ភ្នំពេញ៖ បុរស​ម្នាក់​ដែល​យក​ញញួរ​វាយ​សម្លាប់​មិត្តភក្តិ​​​នៅ​សង្កាត់​គីឡូម៉ែត្រ​លេខ ​៦​ ខណ្ឌ​ឫស្សីកែវ​ កាល​ពី​ថ្ងៃទី ​៧ ​តុលា ​ហើយ​​ត្រូវ​​សមត្ថកិច្ច​ចាប់​បាន​នៅ​ខេត្ត​ស្ទឹងត្រែង ​កាល​ពី​ថ្ងៃទី ​១០ ​តុលា ​នឹង​ត្រូវ​នគរបាល​ខណ្ឌ​ឫស្សីកែវ​ ​បញ្ជូន​ទៅ​សាលា​ដំបូង​រាជធានី​ នៅ​ថ្ងៃទី ​១២​​ ខែ​តុលា នេះ​​។​

លោក ​អ៊ីវ​ ឈុនផេង​ អធិការ​រង​ទទួល​ផែន​ការងារ​ព្រហ្មទណ្ឌ​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ឫស្សីកែវ​ ប្រាប់​ពី​ម្សិលមិញ​ថា​ ជន​សង្ស័យ​​ឈ្មោះ ​ផល​ បញ្ញា ​អាយុ ​៣១ ​ឆ្នាំ​ ដែល​ពាក់ព័ន្ធ​បទល្មើស​ឃាតកម្ម​នោះ ​សមត្ថកិច្ច​ទើប​រៀបចំ​សំណុំ​រឿង​រួច​រាល់​នៅ​ថ្ងៃ​ម្សិលមិញ ហើយ​​នឹង​បញ្ជូន​ជនសង្ស័យ​ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី ​១២​ ខែ​តុលា​។​

លោក​ថ្លែង​ថា​៖ ​«ហើយ​​ខ្ញុំ​បញ្ជូន​ជន​ម្នាក់​នោះ​ទៅ​តុលាការ​​នៅ​ថ្ងៃ​ស្អែក​នេះ ​(ថ្ងៃទី ​១២ ​តុលា) ដើម្បី​ឱ្យ​តុលាការ​ចាត់​ការ​ទៅ​តាម​នីតិវិធី​ច្បាប់​»។

ជុំវិញ​រឿងរ៉ាវ​នៃ​អំពើ​​ឃាតកម្ម​នេះ​​ លោក​ ញាណ ​ពុទ្ធា ​នាយ​ប៉ុស្តិ៍​រដ្ឋបាល​គីឡូម៉ែត្រ​លេខ ​៦​ ហើយ​​ដែល​លោក​ទទួល​ព័ត៌មាន​បាន​ពី​សាក្សី​​នៅ​កន្លែង​កើត​ហេតុ​បាន​ប្រាប់​លោក​ថា​ ជន​រងគ្រោះ​ឈ្មោះ ​ហន​​ ចាន់​រស្មី​ និង​​ជនល្មើស​ឈ្មោះ​ ផល​ បញ្ញា​ ជា​កម្មករ​ធ្វើ​នំ​ដូច​គ្នា​ ហើយ​ពួក​គេ​ស្នាក់នៅ​ក្នុង​ហាង​ធ្វើ​នំ​នៅ​ចំណុច​ហាង​ដែល​មាន​យីហោ ​«ផ្ទះ​នំខេក» ​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ ​៥​ ក្នុង​ភូមិ​ក្រោល​គោ សង្កាត់​គីឡូ​ម៉ែត្រ​លេខ ​៦ ខណ្ឌ​ឫស្សីកែវ​។

លោក​រំឭក​ប្រាប់​​ថា​ ជន​រងគ្រោះ​មាន​ស្រុក​កំណើត​នៅ​ភូមិ-​ឃុំ​អណ្តូង​ទឹក ស្រុក​បទុមសាគរ ខេត្តកោះ​កុង ​ដែល​ប្រពន្ធ​​របស់​គាត់​បាន​យក​កូន​ប្រុស​តូច​ម្នាក់​អាយុ​ប្រហែល ៣ ឆ្នាំ​​ មក​លេង​ប្តី ​(ជន​រងគ្រោះ) ​ដែល​ស្នាក់​នៅ​ក្នុង​ហាង​នំ​នោះ​ដែរ​។ ចំពោះ​ជនសង្ស័យ​​ និង​ជន​រងគ្រោះ​​ គឺ​មាន​ទំនាស់​គ្នា​យូរ​​ខែ​កន្លង​មក​ម្តង​ហើយ ​ប៉ុន្តែ​ពួក​គេ​ទាំង ​២ នាក់​ មិន​បាន​បង្ក​ជា​សកម្មភាព​ឈ្លោះ​ទាស់ទែង​គ្នា​អី​ទេ​។ លុះ​​ដល់​ថ្ងៃទី ​៧ ​ ខែ ​តុលា​ ឆ្នាំ ​២០២០ ​មុន​កើត​ហេតុ​​ពេល​ព្រលប់​ គេ​ឃើញ​​ជន​រងគ្រោះ​ចេញ​ទៅ​ក្រៅ​​ផឹកស៊ី​ ហើយ​ក៏​ត្រឡប់​ចូល​មក​ក្នុង​ហាង​វិញ​ប្រហែល​ជា​ម៉ោង ​៨ យប់។ ពេល​នោះ​គេ​បាន​ឮ​ជន​រងគ្រោះ​​និយាយ​សំឡេង​ខ្លាំងៗ​ ធ្វើ​​​ឱ្យ​ជន​សង្ស័យ​​ខឹង​ព្រោះ​រំខាន​ដល់​ការ​​ដេក​ពួន​របស់​គេ ហើយ​ជន​សង្ស័យ​បាន​ស្តី​បន្ទោស​បង្ក​​ឱ្យ​មាន​ជម្លោះ​ទាស់​ទែង​គ្នា​។​

នៅ​ពេល​នោះ​ ជន​សង្ស័យ​បាន​យក​ញញួរ​វាយ​ក្បាល​ជន​រងគ្រោះ​​ត្រូវ​ចំ​សៀតផ្កា ​១ ញញួរ​​ និង​ចំ​ក្បាល​ផ្នែក​​ខាង​ក្រោយ ​១ ​ញញួរ​ទៀត​​ បណ្តល​​ឱ្យ​ស្លាប់​​នៅ​កន្លែង​កើត​ហេតុ​។ បន្ទាប់​មក​ជន​សង្ស័យ​​បាន​រត់​គេច​​ខ្លួន​ពី​កន្លែង​កើត​ហេតុ​ នៅ​​យប់​នោះ​ដែរ​។​ ដូច្នេះ​មូលហេតុ​នៃ​ករណី​ឃាតកម្ម​សម្លាប់​មនុស្ស​នេះ ​គឺ​សមត្ថកិច្ច​សន្និដ្ឋាន​ថា​ អាច​បណ្តាល​​មក​ពី​គំនុំ​ចាស់​ និង​ជម្លោះ​​ពាក្យ​សម្តី​គ្នា​ក្នុង​យប់​កើត​ហេតុ​។​

លោក​ថ្លែង​​ថា​៖ «អំពើ​ហិង្សា​សម្លាប់​មនុស្ស​នេះ អាច​មក​ពី​គំនុំ​ចាស់​ផង​ និង​ថ្មី​ផង​​»​។

ចំពោះ​ការ​តាម​​ចាប់​ខ្លួន​ជន​សង្ស័យ​វិញ ​ត្រូវ​បាន​លោក​ ជាវ​​ វិបុល​ អនុ​ប្រធាន​នាយកដ្ឋាន​​នគរបាល​ព្រហ្មទណ្ឌ​ក្រសួង​​មហាផ្ទៃ​ឱ្យ​ដឹង​ពី​ម្សិលមិញ​ថា​ ជន​សង្ស័យ​ឈ្មោះ​ ផល​​ បញ្ញា​ ត្រូវ​សមត្ថកិច្ច​របស់​លោក​ និង​នគរបាល​ខេត្ត​ស្ទឹងត្រែង​ និង​មាន​ការ​សម្របសម្រួល​ផ្នែក​ផ្លូវ​ច្បាប់​ ពី​ខាង​អយ្យការអម​សាលា​ដំបូង​ខេត្ត​ស្ទឹងត្រែង​ ស្រាវជ្រាវ​​ចាប់​ខ្លួន​ជន​សង្ស័យ​​បាន​​នៅ​រំលងអធ្រាត្រ​​ឈាន​ចូល​ថ្ងៃទី ១០ ​ខែ​​តុលា ​ខណៈ​ដែល​ជន​នេះ បាន​លាក់​ខ្លួន​នៅ​ផ្ទះ​បងស្រី​របស់​គេ ក្នុង​ភូមិ​រាជានុកូល​ សង្កាត់​-​ក្រុង​ស្ទឹងត្រែង​​៕