ភ្នំពេញ៖ ព្រឹក​នេះ នគរបាល​រាជធានី​ភ្នំពេញ​បាន​បញ្ជូន​ជនសង្ស័យ​ម្នាក់​ដែល​បង្ហោះ​វីដេអូ​តាម​បណ្ដាញ​សង្គម TikTok ប្រឌិត​រឿង​ចាក់​វ៉ាក់សាំង​ប្រឆាំង​កូវីដ ១៩ ថា បាន​ស្លាប់​ជា​បន្ដបន្ទាប់ ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ក្រោយ​ពី​ចាប់​ឃាត់​ខ្លួន​បាន​កាល​ពី​ម្សិលមិញ។

លោក សាន សុខសីហា អ្នក​នាំពាក្យ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានីភ្នំពេញ ប្រាប់​ ភ្នំពេញ ប៉ុស្តិ៍ នៅ​ព្រឹក​នេះ​ថា សមត្ថកិច្ច​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានីភ្នំពេញ បាន​ឃាត់​ខ្លួន​ជន​ដែល​បាន​បង្ហោះ​វីដេអូ TikTok បំពុល​សង្គម​នោះ​កាល​ពី​រសៀល​ថ្ងៃទី ១២ ខែមេសា នៅ​ក្នុង​ការដ្ឋាន​សំណង់​មួយ​នៅ​ផ្លូវ ៦០ ម៉ែត្រ​ក្នុង​ខណ្ឌ​មានជ័យ។

លោក​ថ្លែង​ថា៖ «ព្រឹក​ហ្នឹង​យើង​នឹង​បញ្ជូន​ទៅ​ហើយ ព្រោះ​ម្សិលមិញ​យើង​ចាប់​យក​មក​ដល់​វា​ល្ងាច​ណាស់​ទៅ​ហើយ អ៊ីចឹង​ព្រឹក​ហ្នឹង​យើង​រៀបចំ​សំណុំ​ឯកសារ បញ្ជូន​ទៅ (តុលាការ) តែ​ម្តង»។

ទោះ​យ៉ាងណា លោក សុខសីហា មិន​បាន​បញ្ជាក់​ច្បាស់​ទេ​ថា តើ​ជន​រូប​នេះ ត្រូវ​បញ្ជូន ទៅ​តុលាការ ក្រោម​ការ​ចោទ​ប្រកាន់​ពី​បទ​អ្វី​ឱ្យ​ប្រាកដ​នោះ​ទេ។ លោក​បញ្ជាក់ថា៖ «បើ​តាម​ការ​សម្របសម្រួល និង​បញ្ជាក់​ពី​ព្រះរាជអាជ្ញា គាត់​គ្រាន់​តែ​បញ្ជាក់​ថា យើង​អាច​ផ្តោត​លើ​ចំណុច​មាត្រា ១១ នៃ​បទ​រារាំង​ដល់​ការ​អនុវត្ត​វិធានការ (ទប់​ស្កាត់​ការ​រីក​រាលដាល​កូវីដ) អ៊ីចឹង​ពេល​ទៅ​ដល់តុលាការ ការ​សិក្សា​មើល ហើយ​ការ​ដាក់​បន្ទុក​យ៉ាង​ម៉េច​អាហ្នឹង ជា​ឆន្ទានុសិទ្ធិ​របស់​តុលាការ»។

បើ​តាម​លោក សុខសីហា ជន​សង្ស័យ​រូប​នេះ ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​កម្លាំង​សមត្ថកិច្ច​ផែន​សន្តិសុខ សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​មានជ័យ តាម​បញ្ជា​របស់​លោក ស ថេត អគ្គស្នងការរង និង​ជា​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដោយ​មាន​ការ​សម្របសម្រួល​ពី លោក សេង ហៀង ព្រះរាជអាជ្ញា​រង​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ។

ជន​សង្ស័យ​មាន​ឈ្មោះ គង់ សម្បតិ្ត ម្ចាស់​គណនី TikTok ឈ្មោះ «ចង្ហាន់​ហុយ» បាន​បង្ហោះសារ​ដែល​មាន​ខ្លឹមសារ​រារាំង​ដល់​ការ​អនុវត្ត​វិធានការ ចាក់​វ៉ាងសាំង​កូវីដ ១៩៕