ឧត្តរមានជ័យៈ កម្លាំង​ជំនាញ​រដ្ឋបាល​ព្រៃឈើ ក្រោម​កិច្ច​សហការ​សម្រប​សម្រួល​ផ្នែក​ច្បាប់ ពី​តំណាង​អយ្យការអម​សាលា​ដំបូង ខេត្ត​ឧត្តរមាន​ជ័យ បាន​ចាប់​ឃាត់​ខ្លួន​បុរស​ម្នាក់ និង​វត្ថុ​តាង​ត្រាក់ទ័រ​១ គ្រឿង ក្នុង​បទល្មើស​ឈូស​ឆាយ​ទន្រ្ទាន​ដី​ព្រៃ​ក្នុង​តំបន់​អភិវឌ្ឍន៍​ស្ថានីយផ្សព្វ​ផ្សាយ​និង​ស្តារ​ព្រៃឈើ ក្នុង​សង្កាត់​កូន​ក្រៀល ក្រុង​សំរោង។

លោក អ៊ឹម សាវរិទ្ធិ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ឧត្តរ​មាន​ជ័យ ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ នៅ​ថ្ងៃទី​២៨ មេសា ថា ជន​សង្ស័យ​ឈ្មោះ យ៉ា ឃឹម អាយុ ១៩ឆ្នាំ មាន​ទី​លំនៅ ភូមិ​គីរីមង្គល សង្កាត់​សំរោង ក្រុង​សំរោង ត្រូវ​បាន​មន្ត្រី​សង្កាត់​រដ្ឋបាល​ព្រៃឈើ​សំរោង ចាប់​ឃាត់​ខ្លួន ខណៈកំពុង​បើក​ត្រាក់ទ័រ គូបូតា ១ គ្រឿង​ឈូស​ឆាយ​ដី​ព្រៃ​ក្នុង​តំបន់​អភិវឌ្ឍន៍​ស្ថានីយ​ផ្សព្វផ្សាយ​និង​ស្តារ​ព្រៃឈើ​នៅ​ចំណុច​អូរ​បាត់​មាន់ ស្ថិត​ក្នុងសង្កាត់​កូន​ក្រៀល ក្រុង​សំរោង កាល​ពី​រសៀល​ថ្ងៃទី ២៧ មេសា។

លោក​បញ្ជាក់ថា៖​«នៅ​ពេល​នេះ ជន​សង្ស័យ​និង​វត្ថុ​តាង ត្រាក់​ទ័រ​គូបូតា ១​គ្រឿង ត្រូវ​បាន​បញ្ជូន​មក​កាន់​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត ហើយ​មន្ត្រី​ជំនាញ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​កំពុង​រៀបចំ​កសាង​សំណុំ​រឿង​បញ្ជូន​ជន​សង្ស័យ​ទៅ​តុលាការ ដើម្បី​ចាត់​វិធាន​ការ​បន្ត​តាម​នីតិវិធី​ច្បាប់»។

លោក​ស្រី ធាម ច័ន្ទពិលីកា អ្នក​នាំ​ពាក្យ​តុលាការ​ខេត្ត​ឧត្តរមានជ័យ បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍ នៅ​ថ្ងៃទី​២៨ មេសា ថា ជន​សង្ស័យ​ក្នុង​សំណុំរឿង​បទ​ល្មើស​បំផ្លិច​បំផ្លាញ​ធនធាន​ធម្មជាតិ​ខាង​លើ​នេះ ត្រូវ​បាន​តុលាការ​ខេត្ត​ឧត្តរមានជ័យ​សម្រេច​ចោទ​ប្រកាន់​ក្នុង «បទ​ល្មើស​ធនធានធម្មជាតិ​ថ្នាក់​ទី​៤ តាម​បញ្ញតិ​មាត្រា ៥៦ និង​មាត្រា ៦២ នៃ​ច្បាប់​ស្ដី​ពី​តំបន់​ការពារ​ធនធាន​ធម្មជាតិ» និង​បាន​បញ្ជា​ឲ្យ​នាំ​យក​ទៅ​ឃុំ​ខ្លួន​ក្នុងពន្ធនាគារ​ខេត្ត​ជា​បណ្ដោះ​អាសន្ន។

យោង​តាម​បទ​ចោទ និង មាត្រា​ទាំង​ ២ ខាង​លើ​នេះ ជន​សង្ស័យ​នឹង​ត្រូវ​ប្រឈម​ការ​ផ្ដន្ទាទោស​ជាប់​ពន្ធនាគារ​ពី ៥​ឆ្នាំ ដល់ ១០​ឆ្នាំ និងពិន័យ​ជា​ប្រាក់​ពី ១៥​លាន​រៀល ដល់ ១៥០​លាន​រៀល។ ចំណែក​វត្ថុ​តាង​នៃ​បទ​ល្មើស​ត្រូវ​រឹប​អូស​ទុក​ជា​សម្បត្តិ​រដ្ឋ។

កាលពីថ្ងៃទី​២៣ ខែ​មេសា កម្លាំង​សមត្ថកិច្ច​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ឧត្តរមានជ័យ ក៏​បាន​ចាប់​ឃាត់​ខ្លួន​បុរស​ម្នាក់ ឈ្មោះ​លឿម វិត អាយុ១៦​ឆ្នាំ មាន​ទី​លំនៅ​ភូមិ​បន្ទាយជ័រ ​ឃុំ​ពង្រ ស្រុក ចុងកាល់ ដោយ​រឹបអូស​វត្ថុ​តាង​ត្រាក់​ទ័រ​គូប៊ូតា ១​គ្រឿង ខណៈ​កំពុង​ធ្វើ​សកម្មភាព​ឈូសឆាយ​ភ្ជួរ​ដី​ស្ថានីយ​ផ្សព្វ​ផ្សាយ​និង​ស្ថានីយ​ស្តារ​ព្រៃឈើ នៅ​ត្រង់​ចំណុច​ចុង​រាំង ឃុំពង្រ ស្រុកចុងកាល់។ នេះ​បើ​យោង​តាម​លោក សាវរិទ្ធិ។

បន្ទាប់​មក​នៅ​ថ្ងៃទី​២៥ ខែមេសា តុលាការ​ខេត្ត​ឧត្តរមានជ័យ ក៏​បាន​សម្រេច​ឃុំ​ខ្លួន ជន​សង្ស័យ​ឈ្មោះ លឹម វិត ​ពី​បទ​ឈូស​ឆាយ​ទន្ទ្រាន​ដីរដ្ឋ ធ្វើ​ជា​កម្មសិទ្ធិ​ឯកជន​ខុស​ច្បាប់ តាម​បញ្ញតិ​មាត្រា ៥៦ និង មាត្រា ៦២​នៃ​ច្បាប់​ការពារ​ធនធាន​ធម្មជាតិ។

ដោយឡែក នៅ​ឯ​ខេត្ត​មណ្ឌលគិរី កម្លាំង​បញ្ជាការ​ឯកភាព​ស្រុក​កែវសីមា នៅ​ថ្ងៃទី​២៧ ខែមេសា សហការ​ជាមួយ​ក្រុម​ការងារ​អភិរក្ស​របស់ដែន​ជម្រក សត្វ​ព្រៃកែវ​សីមា ចុះ​ល្បាត​ក្នុង​ភូមិ​សាស្រ្ត​ដែន​ជម្រក​សត្វ​ព្រៃ​កែវសីមា និង​ក្នុង​តំបន់​អនុវត្ត​គម្រោង REDD+ ដែល​គាំទ្រ​ដោយគម្រោង​របស់​អង្គការ WCS។

ក្នុងការល្បាតនេះ បាន​ឃាត់​ខ្លួន​ពលរដ្ឋ​ម្នាក់ យក​មក​ធ្វើ​ការ​អប់​រំណែនាំ និង​ផាក​ពិន័យ​អន្តរការណ៍ បន្ទាប់ពី​ពលរដ្ឋ​រូប​នោះ​បាន​ធ្វើសកម្មភាព​កាប់​រានដី​ព្រៃ​ក្នុង​តំបន់​ដែន​ជម្រក​សត្វព្រៃ​កែវ​សីមា ដើម្បី​ពង្រីក​ផ្ទៃដី​ដាំដុះ​កសិកម្ម​ជា​លក្ខណៈ​គ្រួសារ​ដោយ​ខុស​ច្បាប់។ នេះ​បើតាម​លោក ហឿន សុខណា អភិបាល​រង​ស្រុក​កែវសីមា នៅ​ថ្ងៃទី​២៨ មេសា។

លោកថ្លែងថា៖ «ក្នុង​ប្រតិបត្តិការ​នេះ ក្រុម​ការងារ​បាន​រក​ឃើញ​ដី​ដែល​បាន​កាប់​រាន​ខុស​ច្បាប់​ប្រមាណ​ជាង ១០ហិកតា ដែល​ដី​នោះប្រមាណ ៥០​ភាគរយ កំពុង​ត្រូវ​បាន​គេ​ដាំដុះ​ដំឡូង​មី។ កម្លាំង​សមត្ថកិច្ច​ជំនាញ កំពុង​កសាង​សំណុំ​រឿង បញ្ជូន​ទៅ​តុលាការ ដើម្បី​ចាត់វិធានការ​ដក​ហូតដី​ទាំង​នោះ​មក​ជា​សម្បត្តិ​រដ្ឋ​វិញ ទៅ​តាម​នីតិវិធី​ច្បាប់»៕