តាកែវៈ បុរសម្នាក់ត្រូវបានតុលាការខេត្តតាកែវ ចោទប្រកាន់ និងបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារពីបទឃាតកម្មកាលពីថ្ងៃទី ១០ ខែឧសភា ខណៈកងរាជអាវុធហត្ថកំពុងបន្តតាមចាប់ខ្លួនបក្ខពួកក្រុមជនសង្ស័យចំនួន ៥ នាក់ទៀត ពាក់ព័ន្ធនឹងរឿងព្រួតគ្នាកាប់យុវជនម្នាក់ស្លាប់នៅសង្កាត់រកាក្នុង ក្រុងដូនកែវ កាលពីយប់ថ្ងៃទី ៨ ខែឧសភា។
លោក លឹម សុខន អ្នកនាំពាក្យសាលាដំបូងខេត្តតាកែវប្រាប់ពីម្សិលមិញថា ជនសង្ស័យឈ្មោះ ខាត់ សង្ហា អាយុ ២៧ ឆ្នាំត្រូវបានលោកស្រីចៅក្រមស៊ើបសួរឈ្មោះ ជ័យ មាលា សម្រេចចោទប្រកាន់តាមសំណើរបស់ព្រះរាជអាជ្ញា និងត្រូវបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារហើយកាលពីថ្ងៃទី ១០ ឧសភា ឆ្នាំ ២០២០។ លោកថា៖ «ជនសង្ស័យត្រូវចោទពីបទឃាតកម្មតាមមាត្រា ១៩៩ នៃក្រមព្រហ្មទណ្ឌ»។
យោងមាត្រា ១៩៩ នៃក្រមព្រហ្មទណ្ឌនេះ ប្រសិនបើតុលាការរកឃើញថា ជនជាប់ចោទពិតជាបានប្រព្រឹត្តបទល្មើសមែននោះនឹងត្រូវជាប់ពន្ធនាគារពី ១០ ទៅ ១៥ ឆ្នាំ។
លោក ចាន់ ជៀប នាយការិយាល័យព្រហ្មទណ្ឌនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តតាកែវបានរំឭកប្រាប់ពីម្សិលមិញថា កាលពីម៉ោងជាង ៨ យប់ ថ្ងៃទី ៨ ខែឧសភាមានករណីក្មេង ២ ក្រុមដែលខាងក្រុមជនល្មើសមានគ្នា ៦ នាក់ជិះម៉ូតូ ៣ គ្រឿង និងក្រុមជនរងគ្រោះមានគ្នា ៣ នាក់ ជិះម៉ូតូ ២ គ្រឿង ដោយពួកគេ ១ ក្រុមៗអង្គុយលេងនៅសួនច្បារក្នុងក្រុងដូនកែវ។
ខណៈនោះភាគីខាងជនល្មើសបានជិះម៉ូតូបណ្តើរ និងបានចុចស៊ីផ្លេបណ្តើរ ហើយជនរងគ្រោះម្នាក់ក្នុងចំណោម ៣ នាក់បានប្រាប់គ្នាគេឲ្យជិះម៉ូតូទៅមើល ថាតើអ្នកចុចស៊ីផ្លេនោះ ជាគ្នាឯង ឬអ្នកណា។ នៅពេលជិះម៉ូតូទៅមិនទាន់ទាំងដល់ផង ស្រាប់តែក្រុមជនល្មើសជិះម៉ូតូដេញកាប់ ធ្វើឲ្យក្រុមជនរងគ្រោះបើកម៉ូតូរត់ ប៉ុន្តែដោយម៉ូតូរបស់ក្រុមជនរងគ្រោះមានល្បឿនខ្សោយជាងម៉ូតូក្រុមជនល្មើសធ្វើឲ្យក្រុមជនល្មើស ដេញទាន់ និងយកពូថៅដែលគេដាក់តាមខ្លួន កាប់ជនរងគ្រោះឈ្មោះ ប៉ុល រឿន អាយុ ២១ ឆ្នាំរស់នៅភូមិ ចក សង្កាត់រការក្នុងក្រុងដូនកែវស្លាប់នៅកន្លែងកើតហេតុ។
ចំណែកគ្នាគេ ២ នាក់ទៀតដោយសារពេលបើកម៉ូតូរត់បានទៅបុកនឹងគំនរខ្សាច់ហើយបានខ្ទាតធ្លាក់ពីលើម៉ូតូរងរបួសស្រាល រីឯក្រុមជនល្មើសបានជិះម៉ូតូគេចខ្លួនបាត់។ ជនរងគ្រោះត្រូវក្រុមជនល្មើសកាប់ត្រូវក្បាល និងដងខ្លួនស្លាប់នៅកន្លែងកើតហេតុ។
លោក ចាន់ ចៀប បានឲ្យដឹងបន្តទៀតថា ក្រោយកើតហេតុសមត្ថកិច្ចរបស់លោកបានទៅដល់ទីតាំងនោះហើយជនរងគ្រោះ ២ នាក់ បានប្រាប់ពីភិនភាគម៉ូតូជិះធ្វើសកម្មភាព។ បន្ទាប់ពីប្រមូលបានព័ត៌មានហើយកម្លាំងសមត្ថកិច្ចអាវុធហត្ថរបស់លោកបានជិះម៉ូតូតាមរករហូតប្រទះឃើញម៉ូតូ ១ គ្រឿងដូចភិនភាគ ដែលជនរងគ្រោះ (អ្នករបួស) បានប្រាប់ក៏ដេញតាមចាប់ជនសង្ស័យបានម្នាក់ រីឯជនជាបក្ខពួក ៥ នាក់ទៀតបានជិះម៉ូតូគេចខ្លួនបាត់អស់។ ពួកគេទាំង ២ ក្រុមនេះគឺសុទ្ធតែរស់នៅក្នុងក្រុងដូនកែវជាមួយគ្នា៕