កំពង់ធំៈ ជនសង្ស័យ​ជា​ប្តី​ត្រូវ​នគរបាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ធំ​ចាប់ខ្លួន​កាលពី​ម្សិលមិញ​ បន្ទាប់ពី​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​សាកសព​នៅក្នុង​ស្រះទឹក​​ ១ ​កន្លែង​នៅ​ភូមិ​ខ្វាន់ទៀង ឃុំ​សាលា​វិស័យ ស្រុក​ប្រាសាទ​បល្ល័ង្ក ខេត្ត​កំពង់ធំ​កាលពី​ថ្ងៃ​ទី​ ២១ កក្កដា​។

លោក ជា ពឿន ប្រធាន​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ធំ​ឲ្យ​ដឹង​ពី​ម្សិលមិញ​ថា ជនសង្ស័យ​ឈ្មោះ​ ធល ធារិទ្ធ អាយុ​ ៣០ ​ឆ្នាំ​រីឯ​ប្រពន្ធ​ឈ្មោះ ស្រ៊ុន ចន្ទ្រា អាយុ​ ២៩ ​ឆ្នាំ​មាន​របរ​ជា​ពេទ្យ​ពួកគេ​មាន​កូន​ប្រុស​ ២ ​នាក់​ និង​កូនស្រី​ម្នាក់​។ ចំពោះ​ជនសង្ស័យ​សមត្ថកិច្ច​កំពុង​សាកសួរ​បន្តទៀត​ពាក់ព័ន្ធ​នឹង​អំពើ​ឃាតកម្ម​នេះ​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​មិនទាន់​អាច​ប្រាប់​លម្អិត​បាន​ទេ​ពេលនេះ ព្រោះ​នគរបាល​យុត្តិធម៌​យើង​កំពុង​សាកសួរ​ជនសង្ស័យ​»​។

ទោះយ៉ាងណា​បើ​តាម​មន្ត្រី​ម្នាក់​ជា​នគរបាល​យុត្តិធម៌​ខេត្ត​កំពង់ធំ​សុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ​ប្រាប់​ថា កាលពី​ព្រឹក​ថ្ងៃទី​ ២១ ​កក្កដា ឆ្នាំ​ ២០២០ ប្តី​របស់​ស្ត្រី​រងគ្រោះ​បាន​បាត់​ប្រពន្ធ​ហើយ​បាន​ប្រាប់​បងប្អូន​ឲ្យ​នាំគ្នា​ដើររក​។ រីឯ​ប្តី​របស់​ស្ត្រី​រងគ្រោះ​បាន​ដើរ​ទៅ​ស្រះទឹក​ ១ ​កន្លែង​ក្រោយ​ផ្ទះ​ដែល​មាន​ចម្ងាយ​ប្រហែល​ ៦០ ​ម៉ែត្រ​។

ក្រោយពី​ប្រទះ​ឃើញ​សព ប្តី​ស្ត្រី​រងគ្រោះ​បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ហើយ​សមត្ថកិច្ច​ផ្នែក​ជំនាញ​កោសល្យវិច័យ​ខេត្ត និង​គ្រូពេទ្យ​បាន​ចុះ​ដល់​កន្លែង​កើតហេតុ​ធ្វើ​កោសល្យវិច័យ​លើ​សាកសព​ដោយ​ពិនិត្យ​ឃើញ​ថា ត្រូវ​ជនសង្ស័យ​ជា​ប្តី​កាប់​ចំ ក ក្រោម​ត្រចៀក​រយះ​ស្ទើរ​ដាច់ ​១ ​ចំហៀង​ក​។

ក្រោយពី​ពិនិត្យ​សាកសព​រួចមក សមត្ថកិច្ច​នគរបាល​ស្រុក​ប្រាសាទបល្ល័ង្ក​បាន​ហៅ​ប្តី​របស់​ស្ត្រី​រងគ្រោះ និង​ឪពុក​បង្កើត​របស់​ស្ត្រី​រងគ្រោះ​ទៅ​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ប្រាសាទ​បល្ល័ង្ក ទើប​ជនសង្ស័យ​សារភាព​ចំណែក​ឪពុក​បង្កើត​របស់​ស្ត្រី​រងគ្រោះ​បាន​អនុញ្ញាត​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ​។

មន្ត្រី​បញ្ជាក់​ប្រាប់​ថា ជនសង្ស័យ​បាន​សារភាព​ថា រូបគេ​បាន​យក​កាំបិត​ផ្កាក់​កាប់​ស្ត្រី​រងគ្រោះ​នៅពេល​យប់ ពេលនោះ​ពួកគេ​បាន​ឈ្លោះ​ប្រកែក​គ្នា​។ ​ក្រោយពី​សម្លាប់​ហើយ គាត់​បាន​អូស​ស្ត្រី​រងគ្រោះ​ទៅ​ទម្លាក់​ចោល​ក្នុង​ស្រះទឹក​នៅ​ខាងក្រោយ​ផ្ទះ​ហើយ​បាន​ដើរ​ត្រឡប់​មក​ផ្ទះ​​វិញ​។ ​

លុះ​ព្រឹក​ឡើង​ថ្ងៃទី​ ២១ ​កក្កដា​ជនសង្ស័យ​បាន​ឆោឡោ​បាត់​ប្រពន្ធ​ហើយ​ធ្វើ​ជា​ដើររក​។ ជនសង្ស័យ​បាន​សារភាព​ប្រាប់​សមត្ថកិច្ច​ថា មូលហេតុ​ដែល​​រូបគេ​សម្លាប់​ប្រពន្ធ​បែប​នេះ​ដោយសារ​ជនសង្ស័យ​ស៊ើប​ដឹង​ថា ប្រពន្ធ​ខ្លួន​លួច​មាន​ស្នេហា​ផិតក្បត់​៕