ខេត្តត្បូងឃ្មុំៈ តុលាការ​ខេត្ត​កាលពី​ម្សិលមិញ​បាន​សម្រេច​ឃុំ​ខ្លួន​បុរស​ម្នាក់​ជា​បណ្ដោះអាសន្ន​នៅ​ក្នុង​ពន្ធនាគារ ក្រោយពី​ជាប់​សង្ស័យ​ថា​បាន​បោកបញ្ឆោត​នារី​ខ្មែរ​អ៊ិស្លាម​ ២ ​នាក់​យក​ទៅ​បង្ខាំង​ទុក​ក្នុង​ផ្ទះ​ឯកជន​មួយ​កន្លែង​នៅក្នុង​ប្រទេស​ម៉ាឡេស៊ី សម្រាប់​បម្រើ​តណ្ហា​ផ្លូវភេទ​ដោយ​ប្រើ​អំពើ​ហិង្សា​អស់​រយៈពេល​ប្រមាណ​ ១ ​ឆ្នាំ​មុន​ពេល​ដែល​នគរបាល​រកឃើញ​កាលពី​ដើម​ខែ​សីហា​នេះ​។

មន្ត្រី​នគរបាល​ខេត្ត​ត្បូងឃ្មុំ​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា​ជនសង្ស័យ​ត្រូវ​បាន​ចាប់​ខ្លួន​កាលពី​ថ្ងៃទី ​៣ ខែ​សីហា​នៅ​ក្នុង​ផ្ទះ​ស្ថិត​ក្នុង​ភូមិ​ព្រែកពាម ឃុំ​ពាមជីលាំង ស្រុក​ត្បូងឃ្មុំ​ក្រោយពី​ត្រឡប់​មកពី​ប្រទេស​ម៉ាឡេស៊ី ដោយ​បាន​បោក​បញ្ឆោត​នារី​ ២ ​នាក់​នៅ​ក្នុង​គ្រួសារ​តែ​មួយ​ទៅ​ប្រទេស​ម៉ាឡេស៊ី​។ នារី​រងគ្រោះ​ ២ ​នាក់​កំពុង​រស់នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី ខណៈ​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​កំពុង​ធ្វើការ​ទំនាក់​ទំនង​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ​ដើម្បី​សង្គ្រោះ​ជនរងគ្រោះ​មក​ស្រុក​កំណើត​វិញ​។

លោក ថេង គៀង អ្នក​នាំពាក្យ​តុលាការ​ខេត្ដ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ម្សិលមិញ​ថា ជនជាប់ចោទ​ឈ្មោះ ជូ ចំរើន ហៅ វណ្ណា ភេទ​ប្រុស អាយុ​ ៥៥ ​ឆ្នាំ មាន​លំនៅ​ក្នុង​ភូមិ​ព្រែកពាម ឃុំ​ពាមជីលាំង ស្រុក​ត្បូងឃ្មុំ ត្រូវ​បញ្ចូន​ទៅ​ឃុំឃាំង​នៅ​ពន្ធនាគា​បណ្ដោះអាសន្ន​ហើយ ដើម្បី​រង់ចាំ​ការកាត់ក្ដី​បន្ដ​។

លោក គៀង ថ្លែង​ថា​៖ «​យើង​បាន​ធ្វើការ​ចោទប្រកាន់​ពី​បទ​នាំ​យក​ចេញ​ដោយ​មិន​ស្របច្បាប់​ដោយ​មាន​គោលដៅ​តាម​មាត្រា ៨ និង​មាត្រា ១០ នៃ​ច្បាប់​ស្ដីពី​ការបង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវភេទ ហើយ​រឿងនេះ​ក៏​បញ្ចូន​ទៅ​ឲ្យ​ចៅក្រម​ស៊ើប ចៅក្រម​ក៏​បាន​ឲ្យ​ចាប់​បញ្ចូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​កាលពី​ថ្ងៃ​អាទិត្យ​ទី​ ៥»​។

លោក សេង និ អធិការរង​ស្រុក​ត្បូងឃ្មុំ​ឲ្យ​ដឹង​ថា​កាលពី​ឆ្នាំ​ ២០១៧ ជនជាប់ចោទ​បាន​ប្រើល្បិច​លួងលោម​ឪពុកម្ដាយ​នារី​ ២ ​នាក់​បងប្អូន​បង្កើត ឱ្យ​ចេញ​ទៅ​ធ្វើការ​នៅ​ប្រទេស​ម៉ាឡេស៊ី​ដោយ​ចេញ​មុខ​ធានា​រត់ការ ចេញ​សោហ៊ុយ​ឱ្យ​ទាំងអស់​រហូត​ម្តាយ​នារី​រងគ្រោះ​យល់​ព្រម​ឲ្យ​កូនស្រី​ទាំង​ ២ ​នាក់​ចេញ​ទៅ​ជាមួយ​។

លោក​អធិការ​ថ្លែង​ថា​ក្រោយ​មក​ជនសង្ស័យ​នាំ​នារី​រងគ្រោះ​ចេញ​ទៅ​ប្រទេស​ម៉ាឡេស៊ី​រួច​បង្ខាំង​ទុក​ឲ្យ​នៅ​តែ​ក្នុង​ផ្ទះ​ខ្លួន មិន​បាន​ឲ្យ​ទៅ​ធ្វើ​ការងារ​អ្វី​ទេ ដោយ​ឲ្យ​រស់នៅ​ជាមួយ​គាត់ ដោយ​ទុក​យក​ជា​ប្ដី​ប្រពន្ធ​។ ​ក្រោយ​មក​ជនជាប់ចោទ​បាន​ប្រើ​ទារុណកម្ម​វាយដំ និង​ចាប់​កោរសក់​ជន​រងគ្រោះ​ថែម​ទៀត ទើប​នារី​រងគ្រោះ​រក​ទូរស័ព្ទ ខល​មក​ប្រាប់​ម្ដាយ​នៅ​ស្រុក​ខ្មែរ​រហូត​ដល់​រឿងរ៉ាវ​បែកធ្លាយ ម្តាយ​នារី​រងគ្រោះ​បាន​ទៅ​ដាក់​ពាក្យ​បណ្តឹង​ក៏​ត្រូវ​សមត្ថកិច្ច​ស្រាវជ្រាវ​ឃាត់​ខ្លួន​ជនសង្ស័យ​បាន​កាលពី​វេលា​ម៉ោង ៨ ​ព្រឹក​ថ្ងៃ​សុក្រ ទី​ ៣ ខែ​សីហា ឆ្នាំ​ ២០១៨ នេះ​។

លោក សេង និ ថ្លែង​ដោយ​សុំ​លាក់​អត្តសញ្ញាណ​នារី​រងគ្រោះ​ទាំង​ ២ ​នាក់​ដោយ​គ្រាន់តែ​អះអាង​ថា​ជនរងគ្រោះ​ម្នាក់​អាយុ​ ២៨ ​ឆ្នាំ និង​ម្នាក់​ទៀត​អាយុ​ ១៨ ​ឆ្នាំ​។ នារី​រងគ្រោះ​ទាំង​ ២ ​នាក់​ជា​ជនជាតិ​ខ្មែរ-អ៊ិស្លាម និង​ត្រូវ​ជា​បងប្អូន​បង្កើត​នឹង​គ្នា​មាន​លំនៅ​ក្នុង​ស្រុក​ត្បូងឃ្មុំ​។

ក្នុង​ខែ​កុម្ភៈ​ឆ្នាំ​ ២០១៨ ឈ្មោះ ជូ ចំរើន បាន​ត្រឡប់​មកពី​ប្រទេស​ម៉ាឡេស៊ី​វិញ​បាន​មក​ជួប​ឪពុកម្ដាយ​នារី​រងគ្រោះ​ម្ដង​ទៀត​ដោយ​បាន​ប្រាប់​ថា​កូនស្រី​របស់​គាត់​ម្នាក់​មុន​ដែល​បាន​ទៅ​ដល់​កាលពី​ខែ​កក្កដា ២០១៧ សុខ​សប្បាយ​ទេ ហើយ​បាន​លួងលោម​សុំ​យក​កូនស្រី​ម្នាក់​ទៀត​មាន​អាយុ​ ១៨ ​ឆ្នាំ​។

មកដល់​ពេល​នេះ​នារី​រងគ្រោះ​ទាំង​ ២ ​នៅ​មិន​ទាន់​ត្រឡប់​មក​ដល់​ស្រុក​ខ្មែរ​វិញ​នៅ​ឡើយ​ទេ ប៉ុន្ដែ​មាន​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​បាន​ទាក់ទង​ទៅ​ស្ថានទូត​ខ្មែរ​នៅ​ប្រទេស​ម៉ាឡេស៊ី និង​បាន​ឆ្លើយឆ្លង​គ្នា​តាម​ទូរស័ព្ទ ដើម្បី​ដោះស្រាយ​បញ្ជូន​នារី​រងគ្រោះ​ត្រឡប់​មក​ស្រុក​ខ្មែរ​វិញ​៕