ភ្នំពេញ៖ បុរស​ម្នាក់​ឈ្មោះ ប៉ែន លឹម អាយុ ៤៩ ឆ្នាំ ដែល​គេ​ស្គាល់​ថា ជា​ឧកញ៉ា​រស់នៅ​សង្កាត់​ឫស្សីកែវ ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ ដែល​បាន​ប្រើប្រាស់​ស្លាកលេខ​រថយន្ត​មិន​ត្រឹមត្រូវ​បំពាក់​លើ​រថយន្ត​របស់​ខ្លួន​ម៉ាក Highlander ពណ៌​ស ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន និង​ធ្វើ​ការ​ណែនាំ​អប់រំ។

ចំណាត់ការ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​បញ្ជូន​ករណី​នេះ ទៅ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ដើម្បី​ចាត់​ការ​តាម​ផ្លូវ​ច្បាប់ ដោយ​ចាត់​ទុក​ថា ទង្វើ​បែប​នេះ ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សេចក្តី​ថ្លៃថ្នូរ​របស់​ក្រសួង ដែល​មិនមាន​គោលការណ៍​ចេញ​ស្លាកលេខ​ពិសេស​បែប​នេះ​ឡើយ។

សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ឫស្សីកែវ កាល​ពី​ថ្ងៃទី ២៤ មេសា វេលា​ម៉ោង ៤ រសៀល បាន​ឃាត់​ម្ចាស់​រថយន្ត​ម៉ាក Highlander ពណ៌​ស ដែល​បាន​បំពា​ក់ស្លាកលេខ «កម្ពុជា ឯកឧត្តម អ្នក​ឧកញ៉ា ប៉ែន លឹម» និង​ភ្ជាប់ Logo របស់​គណបក្ស​ប្រជាជន​កម្ពុជា។

ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ចាត់​ទុក​ករណី​នេះ ជា​ទង្វើ​ខុស​ច្បាប់។ សមត្ថកិច្ច​បាន​ឱ្យ​ដឹង​ថា៖ «បុរស​ម្នាក់​នេះ ក៏​បាន​ទទួល​ស្គាល់​នូវ​កំហុស​នេះ និង​បាន​ដោះ​ស្លាកលេខ​មិន​ត្រឹមត្រូវ​នេះ​ចេញ ដោយ​បាន​ធ្វើ​កិច្ចសន្យា និង​សុំទោស​ជា​សារធាណ:​ចំពោះ​ការ​ពាក់​ស្លាកលេខ​មិន​ត្រឹមត្រូវ​នេះ ហើយ​ក៏​បាន​ធ្វើ​ការ​ថត​ជា​វីដេអូ​សុំទោស​ជា​សាធារណៈ ចំពោះ​ការ​ប្រើប្រាស់​ពាក្យ​សម្តី​មិន​សមរម្យ​នៅ​លើ​បណ្តាញ​សង្គម»។

សមត្ថកិច្ច​បន្ត​ថា៖ «ដោយ​មូលហេតុ​សុខភាព​លើស​ឈាម​ផង ស្លាប់​មួយ​ចំហៀង​ខ្លួន​ផង និង​កំពុង​លេប​ថ្នាំ​សរសៃ​ប្រសាទ​ផង ក្រោយ​ពី​ធ្វើ​ការ​ណែនាំ​អប់រំ ធ្វើ​កិច្ចសន្យា និង​សុំទោស​រួច​រាល់​សមត្ថកិច្ច​ក៏​បាន​អនុញ្ញាត​ឲ្យ​គាត់​វិល​ត្រឡប់​ទៅ​គេហដ្ឋាន​វិញ»។ នេះ​បើ​តាម​គេហទំព័រ​អង្គស្នងការដ្ឋាន​នគរបាល​ជាតិ។

ក្នុង​វីដេអូ​សុំទោស​ជា​សាធារណៈ​នោះ លោក ប៉ែន លឹម បាន​ថ្លែង​ថា៖ «ដោយសារ​ខ្ញុំ​មាន​ការ​ខឹង​សម្បារ​ជាមួយ​កូនចៅ​របស់​ខ្ញុំ ពី​មុន​នៅ​ជាមួយ​ខ្ញុំ ក្រោយ​មក​ទៅ​នៅ​ថៃ ហើយ​បង្ហោះ​ស្លាកលេខ​ខ្ញុំ​ចូល​ទៅ​ក្រសួង​សាធារណការ ខ្ញុំ​ឃើញ​ក៏​ខឹង​ហើយ​ជេរ​វា ហើយ​ក៏​រាលដាល​ដល់​ថ្នាក់​ដឹកនាំ​មួយ​ចំនួន។ ដូច្នេះ ខ្ញុំ​សុំ​ការ​អភ័យទោស និង​សុំទោស​ជា​ចាំបាច់ ដោយសារ​ខឹង​ពេក ព្រោះ​ជំងឺ​សរសៃ​ប្រសាទ​រាលដាល»។

បុរសរ​រូប​នេះ​បន្ត​ថា៖ «ចំពោះ​បញ្ហា​ស្លាកលេខ​ឡាន​នេះ ខ្ញុំ​ក៏​បាន​ដោះទុក ហើយ​ចាប់​ពី​ថ្ងៃ​នេះ​ទៅ​ខ្ញុំ​ឈប់​ប្រើ​ហើយ»។

ភ្នំពេញ ប៉ុស្តិ៍ មិន​ទាន់​អាច​សុំ​អត្ថាធិប្បាយ​បន្ថែម​ពី​អធិការ​នគរបាល​ខណ្ឌ​ឫស្សីកែវ​បាន​នៅ​ឡើយ​ទេ។

ឡានដែលបំពាក់ស្លាកលេខមិនត្រឹមត្រូវ។ រូបថត ប៉ូលិស

រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន លោក គង់ វិមាន ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា ស្លាកលេខ​ដែល​បុគ្គល​នោះ​បាន​បំពាក់​លើ​រថយន្ត ​គឺ​ជា​ស្លាកលេខ​ក្លែងក្លាយ។

លោក​ថា៖ «ទី១ ការ​បំពាក់​ស្លាកលេខ​បែប​នេះ គឺ​ប៉ះពាល់​ដល់​ស្ថាប័ន​រដ្ឋ ក្រសួង​មិន​មាន​ជា​គោលការណ៍ អនុញ្ញាត​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវ​ការ​ចំពោះ​ស្លាកលេខ​បែប​នេះ ហើយ​អ្នក​ប្រើប្រាស់​គឺ​ខុស​ច្បាប់»។

លោក វិមាន បន្ត​ថា៖ «ទី២ ប៉ះពាល់​រឿង​គណបក្ស ជា​គោលការណ៍​គណបក្ស​ប្រជាជន មិន​មាន​ការ​អនុញ្ញាត​ឱ្យ​បុគ្គល​ណា​យក Logo ស្លាកសញ្ញា​របស់​គណបក្ស​ទៅ​ប្រើប្រាស់​ជា​លក្ខណៈ​ឯកជន ដើម្បី​បម្រើ​ផល​ប្រយោជន៍​ខ្លួន​ឯង​នោះ​ទេ ករណី​នេះ​ដូចស្លាក​លេខ​អ៊ីចឹង»។

បើ​តាម​លោក គង់ វិមាន សមត្ថកិច្ច​ធ្លាប់​បាន​ហៅ​បុគ្គល​ឈ្មោះ ប៉ែន លឹម មក​ធ្វើ​ការ​អប់រំ និង​ណែនាំ​ម្តង​រួច​មក​ហើយ កាល​ពី​ឆ្នាំ ២០២០ ប៉ុន្តែ​ថ្មីៗ​នេះ​បុរស​រូប​នេះ បាន​យក​ស្លាកលេខ​ដដែល​មក​ប្រើប្រាស់​ម្តង​ទៀត។

លោក​ថា៖ «នៅ​ខែ​មីនា ឆ្នាំ ២០២០ មាន​ករណី​នេះ​ម្តង​រួច​ហើយ យើង​បាន​រាយការណ៍​ទៅ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​សហការ និង​ដោះស្រាយ​ភ្លាមៗ​នាពេល​នោះ​រួច​ម្តង​មក​ហើយ។ ស្រាប់​តែ​ថ្មីៗ​នេះ​ភ្លេចៗ​ខ្លួន​ឃើញ​គាត់​យក​មក​ប្រើ​ម្តង​ទៀត។ ដូច្នេះ​បងប្អូន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ និង​សរសេរ​ប្តឹង​មក​ក្រសួង ហើយ​យើង​ចាត់​ការ​បន្ត​ដោយ​បញ្ជូន​ករណី​នេះ​ទៅ​ឱ្យ​សមត្ថកិច្ច​ដែល​មាន​ការ​ពាក់ព័ន្ធ និង​បាន​ដោះស្រាយ​ភ្លាម»។

ទន្ទឹម​នឹង​នេះ​ដែរ លោក​អំពាវនាវ​ដល់​សប្បុរសជន​ដែល​ទិញ​រថយន្ត​ជា​អំណោយ​ប្រគេន​ជូន​ចៅ​អធិការវត្ត​នានា ត្រូវ​ទៅ​ចុះ​បញ្ជី​ស្លាកលេខ​ឱ្យ​បាន​ត្រឹមត្រូវ​ជា​មុន​សិន ចៀសវាង​ការ​ប្រើប្រាស់​រថយន្ត​ដោយ​ខុស​ច្បាប់។

លោក​ថា៖ «ជាពិសេស​ម្ចាស់​សប្បុរសជន​ដែល​ទិញ​រថយន្ត​ប្រគេន​លោក​សង្ឃ ត្រូវ​បំពេញ​កាតព្វកិច្ច​ចុះ​បញ្ជី​ឱ្យ​បាន​ត្រឹមត្រូវ និង​ធ្វើ​ស្លាក​លេខ​ឱ្យ​ស្រប​ច្បាប់​សិន មុន​ប្រគេន​ជូន​លោក​ចៅអធិការ បើ​យើង​យក​ឡាន​មិន​បាន​ចុះ​បញ្ជី​ប្រគេន​លោក​សង្ឃ គឺ​ព្រះសង្ឃ​មិន​ដឹង​ធ្វើ​យ៉ាង​ម៉េច មាន​តែ​ដាក់​ស្លាកលេខ​វត្ត​នេះ វត្ត​នោះ អ៊ីចឹង​ដាក់​ស្លាក​លេខ​បែប​នេះ គឺ​ខុស​នឹង​ច្បាប់»។

លោក​ គង់ វិមាន ក៏​បាន​គូស​បញ្ជាក់​ដែរ​ថា៖ «ពាក់ព័ន្ធ​ស្លាកលេខ​ពិសេស​ផ្ទាល់​ខ្លួន​នេះ គឺ​មាន​ចែង​ក្នុង​ច្បាប់​រួច​ហើយ យើង​ដាក់​ពាក្យ​កម្ពុជា​នៅ​ពី​លើ ចំណែក​លេខ និង​ឈ្មោះ​នៅ​ខាង​ក្រោម»៕