បាត់ដំបងៈ ​ប្រធាន​អង្គ​ការ​ការ​ពារ​បរិស្ថាន​ ​និង​ ​អភិ​វឌ្ឍន៍ ​លោក ​ទេព​ ពេជ្រ​ ហៅ​ ទេព វិសាល​ ត្រូវ​បាន​កម្លាំង​សមត្ថ​កិច្ច​នៃ​មន្ទីរ​យុត្តិធម៌​កង​រាជ​អាវុធហត្ថ​ខេត្ត​បាត់​ដំបង​ ចាប់​ខ្លួន​ពាក់​ព័ន្ធ​ករណី​ឆបោក​លុយ​ជាង​ ១ ​ម៉ឺន​ដុល្លា​រពី​ប្រជាពលរដ្ឋ​ចំនួន​ ៤ នាក់​ ដោយ​​សន្យា​ថា​ ជួយ​រត់​ការ​ឲ្យ​ពួក​គេ​បាន​ចូល​បម្រើ​ការ​ងារ​កង​ទ័ព​។​

​លោក​ ​តូ​ ​ឌី​ ​ប្រធាន​មន្ទី​រ​យុត្តិធម៌​នៃ​បញ្ជាការ​ដ្ឋាន​កង​រាជអាវុធ​ហត្ថ​ខេត្ត​បាត់​ដំបង​ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​ ជន​សង្ស័យ​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​រសៀល​ថ្ងៃទី​ ២៥ ​ខែ​មករា​ ឆ្នាំ​ ២០១៩ ​តាម​បណ្ដឹង​របស់​ប្រជា​ពលរដ្ឋ​រងគ្រោះ​ចំនួន​ ៤ ​នាក់​​ដែល​បាន​ប្ដឹង​ចូល​មក​មន្ទីរ​យុត្តិ​ធម៌​កងរាជ​អាវុធ​ហត្ថ​ខេត្ត​ ​ឲ្យ​ជួយ​អន្តរាគមន៍​ទាម​ទារ​យុត្តិ​ធម៌​សម្រាប់​ពួក​គេ ​កាល​ពី​ចុង​ខែធ្នូ​ ឆ្នាំ ​២០១៨ ដោយ​ចោទ​ប្រកាន់​ថា ​ជន​សង្ស័យ​ឈ្មោះ ​ទេព​ ​ពេជ្រ​ ​ហៅ​ ទេព​ វិសាល ​បាន​បោក​ប្រាស់​យក​លុយ​របស់​ពួក​គេ​សរុប​ ១០ ៦០០​ ​ដុល្លារ​ ​ដោយ​សន្យា​ថា​ ជួយ​រត់​ការ​ឲ្យ​ពួក​គេ​បាន​ចូល​បម្រើ​កង​ទ័ព។​ ​

​លោក​បាន​បញ្ជាក់​ថា​៖​ «​នៅ​ពេល​សាក​សួរ​ ​ជន​សង្ស័យ​បាន​ឆ្លើយ​បដិសេធ​ថា​ គាត់​មិន​បាន​ឆបោក​ពួក​គេនោះ​ទេ​ គឺ​ គាត់​ពិត​ជា​បាន​ជួយ​រត់​ការ​ឲ្យ​ពួក​គេមែន​ ​ប៉ុន្តែ​មន្ត្រី​យោធា​ជា​ន់​ខ្ពស់​ម្នាក់​ដែល​គាត់​ស្គាល់​ និង​សុំ​ឲ្យ​ជួ​យ​លើ​កិច្ចការ​នេះ​បាន​ទទួល​លុយ​ពី​គាត់​ហើយ​មិន​ព្រម​ជួយ​ឲ្យ​កិច្ច​ការ​នេះ​បាន​សម្រេច​»​។​

​លោក​ ​ឌី​ ​បាន​បន្ថែម​ថា​ ​ទោះ​យ៉ា​ង​ណា ​ជន​សង្ស័យ​មិន​បាន​ប្រាប់​អំពី​អត្ត​សញ្ញា​ណ​មន្ត្រី​យោធា​ជាន់​ខ្ពស់​ ដែល​បាន​បោក​ប្រាស់​​យក​លុយ​ពី​គាត់​បន្ត​នោះ​ទេ។​ ​ជា​មួយ​គ្នា​នេះ​ ជន​សង្ស័យ​ក៏​បាន​បដិ​សេធ​ផង​ដែរ​ថា​ គាត់​មិន​ដែល​ប្រាប់​គេ​ថា ​គាត់​ជា​នាយ​ទា​ហាន​ពាក់​ផ្កាយ ​១ ​នោះ​ទេ ​តែ​បាន​ប្រាប់​ជន​រងគ្រោះ​ថា ​គាត់​ស្គាល់​នាយ​ទាហាន​ជាន់​ខ្ពស់​ជាច្រើន​​​នាក់​ ដែល​គាត់​​អាច​ពឹ​ងពាក់​ឲ្យ​ជួយ​រត់​ការ​ដាក់​បញ្ចូល​ឈ្មោះ​ពួក​គេ​នៅ​ក្នុង​ក្រប​ខ័ណ្ឌ​ជា​មន្ត្រី​យោធា​បាន​។​

លោក​ ឌី ​បាន​ថ្លែង​ថា​ ៖ ​«​ក្រោយ​ការ​ស៊ើប​សួរ​អស់​រយៈពេល ​២ ថ្ងៃ ​ជន​សង្ស័យ​ឈ្មោះ ​ទេព​ ពេជ្រ​ ហៅ​ ទេព​ វិសាល ​មាន​តួ​នាទី​ ​ជា​ប្រធាន​អង្គ​ការ​ការ​ពារ​បរិស្ថាន​ និង​អភិ​វឌ្ឍន៍ ​ត្រូវ​បាន​មន្ត្រី​ជំនាញ​យើង​កសាង​សំណុំ​រឿង​ចោទ​ប្រកាន់​ពី​បទ​ឆបោក និង​​បាន​បញ្ជូន​ខ្លួន​ទៅ​តុលា​ការ​ខេត្ត​បាត់​ដំបង​ ​នៅ​រសៀល​ថ្ងៃ​ចន្ទ ​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិ​វិធី​ច្បាប់​»​។

​លោក​បាន​បន្ត​ថា ​ប៉ុន្តែ​កាល​ពី​​ថ្ងៃច​ន្ទ​តំណាង​អយ្យ​ការ​មិនមាន​ពេល​គ្រប់​គ្រាន់​ក្នុង​ការ​សាក​សួរ​ចម្លើយ​ជន​សង្ស័យ​នោះ​ទេ​ និង​បាន​​បង្គាប់​​ឲ្យ​មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​នាំ​ខ្លួន​ជន​សង្ស័យ​ត្រឡប់​មក​វិញ។​ ទោះ​បីជា​បែប​ណា ​នៅ​ព្រឹក​ថ្ងៃ​អង្គារ​[ម្សិ​ល​មិញ​]​ ជន​សង្ស័យ​ត្រូវ​បាន​បញ្ជូន​ទៅ​តុលា​ការ​ជា​ថ្មី​ម្ដង​ទៀត​ ​ដើម្បី​សាក​សួរ​ចម្លើយ​។​ ​

​យោង​តាម​របាយ​ការណ៍​របស់​មន្ទីរ​យុត្តិ​ធម៌​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​បាត់​ដំបង​ ​ដែល​ភ្នំពេញ​ប៉ុស្តិ៍ទ​ទួល​បាន​កាល​ពី​ថ្ងៃម្សិល​មិញ សមត្ថ​កិច្ច​បាន​ចំណាយ​ពេល​ជិត ​១ ​ខែ​ ​ក្នុង​ការស្វែង​រក​ចាប់​ខ្លួន​ជន​សង្ស័យ​ ​ក្រោយ​ពី​ទទួល​បាន​បណ្ដឹង​ពី​ប្រជា​ពល​រដ្ឋ​រង​គ្រោះ ​កាល​ពី​ចុង​ខែ​ធ្នូ ​ឆ្នាំ​ ​២០១៨។

​ជន​រង​គ្រោះ​ដែល​បាន​ប្ដឹង​ប្រឆាំង​នឹង​ជន​សង្ស័យ​ខាង​លើ​នេះ​ រួម​មាន​ឈ្មោះ ​គឹម ​ហឿង ​ភេទ​ប្រុស​ អាយុ ​៣​០ ​ឆ្នាំ​ មុខ​របរ​លក់​​ដូរ​ ​រស់​នៅ​ស្រុក​ថ្ម​គោ​ល​ ​ខេត្ត​បាត់​ដំបង​,​ ឈ្មោះ ​ឈីវ​ ប៊ុ​ន​ឆៃ​ ​ភេទ​ប្រុស​ អាយុ ៥៦ ​ឆ្នាំ ​មុខ​រប​រ​សំណង់​ រស់​នៅ​ស្រុក​ស្វាយ​ចេក​ ​ខេត្ត​បន្ទាយ​មាន​ជ័យ​,​ ឈ្មោះ ​ប្រាក់​ ​សំអេន​ ភេទ​ប្រុស​ អាយុ​ ៥៥ ​ឆ្នាំ ​ប្រកប​មុខ​របរ​ ​ធ្វើ​ស្រែ​ រស់​នៅ​ក្រុង​ពោធិ៍​សាត់​ ​ខេត្ត​ពោធិ៍​សាត់​ ​និង​ ​ឈ្មោះ ​ប៉ាសូវៀត​ ​ភេទ​ប្រុស​ ​អា​យុ ៣០ ​ឆ្នាំ​ ​មុខ​របរ​ លក់​ដូរ ​រស់​នៅ​ក្រុង​សិ​រី​សោ​ភ័​ណ​ ខេ​ត្ត​បន្ទាយ​មានជ័យ​។​

​របាយ​ការណ៍​បាន​បន្ត​ថា​ ​តាម​បណ្ដឹង​របស់​ជន​រង​គ្រោះ ​ជន​សង្ស័យ​បាន​ប្រាប់​ពួក​គាត់​ថា ​ដោយ​ក្រសួង​ត្រូវ​ការ​ជ្រើស​កង​ទ័ព​ ​ជា​ច្រើន​រយ​នាក់​បន្ថែម​ទៀត​ ​ដូច្នេះ​គាត់​អាច​​ជួយ​រត់ការ​ឲ្យ​ចូល​ក្នុង​ក្រប​ខ័ណ្ឌ​កងទ័ព​ជាតិបា​​ន​ តែ​ត្រូវ​បង់​លុយ​ឲ្យ​មន្ត្រី​យោធា​ជាន់​​ខ្ពស់​​មួយ​ចំនួន​។​ ​ក្រុម​ជន​រង​គ្រោះ ​ដែល​មាន​បំណង​ចង់​បាន​ក្រប​ខ័ណ្ឌ​ក្នុ​ង​ជួរក​ង​ទ័ព​បាន​សម្រេច​បង់​លុយ​ឲ្យ​ជន​សង្ស័យ​ជួយ​រត់​ការ​ឲ្យ​ដោយ​ក្នុង​ម្នាក់ៗ​អស់​ជាង ​២ ៥០០​ ដុល្លារ​។ ​ប៉ុន្តែ​ក្រោយ​ពី​ទទួល​បាន​លុយ​ពី​ក្រុម​ជន​រងគ្រោះ​គ្រប់​ចំនួន​ហើយ​នោះ ​ជន​សង្ស័យ​ក៏​បាន​ធ្វើ​កា​រ​គេច​ខ្លួន​ ​ហើយ​ទូ​រ​ស័ព្ទ​មិន​លើក​។​

​ទាក់​ទង​ករណី​ចាប់​ខ្លួន​ ​លោក​ ​ទេព​ ​ពេជ្រ​ ​ប្រធាន​អង្គ​ការ​ការពារ​បរិស្ថាន​ ​និង​អ​ភិ​វឌ្ឍន៍​នេះ​ដែរ​ លោក​ យស​ សាម៉ន​ អគ្គលេខា​ធិ​ការ​រង​នៃ​អង្គ​ការ​នេះ ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃម្សិ​លមិញ​ថា ​មិន​ជាប់​ពាក់​ព័ន្ធ​នឹង​សកម្ម​ភាព​ការងារ​របស់​អង្គ​ការ​នោះ​ទេ ​ដោយ​លោក​បាន​ចាត់ទុក​ករណី​នេះ​ថា​ជា​ករ​ណី​បុគ្គល។​

លោក​សាម៉ន​ ​បាន​ថ្លែង​ថា​៖​ «​យើង​ខ្ញុំ​ជា​បុគ្គលិក​ ​ក្រោម​ឱវាទ​របស់​គាត់​ ​[​លោក ​ទេព​ ​ពេជ្រ]​ មាន​ការ​ភ្ញាក់​ផ្អើល​ និង​ ហួស​ចិត្ត​​​ខ្លះ​ដែរ​ ​ក្រោយ​ពី​ទទួល​បាន​ដំណឹង​ថា​ ​ថ្នាក់​ដឹកនាំ​របស់​ខ្លួន​ត្រូវ​បាន​សមត្ថ​កិច្ច​ចាប់​ខ្លួន​ពី​បទ​ឆបោក​លុយ​ពី​ប្រជា​ពល​រដ្ឋ​ ប៉ុន្តែ​ករ​ណី​វា​មិន​ប៉ះ​ពា​ល់​ដល់​សកម្ម​ភាព​ការ​ងារ​របស់​អង្គការ​យើង​នោះទេ​ ព្រោះ​វា​ជា​ករណី​បុគ្គល​»​។

ទោះ​ជា​បែប​ណា​ក្ដី ​នៅ​ល្ងាច​ថ្ងៃ​ម្សិល​មិញ​នេះ​ តុលាការ​នៅ​មិន​ទាន់​បញ្ចប់​ការ​ស៊ើប​សួរ​ ​ទៅ​លើ​ជ​ន​សង្ស័យ​នៅ​ឡើយ​ទេ​ និង​ត្រូវ​បាន​បញ្ជូ​ន​ត្រឡប់​មក​ឃុំ​ខ្លួន​នៅ​បញ្ជា​ការ​ដ្ឋាន​កង​រាជ​អាវុធ​ហត្ថ​វិញ​ ដើម្បី​រង់ចាំ​ការ​សួរ​ចម្លើយ​​បន្ត​ទៀត​នៅ​ព្រឹក​ថ្ងៃពុធ​នេះ។ ​យោង​តាម​អ្នក​ស្រី ​ទៀង​ ​សំបូរ​ ប្រធាន​លេ​ខា​រ​ដ្ឋាន​រដ្ឋ​បា​ល​សាលា​ដំបូង​ខេត្ត​បាត់​ដំបង៕​

​​