ព្រះសីហនុ៖ តុលាការ​ខេត្ត​ព្រះសីហនុ​នៅ​ថ្ងៃទី ៤ ​ខែ​ឧសភា បាន​សម្រេច​ផ្តន្ទាទោស​បុរស​ម្នាក់​ដាក់​ពន្ធនាគារ ១ ឆ្នាំ ពាក់ព័ន្ធ​ករណី​ជួប​ជុំ​ផឹក​គ្រឿង​ស្រវឹង​ក្នុង​ផ្ទះ ហើយ​បង្ហោះ​តាម​ហ្វេសប៊ុក ផ្គើន​​នឹង​វិធានការ​របស់​រដ្ឋាភិបាល​ក្នុង​ការ​ទប់ស្កាត់​ការ​រាល​ដាល​ជំងឺ​កូវីដ ១៩។

កាល​ពី​ថ្ងៃទី ២ ឧសភា សមត្ថកិច្ច​អាវុធហត្ថ​ខេត្ត​ព្រះសីហនុ បាន​ឃាត់​ខ្លួន​ជនសង្ស័យ ១ នាក់ មាន​ឈ្មោះ អ៊ូយ សម្បត្តិ ភេទ​ប្រុស អាយុ ៣៣ ឆ្នាំ ជនជាតិ​ខ្មែរ មុខ​របរ​ជា​អាជីវករ ស្នាក់នៅ​ក្រុម​ទី១៣ ភូមិ ៤ សង្កាត់ ១ ក្រុង​ព្រះសីហនុ ពាក់ព័ន្ធ​នឹង​ករណី​មិន​គោរព​វិធានការ​រដ្ឋបាល​របស់​សាលា​ខេត្ត​ព្រះសីហនុ ដែល​បាន​ប្រព្រឹត្ត​ឡើង​កាល​ពី​វេលា​ម៉ោង ១៩ និង ៣០ នាទី​យប់ ថ្ងៃទី ១ ខែ ឧសភា ឆ្នាំ ២០២១។

បន្ទាប់​ពី​ត្រូវ​បាន​ឃាត់​ខ្លួន​នៅ​ថ្ងៃទី ៣ ឧសភា សមត្ថកិច្ច​ក៏​បាន​បញ្ជូន​បុគ្គល​រូប​នេះ ទៅ​កាន់​អយ្យការ​អម​សាលា​ដំបូង​ខេត្ត ពាក់ព័ន្ធ​នឹង​ករណី​មិន​គោរព​វិធានការ​រដ្ឋបាល ផឹកស៊ី​បង្ហោះ​វីដេអូ​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក និង​ករណី​ប្រើប្រាស់​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន។

លោក ហួត វិចិត្រ ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​បាន​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅ​ថ្ងៃ​នេះ​ថា បុគ្គល​រូប​នេះ ត្រូវ​បាន​តុលាការ​បើក​សវនាការ​ជំនុំ​ជម្រះ​កាល​ពី​រសៀល​ថ្ងៃទី ៤ ឧសភា ដោយ​សម្រេច​ផ្តន្ទាទោស​រយៈពេល ១ ឆ្នាំ។

លោក​បញ្ជាក់​ថា៖ «ការ​សម្រេច​នេះ តាមរយៈ​សកម្មភាព​ល្មើស​របស់​គាត់ ដែល​គេ​ហាម​មិន​ឲ្យ​ផឹកស៊ី ហើយ​គាត់​នៅ​តែ​ប្រព្រឹត្ត ហើយ​ឡាយ​វីដេអូ​ក្នុង​បណ្តាញ​សង្គម ឌឺដង​ដាក់​សមត្ថកិច្ច​យើង​ទៀត។ យើង​បាន​បញ្ចូន​គាត់​ទៅ​ពន្ធនាគារ​ហើយ ដោយ​សេចក្តី​សម្រេច​នេះ យើង​ទុក​សិទ្ធិ​ឲ្យ​គាត់​ប្តឹង​តវ៉ា​ក្នុង​រយៈពេល ១ ខែ ទៅ​ឧទ្ធរណ៍»។

បើ​តាម​លោក ហួត វិចិត្រ ក្នុង​ការ​អនុវត្ត​វិធានការ​រដ្ឋបាល​របស់​រដ្ឋាភិបាល​ក្នុង​រយៈពេល​នៃ​ការ​ផ្ទុះ​ការ​ឆ្លង​កូវីដ​ក្នុង​សហគមន៍ ២០ កុម្ភៈ​នេះ លោក​បាន​ចាត់​វិធានការ​ទៅ​លើ​បុគ្គល​ដែល​ល្មើស នឹង​បម្រាម​នេះ​ចំនួន ៧ ករណី​ហើយ។ បទល្មើស​ទាំង​នេះ គឺ​មាន​ច្រើន​ករណី​ទៀត ដែល​មាន​ព្រះរាជអាជ្ញា​ផ្សេង​ជា​អ្នក​ទទួល​បន្ទុក៕