កំពង់ស្ពឺ៖ បុរសជាកសិករអាយុ ៤១ ឆ្នាំម្នាក់ ត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី ៨ ខែឧសភា រឿងកាន់កាប់អាវុធវែងមួយដើមដោយខុសច្បាប់ ដែលកំពុងត្រូវបានសាកសួរដោយកងរាជអាវុធហត្ថ ខេត្តកំពង់ស្ពឺ មុនពេលបន្តនីតិវិធីបញ្ជូនទៅតុលាការ។
លោក ទិត្យ វណ្ណៈ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានថ្លែងឱ្យដឹងថា សំណុំរឿងនេះ មានជនសង្ស័យឈ្មោះ ជួន ជាង ភេទប្រុសអាយុ ៤១ ឆ្នាំ មុខរបរកសិករមានទីលំនៅភូមិអង្រ្កង ឃុំត្រពាំងជោ ស្រុកឪរ៉ាល់ ខេត្តកំពង់ស្ពឺ ជាប់ពាក់ព័ន្ធករណីកាន់កាប់ដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត ហើយកំពុងសាកសួរដោយមិនទាន់បានបញ្ជូនទៅអយ្យការសាលាដំបូងខេត្តកំពង់ស្ពឺនៅឡើយទេ។
លោក ទិត្យ វណ្ណៈ ថ្លែងថា៖ «ខ្ញុំកំពុងធ្វើការសាកសួរគាត់ (ជនសង្ស័យ) សិន។
ទោះជាយ៉ាងណា ទំព័រហ្វេសប៊ុកផ្លូវការរបស់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចុះផ្សាយនៅថ្ងៃទី ១០ ខែ ឧសភា ឆ្នាំ ២០២១ នេះថា កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺកាលពីថ្ងៃទី ៨ ខែ ឧសភា ឆ្នាំ ២០២១ បានឃាត់ខ្លួនជនសង្ស័យម្នាក់នៅ ភូមិស្រែកិន ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ជាប់ពាក់ព័ន្ធករណីកាន់កាប់ដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត។
ក្នុងប្រតិបត្តការឃាត់ខ្លួនជនសង្ស័យនេះ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺបានសហការជាមួយកម្លាំង អង្គការសម្ពន្ធ័មិត្តសត្វព្រៃ ព្រមទាំងមានការសម្របសម្រួលពីលោកស្រី ចាត សូរស្មី ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តកំពង់ស្ពឺ ដោយបានដកហូតវត្ថុតាងមាន អាវុធ AK47 (ស្វាយ ០១ ដើម) និងបង់ ០១ និងគ្រាប់ចំនួន ៥៨ គ្រាប់៕