ព្រៃវែងៈ បុរស​សង្ស័យ​ញៀន​ថ្នាំញៀន​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​តាម​ចាប់ខ្លួន​កាលពី​រំលង​អធ្រាត្រ​ចូល​ថ្ងៃទី​ ១១ ​មីនា​ ពាក់ព័ន្ធ​វាយ​សម្លាប់​លោកគ្រូ​បង្រៀន​ម្នាក់​ប្រព្រឹត្ត​នៅ​ភូមិ​ឆ្វាង ឃុំ​ប្រធាតុ ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង​កាលពី​ថ្ងៃទី​ ១០ ​មីនា​។

លោក សួន សំអឿន អធិការនគរបាល​ស្រុក​កំពង់ត្របែក​បានឱ្យ​ដឹង​ពី​ម្សិលមិញ​ថា ជនសង្ស័យ​ឈ្មោះ ឃឹម ខឿន ហៅ ក្រឡិច ភេទ​ប្រុស អាយុ​ ២២ ​ឆ្នាំ​ ជា​អ្នក​លាង​ម៉ូតូ​មាន​លំនៅ ភូមិ​ត្រម៉ុត ឃុំ​ប្រធាតុ ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង​។

ចំណែក​ជនរងគ្រោះ​ឈ្មោះ សេក មុន្នី ភេទ ប្រុស អាយុ​ ៣០ ​ឆ្នាំ​ ជា​គ្រូបង្រៀន​នៅ​សាលាបឋម​សិក្សា​ពោធិ​ក្នុងភូមិ​ឆ្វាង ឃុំ​ប្រធាតុ ស្រុក​កំពង់ត្របែក​ខេត្តព្រៃវែង​។

លោក​ប្រាប់ថា ជនសង្ស័យ និង​ជនរងគ្រោះ​ជា​មនុស្ស​រាប់អាន​គ្នា ហើយ​រឿងនេះ​បើតាម​ស្តាប់ទៅ​ដូចជា​មិន​ធ្ងន់ធ្ងរ​អី​ទេ ព្រោះ​ជនល្មើស​ថា ជនរងគ្រោះ​និយាយដើម​គេ​រឿងនេះ​គ្រាន់តែ​ប៉ុណ្នឹង​។ ជនសង្ស័យ និង​ជនរងគ្រោះ​ជា​អ្នករស់នៅ​ក្នុងភូមិ​ជាមួយគ្នា​។

លោក សំអឿន ថ្លែងថា​៖ «​ជនសង្ស័យ​ទាស់សម្តី​ជាមួយ​ជនរងគ្រោះ​ហើយ​បាន​យក​ឈើ​ជ្រុង​វាយ​ក្បាល​ពីក្រោយ​របស់​ជនរងគ្រោះ​បណ្តាល​ឱ្យ​ដួលសន្លប់​។ ពេលនោះ​ក្រុម​គ្រួសារ​បាន​ដឹក​ជនរងគ្រោះ​ទៅ​មន្ទីរពេទ្យបង្អែក​ស្រុក​កំពង់​ត្របែក តែ​ត្រូវ​គ្រូពេទ្យ​ប្រាប់ថា​ជនរងគ្រោះ​បាន​ដាច់ខ្យល់​ស្លាប់បាត់​ទៅហើយ​»​។

លោក សំអឿន ថ្លែង​ដោយយោង​តាម​កោសល្យវិច័យ​ពិនិត្យឃើញ​ថា នៅ​ផ្នែក​ក្បាល ខាងក្រោយ​របស់​ជនរងគ្រោះ​បាន​ប៉ះទង្គិច​ធ្ងន់ធ្ងរ​នឹង​វត្ថុ​រឹង​។ ​ចំណែក​ជនសង្ស័យ​នឹងត្រូវ​បញ្ជូន​ទៅ​សួរចម្លើយ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រៃវែង​ នៅ​ព្រឹក​ថ្ងៃទី​ ១២ ​មីនា​៕