បាត់ដំបងៈ បុរស​ជា​ជនសង្ស័យ​ក្នុង​អំពើ​ឃាតកម្ម​សម្លាប់​ប្រពន្ធ​របស់ខ្លួន​ត្រូវបាន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបាត់ដំបង​កាលពី​ថ្ងៃ​ទី​ ១២ ខែ​មេសា ក្រោយពី​នគរបាល​ចាប់ខ្លួនបាន​។

លោក​ ជេត វណ្ណនី ស្នងការរង​នគរបាល​ខេត្តបាត់ដំបង​ទទួល​ផែន​ព្រហ្មទណ្ឌ បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា ជនសង្ស័យ​មាន​ឈ្មោះ​ សោម គង់ អាយុ ៤១ ​ឆ្នាំ​​ ប្រព្រឹត្ត​បទល្មើស​សម្លាប់​ប្រពន្ធ​ខ្លួន​ហើយ​បាន​គេច​ចេញ​ពី​ស្រុក ប៉ុន្តែ​ត្រូវបាន​ចាប់​ខ្លួន​នៅ​ស្រុក​សំឡូត ក្រោយពី​ការស្រាវជ្រាវ​របស់​កម្លាំង​នគរបាល​ជំនាញ​។

លោក វណ្ណនី ថ្លែងថា​៖ «​ជនសង្ស័យ​បាន​បង្ក​បទល្មើស​ជាក់ស្តែង​ និង​សារភាព​ពី​កំហុស​ផង​ហើយ​ក្នុង​របាយការណ៍​សំយោគ​ដែល​ដាក់​ជូន​ទៅ​ព្រះរាជអាជ្ញា​គឺពាក់ព័ន្ធ​ឃាតកម្ម​»​។

លោក សន និល អធិការនគរបាល​ស្រុក​រតនមណ្ឌល​រំឭក​ឲ្យ​ដឹង​ពី​ម្សិលមិញ​ដែរ​ថា ស្ត្រី​រងគ្រោះ​ជា​ប្រពន្ធ​ឈ្មោះ វី ឆក អាយុ​ ២៨ ​ឆ្នាំ​ មាន​កូន​ប្រុស​ម្នាក់​អាយុ​ ១០ ​ឆ្នាំ ​ពួកគេ​រស់នៅ​ភូមិ​អូរល្មូន ឃុំ​ផ្លូវមាស ស្រុក​រតនមណ្ឌល​។

លោក​បន្ត​សម្តី​សាក្សី​ថា​ នៅ​ថ្ងៃកើតហេតុ​មុន​ជនសង្ស័យ​បង្ក​បទល្មើស​សម្លាប់​ប្រពន្ធ​នោះ​គឺ​ជនសង្ស័យ​បាន​ចេញ​ពី​ផ្ទះ​ទៅ​ផឹកស្រា​ជាមួយ​អ្នកភូមិ​ហើយ​ពេល​ត្រឡប់​មកផ្ទះ​វិញ​ជនសង្ស័យ​មាន​សភាព​ស្រវឹង​ខ្លាំង​ និង​បាន​ជេរ​ស្ត្រី​រងគ្រោះ​ដែល​ជា​ប្រពន្ធ​ផង​។ ​

ចំណែកឯ​ស្ត្រី​រងគ្រោះ​ក៏បាន​ឈ្លោះ​ជជែក​តប​ទៅវិញ​បង្ក​ជា​ទំនាស់​ពាក្យសម្តី​កាន់តែ​ខ្លាំង​។ គ្រានោះ​ប្រហែល​ជា​ជាតិ​ស្រា​ចូល​ក្នុង​ខ្លួន​បាត់បង់​ស្មារតី​ផង​ទើប​ជនសង្ស័យ​ស្ទុះ​ទៅ​ទាញយក​កាំបិត កកុក ដែល​នៅក្បែរ​ខ្លួន​កាប់​ទៅលើ​ស្ត្រី​រងគ្រោះ​មួយ​ទំហឹង​មិន​ដក​ដៃ​បណ្តាល​ឲ្យ​ស្ត្រី​រងគ្រោះ​ដួល​ស្លាប់​នៅ​កន្លែង​កើតហេតុ​។

ក្រោយ​បង្កហេតុ​ជនសង្ស័យ​បាន​រត់គេច​ខ្លួន​បាត់​ហើយ​ប្រជាពលរដ្ឋ​បាន​រាយការណ៍​ទៅ​នគរបាល​ប៉ុស្តិ៍​ឃុំ​ផ្លូវ​មាស​ និង​បាន​ចុះ​ដល់​កន្លែងកើតហេតុ​ពិនិត្យ​លើ​សាកសព​ស្ត្រី​រងគ្រោះ​ឃើញ​មាន​ស្នាម​កាប់​ត្រូវ​ក្បាល ដងខ្លួន កញ្ចឹងក​។

លោក លន សំណាង អធិការ​ស្រុកសំឡូត ប្រាប់​ពី​ម្សិលមិញ​ថា ករណីនេះលោក​បាន​សុំ​កិច្ចសហការ​ពី​អធិការដ្ឋាន​នគរបាល​ស្រុក​រតនមណ្ឌល​ព្រោះ​សមត្ថកិច្ច​ស្រុករតនមណ្ឌល ស្រាវជ្រាវ​ដឹង​ថា ជនសង្ស័យ​រត់គេច​មក​លាក់​ខ្លួន​នៅក្នុង​ដែនដី​ស្រុក​សំឡូត​ ទើប​សមត្ថកិច្ច​របស់​លោក​ស្រាវជ្រាវ​ចាប់​ជនសង្ស័យ​តាម​ភិនភាគ​ដែល​ខាង​សមត្ថកិច្ច​ស្រុករតនមណ្ឌលបង្ហាញ ទើប​ចាប់​ជនសង្ស័យ​បញ្ជូន​ទៅ​ទឹកដី​ដែល​គេ​ប្រព្រឹត្ត​បទល្មើស​៕