កំពង់ចាម៖ សាលាដំបូងខេត្តកំពង់ចាម បានសម្រេចចោទប្រកាន់បុរសម្នាក់ពីបទ «ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» និងបទ «រារាំងដល់ការអនុវត្តវិធានការ» ទប់ស្កាត់ការឆ្លងរាលដាលកូវីដ បន្ទាប់ពីជននេះបានបង្ហោះវីដេអូតាមបណ្ដាញសង្គម TikTok «មានចេតនាញុះញង់បង្កចលាចល» ហើយត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួននៅថ្ងៃទី ១១ ខែមេសា។
បើតាមសេចក្ដីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ចេញនៅរសៀលថ្ងៃទី ១៣ ខែមេសានេះ បានឲ្យដឹងថា អយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានធ្វើការត្រួតពិនិត្យ និងបន្តបំពេញកិច្ចនីតិវិធីសំខាន់ៗផ្សេងទៀត និងបានសម្រេចធ្វើការចោទប្រកាន់លើឈ្មោះ នូវ ខឹង ហៅ ពន្លក (ឈ្មោះ នាយប្រុញ ក្នុងគណនីសង្គម TikTok) តាមរយៈដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួរលេខ ១៧២ អ.យ.ក ចុះថ្ងៃទី ១៣ ខែ មេសា ឆ្នាំ ២០២១ ពីបទ «ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»។
ជាមួយគ្នានេះ តាមបញ្ញត្តិមាត្រា ៤៩៤ និង ៤៩៥ នៃក្រមព្រហ្មទណ្ឌ ជននោះក៏ជាប់ក្នុងបទ «រារាំងដល់ការអនុវត្តវិធានការ» តាមបញ្ញត្តិមាត្រា ១១ នៃច្បាប់ស្តីពីវិធានការទប់ស្កាត់ ការឆ្លងការរាលដាលនៃជំងឺកូវីដ ១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀតផងដែរ។
អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានគូសបញ្ជាក់ថា ការចោទប្រកាន់ឈ្មោះ នូវ ខឹង ហៅ ពន្លក គឺធ្វើឡើងដោយសារតែជននេះ បានប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម TikTok របស់ខ្លួន ចាប់តាំងពីថ្ងៃទី ២១ ខែ មីនា ឆ្នាំ ២០២១ រហូតដល់ថ្ងៃ ១០ ខែ មេសា ឆ្នាំ ២០២១ ដោយធ្វើការបង្ហោះនូវរូបភាព និងវីដេអូរបស់ខ្លួនដោយភ្ជាប់ជាមួយនឹងការអត្ថាធិប្បាយបកស្រាយដែលខុសពីការពិតពាក់ព័ន្ធនឹងស្ថានភាពសង្គម និងស្ថានភាពសុខភាពសាធារណៈ «ក្នុងគោលដៅបង្កឲ្យមានការវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងបានបន្តញុះញង់ឲ្យអ្នកតាមដានគណនីទំនាក់ទំនងសង្គម TikTok របស់ខ្លួនប្រឆាំងនឹងវិធានការរដ្ឋបាលនានា ដែលកំពុងត្រូវបានដាក់ចេញយ៉ាងសកម្មក្នុងការប្រយុទ្ធប្រឆាំងនឹងការឆ្លងរាលដាលនៃជំងឺកូវីដ ១៩»។
ជននេះ ត្រូវបានកម្លាំងនគរបាលចាប់ខ្លួននៅថ្ងៃទី ១១ ខែ មេសា ឆ្នាំ ២០២១ នៅខេត្តកំពង់ចាម ដែលប្រតិបត្តិការនេះ ធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងនាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ អគ្គស្នងការរងទទួលផែនការងារសន្ដិសុខ៕