ភ្នំពេញៈ បុរស​ម្នាក់​ត្រូវបាន​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​នៃ​កងរាជអាវុធហត្ថ​រាជធានីភ្នំពេញ​ចាប់​ឃាត់ខ្លួន​ភ្លាមៗ បន្ទាប់ពី​ប្រើ​ហិង្សាវាយ​ទាត់ធាក់​ស្ត្រី​ជា​ប្រពន្ធ​រហូត​ដល់​ដួលសន្លប់ និង​ស្លាប់​ពេល​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​រសៀល​ថ្ងៃទី​ ២៦ ខែ កក្កដា ឆ្នាំ​ ២០២០ នៅ​ចំណុច​ភូមិ​ក្រាំងដូនទៃ សង្កាត់​ចោមចៅ​ទី​ ២ ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ​។

លោក ម៉ាំង សុខលុច្យ នាយការិយាល័យ​ព្រហ្មទណ្ឌ​នៃ​កងរាជ​អាវុធហត្ថ រាជធានី​ភ្នំពេញ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃ​ចន្ទ​ថា ជនសង្ស័យ​ឈ្មោះ ឆែម ងិហ៍ អាយុ​ ៣០ ​ឆ្នាំ​ មាន​លំនៅ​ក្នុង​ភូមិ​កណ្ដាល ឃុំ​ផ្ទះរូង ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់​ត្រូវ​បាន​ចាប់ខ្លួន​ពី​បទ​បង្ក​ហិង្សា​លើ​ស្ត្រី​ជា​ប្រពន្ធ ឈ្មោះ សុខ ឃុន អាយុ​ ៣៩ ​ឆ្នាំ បណ្ដាល​ឲ្យ​ស្លាប់ ដែល​ករណី​នេះ​បាន​ប្រព្រឹត្ត​ក្នុង​រាជធានី​ភ្នំពេញ​កាលពី​រសៀល​ថ្ងៃ​អាទិត្យ​នៅ​ចំណុច​រោងតង់​កម្មករ​នៃ​ការដ្ឋាន​សំណង់​មួយ​ស្ថិត​ក្នុង​សង្កាត់​ចោមចៅ​ ២ ខណ្ឌ​ពោធិ៍សែនជ័យ​។

លោក​បាន​ថ្លែងថា​៖ «​ករណី​ហិង្សា​នេះ​ផ្ដើម​ចេញពី​បុរស​ជា​ប្ដី​ស្រវឹងស្រា ខឹង​ប្រពន្ធ​មិន​ព្រម​ទៅ​ចាក់ទឹក​យក​មក​ឲ្យ​ផឹក ក៏​ស្ទុះ​ទៅ​ទាត់​ស្ត្រី​ជា​ប្រពន្ធ​ ១ ​ជើង​ចំ​កណ្ដាល​ខ្នង បណ្ដាល​ឲ្យ​ដួល​ប្រកាច់​សន្លប់​ស្តូកស្ដឹង​នៅ​នឹង​កន្លែង ហើយ​ស្លាប់​នៅ​ពេល​កំពុង​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​»​។

លោក សុខលុច្យ បាន​បន្តថា នៅពេល​នេះ​ជនសង្ស័យ​កំពុង​ត្រូវបាន​មន្ត្រី​ជំនាញ​ការិយាល័យ​ព្រហ្មទណ្ឌ កងរាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ធ្វើការ​សាកសួរ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី-ភ្នំពេញ ចាត់​វិធានការ​បន្ត​តាម​នីតិវិធី​ច្បាប់​។

លោក ជា សុវណ្ណ អធិការរង​នគរបាល​ខណ្ឌ​ពោធិ៍សែនជ័យ​ឲ្យ​ដឹងថា ក្រោយពី​មាន​ករណី​ហិង្សា​កើតឡើង លោក​បាន​ដឹកនាំ​កម្លាំង​នគរបាល​ជំនាញ​ផ្នែក​កោសល្យវិច័យ​ចុះទៅ​ដល់​​ទីតាំង​កើតហេតុ ដើម្បី​ប្រមូល​ព័ត៌មាន​ជុំវិញ​ករណី​នេះ​ពី​ប្រជាពលរដ្ឋ និង​កម្មករ​ដែល​រស់នៅ​ក្បែរ​កន្លែង​កើតហេតុ និង​បន្ត​ចុះទៅ​កាន់​មន្ទីរពេទ្យ​បង្អែក​ខណ្ឌ​ពោធិ៍សែនជ័យ ដើម្បី​ធ្វើ​កោសល្យវិច័យ​សាកសព​ស្ត្រី​រងគ្រោះ​ផងដែរ​។

លោក​ថ្លែងថា​៖ «​យោងតាម​លទ្ធផល​នៃ​ការធ្វើ​កោសល្យ​វិច័យ​សព​ស្ត្រី​រងគ្រោះ​មាន​ស្នាម​ជាំ​ផ្នែក​ខ្នង និង​គ្រាំ​ក្នុង​ដែល​ទំនង​ជា​ធ្លាប់​រង​ការវាយដំ​ដោយ​ហិង្សា​ជាច្រើន​លើក​ពី​បុរស​ជា​ប្ដី​នាពេល​កន្លងមក​។ លទ្ធផល​នេះ​គឺ​ស្របគ្នា​ទៅ​នឹង​ការឆ្លើយបំភ្លឺ​របស់​សាច់ញាតិ​ស្ត្រី​រងគ្រោះ និង​កម្មករ​នៅ​ទីនោះ ដែល​អះអាង​ថា​ជារឿយៗ​នៅពេល​ស្រវឹងស្រា ជនសង្ស័យ​តែង​ប្រើ​ហិង្សា​វាយ​ទៅលើ​ស្ត្រី​រងគ្រោះ​ជា​ប្រពន្ធ​រហូត​ធ្លាក់ខ្លួន​មាន​ជំងឺ​រ៉ាំរ៉ៃ​ប្រចាំកាយ​គឺ​ជំងឺ​ខ្សោយ​បេះដូង និង​លើសឈាម​»​។

លោក សុវណ្ណ បាន​ថ្លែង​ឲ្យ​ដឹង​ទៀតថា តាម​ចម្លើយ​របស់​សាក្សី​នៅ​ថ្ងៃ​កើតហេតុ​ស្ត្រី​រងគ្រោះ​មាន​អាការ​គ្រុនក្ដៅ​ខ្លួន ប៉ុន្តែ​បុរស​ជា​ប្ដី​មិន​បាន​យកចិត្ត​ទុកដាក់​មើលថែ​នាង​ឡើយ បែរ​ជា​ទៅ​ផឹកស្រា​ជាមួយ​មិត្តភក្ដិ លុះដល់​ពេល​ស្រវឹង​ត្រឡប់​មក​ផ្ទះ ក៏​រករឿង​បង្កជម្លោះ និង​ប្រើ​ហិង្សា​វាយ​ទាត់ធាក់​ទៅ​លើ​នាង​រហូត​ស្លាប់​។

សព​ជនរងគ្រោះ​ត្រូវ​បាន​ប្រគល់​ឲ្យ​សាច់ញាតិ​នាំ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕