ភ្នំពេញៈ បុរស​ជាជន​សង្ស័យ​ម្នាក់​ត្រូវបាន​កម្លាំង​នគរបាល ​ដេញចាប់​ខ្លួនបាន​ភ្លាម​ៗ​ បន្ទាប់​ពី​ជននោះ​ប្រើ​កាំភ្លើង​ខ្លី​បាញ់​ស្រ្តី​ជា​ប្រពន្ធ​ចំនួន​ ៤​ គ្រាប់​ ឲ្យ​របួស​ធ្ងន់ នៅ​ភូមិ​ចុង​ថ្នល់​ខាងលិច​ សង្កាត់​ទឹក​ថ្លា​ ខណ្ឌ​ សែន​សុខ ​រាជធានី​ភ្នំពេញ​ ដែល​សង្ស័យជា​រឿង​ប្រចណ្ឌ​ កាល​ពី​យប់​ថ្ងៃ​ទី ​៧ ​ខែ​ សី​ហា​ ឆ្នាំ​ ២០១៩។

លោក ​ហួ ​ម៉េងវ៉ាង​ អធិការ​នគរបាល ​ខណ្ឌ​ សែនសុខ​ បា​ន​ប្រាប់​ពី​ម្សិលមិញ​ថា​ ជន​សង្ស័យ​ដែល​បាញ់​ប្រពន្ធ​ខ្លួនឯង​នោះ​ ឈ្មោះ​ឆោម ​ចំណាន​ អាយុ ៣៩ ឆ្នាំ​ជា​មន្រ្តី​យោធា​ បម្រើ​ការ​នៅ​ភូមិ​ភាគ​ ៥ ​ឋានៈ​​ពលបាលឯ​ក​។​ ​រីឯ​ស្រ្តី​រងគ្រោះ​ជា​ប្រពន្ធ​ឈ្មោះ​ ជា​ គីម​ឡាង ​អាយុ ២៩ ​ឆ្នាំ​ ទាំង​ ២​ នាក់​ ប្តី​ប្រពន្ធ​រស់​នៅ​ភូមិ​៧ ​សង្កាត់​ទឹក​ថ្លា ​ខណ្ឌ​សែនសុខ ​រាជ​ធានីភ្នំ​ពេញ។​

​លោកប្រាប់​ថា​៖​ «បើ​តាម​ចម្លើយ​របស់​ជន​សង្ស័យ​ប្រាប់​សមត្ថកិច្ច​ថា​ដោយ​សារ​តែ​គេ​ប្រច័ណ្ឌប្រ​ពន្ធ​របស់​គេ​។ ប៉ុន្តែ​គ្រូពេទ្យ​ប្រាប់​តាម​សាច់ញាតិ​ថា ​នាងវះកាត់​ផុត​ពី​ស្លាប់​ហើយ។

លោក ​ម៉េងវ៉ាង ​បានបន្ត​តាម​សាក្សី​នៅ​កន្លែង​កើត​ហេតុ​ថា​មុ​ន​ពេល​កើត​ហេតុ​ ជន​សង្ស័យ​បាន​បើករ​ថយន្ត ​១ ​គ្រឿង ​ម៉ាក​ហាយ ​ឡេ​ន​ឌ័រ ​ពាក់​ផ្លាក​លេខ ​ប​.មានជ័យ 2A-6753​ ចូល​ចត​ នៅក្នុង​ហាង​ផឹក​ស៊ី​មួយ​កន្លែង​។ ​លុះ​មួយ​សន្ទុះ​ក្រោយ​មក ​ស្រាប់​តែ​លេចមុខ​ប្រពន្ធ​របស់គាត់​ជិះ​ម៉ូតូ​កូន​ទា​ពាក់​ស្លាក​លេខ ​1HJ8167 ​មក​ឈប់​រួច​ក៏​ចូល​ទៅ​ក្នុង​ហាង​សំដៅទៅ​ហៅ​ប្ដី​។​ ពេល​នោះ​ជន​សង្ស័យ​បាន​ហៅ​ស្រ្តី​រងគ្រោះ​ជា​ប្រពន្ធ​ឲ្យ​អង្គុយ​ផឹក​ស៊ី​ជា​មួយ​ខ្លួន​ដែរ​ ប៉ុន្តែ​ស្រ្តី​រង​គ្រោះ​ប្រ​កែក​មិន​ព្រម​ តាម​ការ​ហៅ​របស់​ប្តី​ ហើយ​ជន​សង្ស័យ​ខឹង​ទើប​ដក​កាំភ្លើង​ខ្លី​ពីចង្កេះ​បាញ់​ទៅលើ​ស្រ្តីរងគ្រោះ​បណ្តាល​ឲ្យ​ដួលដេក​នៅ​កន្លែង​កើតហេតុ​តែ​ម្តង។

លោកអធិការ​បញ្ជាក់​ថា ​ក្នុង​ហេតុការណ៍​នោះ​ ជន​សង្ស័យ​បាន​ប្រើ ​កាំភ្លើង​ម៉ាក ​K59​ បាញ់​សំដៅ​ទៅ​លើ​ប្រពន្ធ​ចំនួន​៧​គ្រាប់​ បណ្ដាល​ឱ្យ​រងរបួស​ធ្ងន់ ​រួច​ជនសង្ស័យ​ក៏​បាន​រត់​ឡើងលើ​រថយន្ត​បើក​តាម​បណ្ដោយ​ផ្លូវ​ហាណូយ​ក្នុង​ទិសដៅ​ពី​ត្បូង​ទៅ​ជើង​យ៉ាង​លឿន​។​ ប៉ុន្តែ​ត្រូវ​បាន​ប្រជាព​រដ្ឋ​រាយ​ការ​ណ៍ទៅ​សមត្ថកិច្ច​ខណ្ឌសែន​សុខ ​ហើយ​កម្លាំង​សមត្ថកិច្ច​បាន​ចេញ​ប្រតិបត្តិការ​ភ្លាមៗ ​ដេញ​តាម​រថយន្ត​របស់​ជន​សង្ស័យ​នោះ​ ដោយ​បាន​ប្រកាសតាម​វិទ្យុ​ទាក់ទង​ឱ្យ​កម្លាំង​សមត្ថ​កិច្ច​ដែល​នៅ​តាម​គោលដៅ​ចាំ​ស្ទាក់​ចាប់ ​ស្របពេល​នោះ​ក៏​មាន​រថយន្ត​កុងតឺន័រ​កាក់​ពីមុខ​ទើប​សមត្ថកិច្ច​ឃាត់​រថយន្ត​នោះបាន។​

​តាម​ការពិនិត្យ​លើ​ស្រ្តី​រងគ្រោះ​ឃើញ​មាន​របួស ​ចំ​ត្រង់​ស្មា​ខាងស្តាំ ​១​​ កន្លែង​ នៅម្តុំ​ពោះ​ទឹកខាង​ស្តាំ ​១ ​កន្លែង ​និង​ត្រូវ​ចំ​ភ្លៅ​ចំនួន ​២ ​គ្រាប់។​

លោក​ប្រាប់​ថា​ ក្រោយ​កើត​ហេតុ​ស្រ្តី​រងគ្រោះ​ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​សង្គ្រោះប​ន្ទាន់​នៅ​មន្ទីរ​ពេទ្យ​កាលម៉ែត​ ទាំង​យប់​ហើយ​រហូត​មកដល់​ថ្ងៃ​នេះ(​ថ្ងៃ​ទី​ ៨​ សី​ហា ​) គ្រូពេ​ទ្យ​ប្រាប់​ថា​ នាង​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​ធ្វើការវៈ​កាត់​យក​ក្បាល​គ្រាប់​ចេញ​អស់​ហើយ​។​ ចំណែក​ជ​នសង្ស័យ​ជា​ប្តី​នៅ​ថ្ងៃទី ​៨ ​សី​ហា​ សមត្ថកិច្ច​កំពុង​តែ​សាក​សួរ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ ​ចាត់​ការ​តាម​នីតិវិធី​ ដើម្បី​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​ផ្លូវ​ច្បាប់​បន្តទៀត៕​​