កូវីដ​ ១៩»៕