សៀមរាបៈ បុរស​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​ពួក​ចាប់​ឃាត់ខ្លួន​ភ្លាមៗ បន្ទាប់ពី​អន្ទាក់​អគ្គិសនី​របស់គាត់​ដែល​រាយ​ព័ទ្ធជុំវិញ​ដីស្រែ​របស់​គាត់ ដើម្បី​ចាប់​សត្វ​កណ្ដុរ​បាន​បង្ក​ឲ្យ​អ្នកភូមិ​ម្នាក់​ស្លាប់ និង​ម្នាក់ទៀត​រងរបួស​ធ្ងន់​។ យោង​តាម​ប្រភព​មន្ត្រី​នគរបាល​មូលដ្ឋាន​កាលពី​ថ្ងៃអាទិត្យ​។

លោក ទេព ពុំសែន អធិការ​ស្រុកពួក​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា បុរស​សង្ស័យ​ឈ្មោះ យ៉ៃ យឿត អាយុ​ ៥៧ ​ឆ្នាំ​មាន​ទីលំនៅ ភូមិ​អំពិលពាម ឃុំ​ខ្នាត ស្រុកពួក ខេត្ត​សៀមរាប ត្រូវ​បាន​ចាប់ខ្លួន​កាលពី​យប់​ថ្ងៃទី​ ២១ ខែ​សីហា ឆ្នាំ​ ២០២០ ពាក់ព័ន្ធ​ករណី​រាយ​អន្ទាក់​ខ្សែលួស​ភ្ជាប់​ដោយ​ចរន្តអគ្គិសនី បណ្ដាល​ឲ្យ​ឆក់​ស្លាប់ និង​របួស​បុរស​ ២ ​នាក់​ដែល​ជា​អ្នកភូមិ​របស់គាត់​។

ជនរងគ្រោះ​ទាំង​ ២ ​នោះ ​គឺជា​បងប្អូន​ប្រុស​បង្កើត​នឹង​គ្នា​រួមមាន​ឈ្មោះ ភួន ផង់ អាយុ​ ៣៥ ​ឆ្នាំ ស្លាប់ និង​ម្នាក់​ទៀត​ឈ្មោះ ភួន ភីត អាយុ​ ២១ ​ឆ្នាំ​ ដួលសន្លប់​បាត់ស្មារតី ត្រូវ​បាន​ក្រុមគ្រួសារ និង​សាច់ញាតិ​ជួយ​សង្គ្រោះ​ជីវិត​ទាន់ពេល​។

លោក​បាន​បញ្ជាក់ថា​៖ «​ជនសង្ស័យ​បាន​សារភាព​ថា គាត់​ពិតជា​បាន​រាយអន្ទាក់​ខ្សែលួស​ភ្ជាប់​ដោយ​ចរន្តអគ្គិសនី​ហ៊ុមព័ទ្ធ​ដីស្រែ​នោះ​មែន ប៉ុន្តែ​គ្មាន​បំណង​ឆក់​បុរស​ទាំង​ ២ ​នោះ​ទេ​។ គាត់​រាយ​អន្ទាក់​អគ្គិសនី​នោះ​ គឺ​ដើម្បី​ចាប់​សត្វ​កណ្ដុរ​តែប៉ុណ្ណោះ​»​។

លោក ភឹង ចិន្តារ៉េត ប្រធាន​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​សៀមរាប​បាន​ថ្លែងថា​៖ «​ប៉ុន្តែ​ច្បាប់​មិន​អនុញ្ញាត​ឲ្យ​គាត់​ធ្វើ​បែប​នេះ​ឡើយ​»​។

លោក​បាន​ឲ្យ​ដឹងថា យោង​តាម​សារាចរ​ណែនាំ​របស់​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់​ និង​នេសាទ និង​ក្រសួង​បរិស្ថាន ការរាយ​អន្ទាក់​ខ្សែលួស​ភ្ជាប់​ចរន្តអគ្គិសនី​នៅ​តាម​វាលស្រែ​នៅក្នុង​ទឹក និង​នៅតាម​ដងព្រៃ​នានា ដើម្បី​ស្ទាក់ចាប់​សត្វ​ត្រូវ​បាន​ហាមឃាត់​ជា​ដាច់ខាត​។

លោក ចិន្តារ៉េត ថ្លែងថា​៖ «​គាត់​ក៏ត្រូវ​បាន​តុលាការ​សម្រេច​ចោទប្រកាន់​ពី​បទ​មនុស្សឃាត​ដោយ​អចេតនា និងបាន​បង្គាប់​ឲ្យ​នាំ​យក​ទៅ​ឃុំខ្លួន​ជា​បណ្ដោះអាសន្ន ដើម្បី​ជំនុំជម្រះ​ទោស​នៅពេល​ក្រោយ​»​។

លោក ឆាយ នួន ជា​បងថ្លៃ​ប្រុស​ជនរងគ្រោះ​បាន​ឲ្យ​ដឹងថា គ្រួសារ​ជនសង្ស័យ​បាន​ព្យាយាម​ធ្វើការ​សម្របសម្រួល​ដំណោះស្រាយ​ក្រៅ​ប្រព័ន្ធ​តុលាការ​ជា​សំណង​ទឹកប្រាក់​​ ៥ ​ពាន់​ដុល្លារ ប៉ុន្តែ​ក្រុម​គ្រួសារ​ជនរងគ្រោះ​មិន​ព្រម ទុក​ឲ្យ​ច្បាប់​ដោះស្រាយ​៕