
ទីតាំងដីដែលត្រូវបានគេឈូសឆាយ ស្ថិតក្នុងភូមិពូក្រូច ឃុំស្រែអំពូម ស្រុកពេជ្រាដា ក្នុងរបៀងអភិរក្សជីវៈចម្រុះឦសាន។ រូបថត មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី
មណ្ឌលគិរី៖ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តមណ្ឌលគិរី លោកស្រី ចាន់ សុធារ៉ា បានសម្រេចឃុំខ្លួនបុរសម្នាក់ដាក់ពន្ធនាគារពីបទកាប់គាស់ រុករាន និងឈូសឆាយដីព្រៃដោយខុសច្បាប់ធ្វើជាកម្មសិទ្ធិ ខណៈមន្ត្រីបរិស្ថាននៅកំពុងបន្តស្រាវជ្រាវរកអ្នកពាក់ព័ន្ធផ្សេងទៀត។
លោក មាស ប្រុស អ្នកនាំពាក្យសាលាដំបូងខេត្តមណ្ឌលគិរីបានថ្លែងនៅព្រឹកថ្ងៃទី ៩ ខែឧសភានេះថា មានជនសង្ស័យ ៣ នាក់ ត្រូវបានមន្ត្រីជំនាញមន្ទីរបរិស្ថានបញ្ជូនមកសាលាដំបូងខេត្តមណ្ឌលគិរី កាលពីថ្ងៃទី ៦ ខែឧសភា ហើយម្នាក់ក្នុងចំណោមនោះ ត្រូវបានតុលាការសម្រេចឃុំខ្លួននៅក្នុងថ្ងៃដដែលនោះ រីឯ ២ នាក់ផ្សេងទៀត ត្រូវបានដោះលែងទៅវិញ។
លោកថ្លែងថា៖ «ជនដែលត្រូវតុលាការឃុំខ្លួននោះ ជាម្ចាស់គ្រឿងចក្រដែលឈូសឆាយបម្រុងយកដីរដ្ឋធ្វើជាកម្មសិទ្ធិ រីឯ ២ នាក់ផ្សេងទៀត គ្រាន់តែជាកម្មករស៊ីឈ្នួលគេតែប៉ុណ្ណោះ ហេតុនេះពួកគេត្រូវបានដោះលែងឲ្យមានសេរីភាពវិញ»។
ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី លោក កែវ សុភគ៌ ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅព្រឹកនេះថា ជនសង្ស័យចំនួន ៣ នាក់ ត្រូវបានសមត្ថកិច្ចមន្ទីរបរិស្ថានឃាត់ខ្លួន ពេលកំពុងឈូសឆាយដីព្រៃ កាលពីថ្ងៃទី ៤ ខែ ឧសភា ឆ្នាំ ២០២១ ខណៈមន្រ្តីឧទ្យានុរក្សចុះល្បាតហើយប្រទះឃើញសកម្មភាពលួចឈូសឆាយដីព្រៃ ក្នុងបំណងយកដីព្រៃធ្វើជាកម្មសិទ្ធិដោយខុសច្បាប់ នៅចំណុចដៃអូរតេ ស្ថិតក្នុងភូមិពូក្រូច ឃុំស្រែអំពូម ស្រុកពេជ្រាដា ក្នុងរបៀងអភិរក្សជីវៈចម្រុះឦសាន។
បើតាមលោក កែវ សុភគ៌ ក្រោយការចុះទប់ស្កាត់សកម្មភាពល្មើសច្បាប់នេះ សមត្ថកិច្ចជំនាញបរិស្ថានបានដកហូតវត្ថុតាង រួមមាន គ្រឿងចក្រអេស្កាវាទ័រ ម៉ាក CAT ពណ៌លឿង ចំនួន ១ គ្រឿង អាប៊ុល ម៉ាក CAT D5 ចំនួន ១ គ្រឿង អាប៊ុល ម៉ាក CASE 650G ពណ៌លឿង ចំនួន ១ គ្រឿង ម៉ូតូម៉ាកហុងដាវ៉េវពណ៌ខ្មៅគ្មានស្លាកលេខ ចំនួន ២ គ្រឿង និងម៉ាស៊ីនភ្លើងចំនួន ១ គ្រឿង យកទៅរក្សាទុកបណ្ដោះអាសន្ននៅមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី។
លោកថ្លែងថា៖ «ករណីហ្នឹងយើងបានបញ្ជូនទៅកាន់តុលាការអស់ហើយ ចំណែកអ្នកពាក់ព័ន្ធផ្សេងទៀត យើងនៅតែបន្តស្រាវជ្រាវស្វែងរក។ អ្នកទាំង ៣ ដែលមន្ត្រីជំនាញបរិស្ថានបញ្ជូនទៅហ្នឹង ខ្ញុំទទួលដំណឹងថា តុលាការឃុំតែម្នាក់ទេ ព្រោះ ២ នាក់ទៀត ម្នាក់ជាជាងអាត្រាក់ និងម្នាក់ទៀតជាកម្មករ»។
លោក គ្រើង តុលា អ្នកប្រឹក្សាយោបល់ក្រុមការងារបណ្តាញសហគមន៍ជនជាតិដើមភាគតិច ខេត្តមណ្ឌលគិរីបានថ្លែងគាំទ្រចំពោះការអនុវត្តវិធានការច្បាប់បានល្អប្រសើរ រហូតឈានដល់មានការសម្រេចឃុំខ្លួនជនល្មើស ដែលកាប់រុករានទន្រ្ទានដីព្រៃដោយខុសច្បាប់។
លោក តុលា បញ្ជាក់ថា៖ «បើសិនជាចាប់បានអ្នកទន្ទ្រានដីខុសច្បាប់ យកមកផ្តន្ទាទោសបានបែបនេះ ខ្ញុំអបអរ និងគាំទ្រ ប៉ុន្តែករណីបែបនេះ ខ្ញុំកម្របានឃើញណាស់»។
មាត្រា ៦២ នៃច្បាប់ស្តីពីតំបន់ការពារធម្មជាតិចែងថា ត្រូវផ្តន្ទាទោសជាបទល្មើសធនធានធម្មជាតិថ្នាក់ទី៤ និងត្រូវរឹបអូសវត្ថុតាងជាសម្បត្តិរដ្ឋចំពោះជនដែលបានប្រព្រឹត្តបទល្មើស កាប់គាស់ រុករានដីព្រៃ ឆ្ការ ដុត និងឈូសឆាយដីព្រៃ ដើម្បីធ្វើជាកម្មសិទ្ធិ។ បទល្មើសធនធានធម្មជាតិថ្នាក់ទី៤ ទោសដាក់ពន្ធនាគារពី ៨ ឆ្នាំ ទៅ ១០ ឆ្នាំ និងទោសពិន័យជាប្រាក់ពី ១០ លានរៀល ដល់មួយរយហាសិបលានរៀល ហើយវត្ថុតាងត្រូវរឹបអូសជាសម្បត្តិរដ្ឋ៕