បាត់ដំបងៈ នគរបាល​ព្រហ្មទណ្ឌ​ខេត្តបាត់ដំបង​ពី​ម្សិលមិញ​បាន​កសាង​សំណុំរឿង​បញ្ជូន​បុរស​ម្នាក់​ទៅ​សាលាដំបូង​ខេត្តបាត់ដំបង​បន្ទាប់ពី​ឃាត់ខ្លួន​កាលពី​ថ្ងៃទី​ ២៩ ​មីនា ​ដែល​ជនសង្ស័យ​រស់នៅ​ភូមិ​គគីរ ឃុំ​ភ្នំព្រឹក ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង​។

លោក លឹម ពុទ្ធីឡា ស្នងការរង​ទទួល​ផែនការ​ងារ​នគរបាល​ព្រហ្មទណ្ឌ​ខេត្ត​បានឱ្យ ​ភ្នំពេញ​ ប៉ុស្តិ៍​ ដឹង​កាលពី​ថ្ងៃ​ម្សិលមិញ​ថា ជនសង្ស័យ​ឈ្មោះ​ ហួន បូរី ភេទ​ប្រុស អាយុ ៣២ ​ឆ្នាំ រស់នៅ ភូមិ​គគីរ ឃុំ​ភ្នំព្រឹក ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង​។ ជន​ម្នាក់នេះ​ត្រូវ​សមត្ថកិច្ច​របស់លោក​ចាប់បញ្ជូន​បន្តទៅ​សាលាដំបូង​ខេត្តបាត់ដំបង​នៅ​រសៀល​ថ្ងៃទី​ ៣០ មីនា​។

លោក​ស្នងការ​ថ្លែងបន្តថា ជនសង្ស័យ​ម្នាក់នេះ​កាលពី​ថ្ងៃទី​ ២៩ មីនា បាន​ប្រើប្រាស់​គណនី​ហ្វេសប៊ុក​ដោយ​ប្រើ​ឈ្មោះ​ បូរី ហើយ​ជនសង្ស័យ​មិន​ត្រឹមតែ​ដាក់​រូប​របស់​សម្តេចនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​ទេ តែ​រូបគេ​ថែមទាំង​បាន​សរសេរ​សារ​អម​ដោយ​ខ្លឹមសារ​ជេរប្រមាថ​ធ្ងន់ធ្ងរ​ដល់​អាជ្ញាធរ​ស្រុក​ភ្នំព្រឹក ពិសេស​សម្តេចនាយករដ្ឋមន្ត្រី​ ហ៊ុន សែន ​តែម្តង​។

បន្ទាប់ពី​បានឃើញ និង​ត្រួតពិនិត្យ​តាម​គណនី​ហ្វេសប៊ុក​ឈ្មោះ​​ បូរី ​នោះមក​លោក​ស្នងការរង​សុំ​យោបល់​ពី​លោក សាត គឹមសាន ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង និង​សុំ​គោលការណ៍​ពី​លោក ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តបាត់ដំបង​ចុះ​ចាប់ខ្លួន​ជនសង្ស័យ​ដល់​មូលដ្ឋាន​របស់គេ​ដែល​កំពុង​រស់នៅ​តែម្តង​។ ​

លោក​ថ្លែងថា៖ «​តាមពិតទៅ​ជនសង្ស័យ​ម្នាក់នេះ​ត្រូវ​សមត្ថកិច្ច​យើង​ហៅ​មក​ធ្វើការ​អប់រំ​ម្តងមកហើយ​ ដោយសារ​កាលពី​លើក​ទី​១ ​គាត់​បាន​សរសេរ​សារ​រិះគន់​ថ្នាក់ដឹកនាំ​ប្រទេស​ និង​អាជ្ញាធរ​ស្រុក​តែ​គាត់​ប្រើពាក្យ​ស្រាលៗ​ទេ​។ ​តែ​លើក​នេះ​គាត់​ជេរ​តែម្តង​អីចឹង​យើង​ត្រូវតែ​ចាប់គាត់​»​។

លោក​បញ្ជាក់​ប្រាប់ថា​ក្រោយ​ចាប់ខ្លួន​ជនសង្ស័យ​បាន​សារភាព​ប្រាប់​សមត្ថកិច្ច​ថា រូបគេ​ពិតជា​បាន​សរសេរ​សារ​រិះគន់ និង​ជេរប្រមាថ​ថ្នាក់ដឹកនាំ​ប្រទេស​ពិតប្រាកដ​មែន​។ ​ដោយយោង​ទៅលើ​ការសារភាព​របស់​ជនសង្ស័យ​ហើយ​ម្យ៉ាងទៀត​ដោយសារ​តែ​ជនសង្ស័យ​មាន​កំហុស​ម្តង​ហើយ​តែ​មិន​ព្រម​កែខ្លួន​ទើប​សមត្ថកិច្ច​លោក​សម្រេច​អនុវត្តតាម​ច្បាប់​តែម្តង​។

ពាក់ព័ន្ធ​បញ្ហា​នេះ​ត្រូវបាន​លោក សឹង សែនករុណ អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស អាដហុក ប្រាប់​ពី​ម្សិលមិញ​ថា តាមពិត​ការបញ្ចេញមតិ​អ្វីមួយ​នៅក្នុង​បណ្តាញ​សង្គម​ហ្វេសប៊ុក​ដែល​ជា​ការរិះគន់​ត្រូវតែ​មាន​មូលដ្ឋាន​ហើយ​បើ​ការបញ្ចេញមតិ​នោះ​ប្រកបដោយ​រឿង​មិន​ពិត​គឺ​លោក​មិន​គាំទ្រ​ទេ​។ ​ប៉ុន្តែ​បើ​ការបញ្ចេញមតិ​របស់​បុគ្គល​នោះ​បែរជា​មិន​មាន​អ្វី​កើតឡើង​គឺជា​បញ្ហា​របស់​បុគ្គល​នោះ​ព្រោះ​គាត់​មិនគួរ​ណា​សរសេរ​សារ​បែប​ហ្នឹង​ទេ​។

លោក​ថា​៖ «​តាមពិត​ការបញ្ចេញមតិ​វា​ចេះតែ​មាន​ហើយ​ក៏​ប៉ុន្តែ​ជា​ការបញ្ចេញមតិ​មួយ​ដែល​ធ្វើឡើង​ក្នុង​ការរិះគន់​ដើម្បី​ស្ថាបនា​តែ​យើង​មិនគួរ​បង្កើត​រឿង​មិន​ពិត​ហើយ​ធ្វើឱ្យ​មាន​បញ្ហា​ទេ​។ ​យើង​ក៏​មិន​ចង់ឱ្យ​មាន​វិធានការ​ផ្លូវច្បាប់​ទេ​អាច​គ្រាន់តែ​ជា​ការអប់រំ​គាត់​អំពី​បញ្ហា​ទាំងអស់​នោះ​ទៅ​គួរ​កុំ​ប្រើ​វិធានការ​ផ្លូវច្បាប់​»៕