ក្រចេះ: បុរសជាកូនបង្កើត និងជាមនុស្សញៀនថ្នាំម្នាក់ត្រូវសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តក្រចេះកាលពីថ្ងៃទី ៩ មេសា បន្ទាប់ពីឃាត់ខ្លួនកាលពីថ្ងៃទី ៧ មេសាពាក់ព័ន្ធប៉ងអារកឪពុកបង្កើតដោយសារខឹងសុំលុយ ១០ ម៉ឺនរៀលមិនបានដែលប្រព្រឹត្តនៅភូមិច្រាប ឃុំ ២ ធ្នូ ស្រុកស្នូល ខេត្តក្រចេះ។
លោកស្រី នៅ រតនា ស្នងការរងប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនប្រាប់ភ្នំពេញប៉ុស្តិ៍ពីម្សិលមិញថា ជនសង្ស័យឈ្មោះ លី រ៉ហ្វាត អាយុ ២៣ ឆ្នាំត្រូវបានអធិការដ្ឋាននគរបាលស្រុកស្នួលបញ្ជូនដល់ស្នងការដ្ឋាននគរបាលខេត្តក្រចេះហើយកាលពីរសៀលម្សិលមិញ។ ប៉ុន្តែសមត្ថកិច្ចជំនាញរបស់លោកស្រីត្រូវធ្វើរបាយការណ៍សំយោគ និងត្រូវសាកសួរជនសង្ស័យបន្ថែមទៀតសិនមុននឹងបញ្ជូនជនសង្ស័យបន្តទៅសាលាដំបូងខេត្តក្រចេះ។
លោកស្រីថ្លែងថា ជនសង្ស័យម្នាក់នោះនឹងត្រូវបញ្ជូនខ្លួនទៅព្រះរាជអាជ្ញានៅថ្ងៃទី ៩ ខែមេសាចំពោះការចោទប្រកាន់យ៉ាងណានោះគឺអាស្រ័យព្រះរាជអាជ្ញា។
លោក នន់ រ័ត្ននារី នាយផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកស្នួលប្រាប់ឲ្យដឹងកាលពីម្សិលមិញថា ជនសង្ស័យគឺជាមនុស្សញៀនថ្នាំខ្លាំងបានយកកាំបិតប៉ុនប៉ងអារកសម្លាប់ឪពុកជាជនរងគ្រោះឈ្មោះ ប្រឹម ម៉ាលី អាយុ ៦១ ឆ្នាំពួកគេជាឪពុក-កូនបង្កើតហើយជាខ្មែរ-អ៊ិស្លាម។ ជនសង្ស័យមិនទាន់អារកជនរងគ្រោះនៅឡើយទេគាត់គ្រាន់តែជន្លហើយបងស្រីគាត់ឃើញក៏ទៅឃាត់។ កូនប្រុសនោះខឹងសុំលុយឪពុកមិនបាន។
លោក រ័ត្ននារី បានឲ្យដឹងដោយយោងតាមសម្តីសាច់ញាតិរបស់ជនរងគ្រោះថា ជនសង្ស័យជាមនុស្សញៀនថ្នាំខ្លាំង ហើយកន្លងមកសូម្បីតែទ្រព្យសម្បត្តិនៅក្នុងផ្ទះទាំងប៉ុន្មានក៏ត្រូវជនម្នាក់នេះលួចលក់អស់ដែរពោលគឺបំផ្លាញទ្រព្យនៅក្នុងផ្ទះតែម្តងដើម្បីយកលុយទៅទិញថ្នាំញៀនជក់។
មុនពេលកើតហេតុជនសង្ស័យបានសុំលុយឪពុករបស់ខ្លួនចំនួន ១០ ម៉ឺនរៀល ប៉ុន្តែជនសង្ស័យមិនបានប្រាប់ជនរងគ្រោះថាយកលុយនោះទៅធ្វើអ្វីទេ។ ពេលនោះជនរងគ្រោះថាគ្មានលុយឲ្យទេហើយស្រាប់តែជនសង្ស័យខឹងស្ទុះទៅយកកាំបិតដែលមានទំហំ ៤ ម្រាមដៃមនុស្សចាស់ទៅប៉ុងប៉ងអារកជនរងគ្រោះតែម្តង។
លោកប្រាប់បន្តថា តែដោយសារបងស្រីរបស់ជនសង្ស័យឃើញទាន់ហើយបានស្ទុះទៅប្រតាយប្រតប់ជាមួយជនសង្ស័យដណ្តើមយកបានកាំបិតហើយក៏រាយការណ៍ប្រាប់សមត្ថកិច្ចរបស់លោកតែម្តង។ បន្ទាប់មកសមត្ថកិច្ចរបស់លោកបាននាំកម្លាំងចុះដល់កន្លែងកើតហេតុហើយឃាត់ខ្លួនជនសង្ស័យយកមកអធិការដ្ឋាននគរបាលស្រុកស្នួលដើម្បីសាកសួរបន្ត៕