ស្វាយរៀងៈ សមត្ថកិច្ច​បាន​បញ្ជូន​ជនសង្ស័យ​ម្នាក់​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង​ពី​ម្សិលមិញ​ បន្ទាប់ពី​កាប់​លោកយាយ​ម្នាក់​ស្លាប់​ និង​ចៅស្រី​របស់​គាត់​ម្នាក់ទៀត​ឲ្យ​ដាច់​ថ្ពាល់​ម្ខាង​កាលពី​ថ្ងៃទី​ ៣ ខែ​សីហា ប្រព្រឹត្ត​នៅ​ភូមិ​ត្រពាំងផ្លុង ឃុំ​ដូង ស្រុក​រមាសហែក ខេត្ត​ស្វាយរៀង​។

លោក សេក វណ្ណា នាយនគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ដូង​បាន​ឲ្យ​ដឹង​ពី​ម្សិលមិញ​ថា ជនសង្ស័យ​ឈ្មោះ សេង ទិត្យ អាយុ ៣៧ ​ឆ្នាំ​មាន​ប្រពន្ធ និង​មានកូន​ប្រុស​ម្នាក់ ស្រី​ ២ ​នាក់​។ ចំណែក​លោកយាយ​រងគ្រោះ​ឈ្មោះ ហ៊ីង យ៉ឹម អាយុ ៧៥ ឆ្នាំ ហើយ​ចៅស្រី​គាត់​ឈ្មោះ​ ម៉ែន រី អាយុ​ ១៤ ​ឆ្នាំ ពួកគេ​ទាំង​ ៣ ​នាក់​រស់នៅ​ក្នុង​ភូមិ​ត្រពាំងផ្លុង​។

លោក វណ្ណា ថ្លែងថា​៖ «​រឿងនេះ​កើត​បាន​ ១ ​ថ្ងៃ​ប៉ុន្តែ​ខ្ញុំ​ទើប​សួរ​ជនសង្ស័យ​ចប់​នៅ​ថ្ងៃទី​ ៤ ​សីហា បន្ទាប់ពី​សួរ​ចប់​ភ្លាម​ខ្ញុំ​បញ្ជូន​គាត់​ទៅ​ស្នងការដ្ឋាន​ខេត្តស្វាយរៀង​បាត់​ហើយ​»​។

លោក​ប្រាប់ថា យោងតាម​ចម្លើយ​របស់​ជនសង្ស័យ​បាន​ឲ្យ​ដឹងថា​មុន​រូបគេ​បង្កហេតុ​គឺ​នៅក្នុង​ខ្លួន​របស់គេ​មាន​អារម្មណ៍​ថា មាន​មនុស្ស​ចេះតែ​ដេញ​កាប់​គាត់ ហើយ​គាត់​បានឃើញ​មនុស្ស​ច្រើន​បាន​បង្ខំ​ឲ្យ​គាត់​ដើរ​កាប់​គេ​ពេលនោះ​គាត់​ក៏​ធ្វើតាម​។ ​ប៉ុន្តែ​លោក​ថា​ចម្លើយ​របស់​ជនសង្ស័យ​នេះ​គឺ​ចម្លើយ​ខ្លះ​ពិបាក​ក្នុងការ​វិនិច្ឆ័យ​ដោយសារ​តែ​មនុស្ស​នេះ​ផឹកស្រា​ហាក់​ក្លាយ​ទៅ​ជា​មនុស្ស​សរសៃប្រសាទ​ទៅហើយ​។

លោក វណ្ណា ប្រាប់​តាម​សម្តី​ស្ត្រី​ជា​ប្រពន្ធ​ថា ប្តី​របស់គាត់​ជា​មនុស្ស​ញៀន​ស្រា​ហើយ​ស្ទើរ​រាល់ថ្ងៃ​ពេលណា​ដែល​ប្តី​គាត់​ស្រវឹងស្រា​តែងតែ​បង្កជម្លោះ​ក្នុង​គ្រួសារ​ ប៉ុន្តែ​ជនសង្ស័យ​មិនបាន​ប្រើ​អំពើហិង្សា​វាយដំ​ធ្ងន់ធ្ងរ​ដល់​ប្រពន្ធ​កូន​ទេ​។ លុះ​នៅ​វេលា​ម៉ោង​ប្រមាណ​ជា​​ ៦ ​ល្ងាច​ថ្ងៃទី​ ៣ សីហា ជនសង្ស័យ​បាន​កាន់​កាំបិត​ក​កុក​មួយ​ដើររក​ប្រពន្ធ​​ ខណៈ​ប្រពន្ធ​របស់គាត់​បានចេញ​ទៅ​លក់ដូរ​នៅ​ភូមិ​ផ្សេង​។

លោក​បាន​ឲ្យ​ដឹង​ដោយ​យោងតាម​សម្តី​សាក្សី​ថា ​នៅពេល​កើតហេតុ​គេ​ឃើញ​ជនសង្ស័យ​កាន់​កាំបិត​ ១ ​ដើរ​ក្នុង​ភូមិ​ហើយ​ឲ្យ​តែ​ឃើញ​មនុស្ស​ដើរ​ជិត​គឺ​ជនសង្ស័យ​ដេញ​កាប់​គេ​តែម្តង​។ តែ​ចៃដន្យ​ជនសង្ស័យ​បាន​ដើរទៅ​ផ្ទះ​លោកយាយ​រងគ្រោះ​ហើយ​សួររក​ប្រពន្ធ​របស់ខ្លួន​ដែល​ពេល​នោះគេ​មិនដឹង​ថា​លោកយាយ​រងគ្រោះ​និយាយ​យ៉ាងម៉េច​ជាមួយ​ជនសង្ស័យ​ទេ​ទើប​ជនសង្ស័យ​កាប់​លើ​លោកយាយ​បណ្តាល​ឲ្យ​របួសធ្ងន់​ចំ​កញ្ចឹងក​ពី​ខាងក្រោយ ១ ​កាំបិត​។ ​

ចំណែកឯ​ចៅស្រី​របស់គាត់​ក៏ត្រូវ​ជនសង្ស័យ​កាប់​ដាច់​ថ្ពាល់​ខាងឆ្វេង​ហើយ​ភ្លាមៗ​នោះ​អ្នកភូមិ​បាន​ដឹក​ជនរងគ្រោះ​ទៅ​មណ្ឌល​សុខភាព​ឃុំ​ដូង​តែ​ពេល​ដល់​មណ្ឌល​សុខភាព​លោកយាយ​រងគ្រោះ​ក៏​ដាច់ខ្យល់​ស្លាប់​ទៅ​។ ចំណែកឯ​ក្មេងរងគ្រោះ​ត្រូវ​ក្រុមគ្រួសារ​បញ្ជូន​បន្ត​ទៅ​មន្ទីរពេទ្យ​រាជធានី​ភ្នំពេញ​ក្នុង​ថ្ងៃ​ដដែល​។

លោក សេក វណ្ណា បាន​បញ្ជាក់​ប្រាប់ថា បើតាម​ប្រពន្ធ​របស់​ជនសង្ស័យ​ប្រាប់​មក​សមត្ថកិច្ច​របស់​លោក​ថា​ជនសង្ស័យ​គ្មាន​ប្រវត្តិ​មាន​ជំងឺ​សរសៃប្រសាទ​ទេ​ហើយ​ជនសង្ស័យ​ក៏​មិន​ដែល​ទៅ​មន្ទីរពេទ្យ​ដើម្បី​ពិនិត្យ​រក​ជំងឺ​សរសៃ​ប្រសាទ​ដែរ​តែ​ជនសង្ស័យ​ជា​មនុស្ស​ញៀន​ស្រា​ខ្លាំង​។

លោក​ប្រាប់ថា ក្រុមគ្រួសារ​ជនរងគ្រោះ​នៅ​មិន​ទាន់​ដាក់ពាក្យ​បណ្តឹង​មក​សមត្ថកិច្ច​របស់​លោក​ទេ​បន្ទាប់ពី​ហេតុការណ៍​នេះ​កើតឡើង​។ ​ប៉ុន្តែ​ប្រហែល​ជា​ខាង​ក្រុមគ្រួសារ​របស់​ជនរងគ្រោះ​គិតគូរ​ពី​ការធ្វើ​បុណ្យសព និង​ព្យាបាល​កូនស្រី​ដែល​ត្រូវរបួស​សិន​ហើយ​មើលទៅ​។ តែ​ទោះជា​យ៉ាងណា​បើ​ក្រុមគ្រួសារ​របស់​ជនរងគ្រោះ​មិនទាន់​បាន​ប្តឹង​យ៉ាងណាក្តី​ក៏​សមត្ថកិច្ច​របស់លោក​ធ្វើ​របាយការណ៍​ស្តីពី​អំពើ​​ឃាតកម្ម​នេះ​ទៅ​តុលាការ​ហើយ​ដែរ​៕