កណ្តាលៈ អយ្យការអមសាលាដំបូងខេត្តកណ្តាល កាលពីម្សិលមិញ បានសម្រេចដោះលែងឲ្យបុរសម្នាក់ ដែលសង្ស័យថា បានវាយសម្លាប់កូនប្រុសបង្កើតរបស់ខ្លួនម្នាក់ នៅភូមិម្កាក់ ឃុំដើមឫស ស្រុកកណ្តាលស្ទឹងត្រឡប់ទៅផ្ទះវិញ បន្ទាប់ពីសមត្ថកិច្ចចាប់បញ្ជូនដល់តុលាការ ប៉ុន្មានម៉ោង។
លោកព្រះរាជអាជ្ញារង ទិន សុចិត្រា ដែលជាអ្នកនាំពាក្យនៃសាលាដំបូងខេត្តកណ្តាល បានឲ្យដឹងកាលពីម្សិលមិញថា បុរសចំណាស់ម្នាក់ ឈ្មោះ ផង់ ជាង អាយុ ៦៨ ឆ្នាំ ដែលសង្ស័យថា បានវាយសម្លាប់កូនប្រុសរបស់ខ្លួន ហើយដែលមន្រ្តីនគរបាល ខេត្តកណ្តាល បានចាប់បញ្ជូនមកតុលាការខេត្តនោះ ត្រូវតុលាការអនុញ្ញាតឲ្យគាត់ត្រឡប់ទៅផ្ទះវិញសិនហើយ។
លោកបញ្ជាក់ថា៖ «តុលាការ ឲ្យគាត់ទៅផ្ទះវិញព្រោះយល់ថា សំណុំរឿងនេះនៅមានវិមតិសង្ស័យច្រើន ដែលអាចត្រូវតុលាការ និងសមត្ថកិច្ចនគរបាលស្រាវជ្រាវបន្តទៀត។ គ្មានការដាក់ប្រាក់តម្កល់ធានាខ្លួនអីទេប៉ុន្តែយោងលើសាច់ញាតិរបស់គាត់មកអះអាងពីការមិនជាប់ពាក់ព័ន្ធបទល្មើស»។
លោក ចៅ វុទ្ធី ប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលឲ្យដឹងកាលពីម្សិលមិញថា តាមរបាយការណ៍របស់នគរបាលស្រុកកណ្តាលស្ទឹង បង្ហាញថា នៅថ្ងៃទី ១០ ខែកុម្ភៈ ២០១៩ វេលាម៉ោង ១៨ និង ៣០ នាទី ជនសង្ស័យជាឪពុក ឈ្មោះ ផង់ ជាង បានទៅហូបការគេជាមួយចៅស្រីម្នាក់អាយុ ៤ ឆ្នាំនៅក្នុងភូមិ ដោយផឹកស្រាបៀរអស់ ២ កំប៉ុង រហូតដល់ម៉ោង២០ និង ១០ នាទី ទើបត្រឡប់មកផ្ទះវិញ រួចក៏ចូលដេកក្នុងបន្ទប់ក្រោមផ្ទះពេល កំពុងដេកនៅ វេលាម៉ោងប្រហែល ២ និង ២០ នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី ១១ កុម្ភៈពេលជនរងគ្រោះជាកូនឈ្មោះ ផង់ បាន ត្រឡប់មកពីហូបការគេក្នុងភូមិ ស្រែកឡូឡាជេរ ហើយជនសង្ស័យ បានតបវិញថា ឡូឡាអីថ្មើរ ហ្នឹង ស្រាប់តែជនរងគ្រោះស្ទុះយកដំបងឈើជ្រុងវាយជនសង្ស័យជាឪពុក តែឪពុកគេចផុត រួចជនរងគ្រោះនៅបន្តជេរជនសង្ស័យដដែលៗ។
ពេលជនរងគ្រោះដើរទៅដេកលើអង្រឹងក្រោមផ្ទះ ជនសង្ស័យក៏ចូលក្នុងបន្ទប់ទាញយកដែកជ្រុងចន្ទល់ទ្វារ ហើយស្ទុះទៅវាយជនរងគ្រោះរហូតដល់ស្លាប់ ហើយបានចូលដេករហូតទល់ភ្លឺ។ ដល់ព្រឹកឡើង ទើបមានការភ្ញាក់ផ្អើលដឹងពីហេតុការណ៍ថា ជនរងគ្រោះស្លាប់ នៅក្រោមផ្ទះ។ លុះនៅព្រឹកថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០១៩ ត្រូវសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យនៅក្នុងភូមិម្កាក់៕