បន្ទាយមានជ័យ៖ បុរស​ម្នាក់​ត្រូវ​បាន​តុលាការ​ខេត្ត​បន្ទាយមានជ័យ ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​កាល​ពី​ថ្ងៃទី ២៦ មេសា បន្ទាប់​ពី​សមត្ថកិច្ច​ចាប់​ខ្លួន ១ ថ្ងៃ ពាក់ព័ន្ធ​ការ​រំលោភ​សេពសន្ថវៈ​កូន​ចុង​របស់​ខ្លួន​បាន​សម្រេច ១ លើក ប្រព្រឹត្ត​នៅ​ឃុំ​បន្ទាយឆ្មា ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ។

លោកស្រី ឌី សុជាតិ ស្នងការ​រង​ទទួល​ការងារ​ផែន​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស ខេត្ត​បន្ទាយមានជ័យ​ឱ្យ​ដឹង​នៅ​ថ្ងៃទី ២៧ មេសា​ថា បុរស​ឈ្មោះ ចាន់ រៈយ៉ា អាយុ ៤៤ ឆ្នាំ ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ខេត្ត​ហើយ កាល​ពី​រសៀល​ថ្ងៃទី​ ២៦ មេសា។ ទាំង​តំណាង​អយ្យការ​ទាំង​ចៅក្រម​បាន​ប្រើ​ពេល​ជាច្រើន​ម៉ោង ដើម្បី​សួរ​ចម្លើយ​ជនសង្ស័យ មុន​សម្រេច​ចេញ​ដីកា​ឃុំ។

លោកស្រី​ថ្លែង​ថា៖ «មុន​នឹង​តុលាការ​សម្រេច​ឃុំ​ខ្លួន​ជន​ណា​ម្នាក់ គឺ​តុលាការ​ស៊ើប​អង្កេត​រឿង​នោះ​ល្អិតល្អន់​ណាស់។ តុលាការ​ចោទ​បទ​រួម​ភេទ​ជាមួយ​អនីតិជន​ក្រោម​អាយុ ១៥ ឆ្នាំ​ តាមមាត្រា ៤២»។

បើ​យោង​មាត្រា ៤២ ច្បាប់​ស្តីពី​ការ​បង្ក្រាប​អំពើ​ជួញ​ដូរ​មនុស្ស និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវ​ភេទ បើ​តុលាការ​រក​ឃើញ​ថា ជន​សង្ស័យ​ប្រព្រឹត្ត​មែន​នោះ នឹង​ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី ៥ ទៅ ១០ ឆ្នាំ។

ករណី​នេះ​ត្រូវ​បាន​លោក ផែ សាវិត នាយ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​បន្ទាយឆ្មា ប្រាប់​នៅ​ថ្ងៃទី ២៧ មេសា​ថា ក្មេង​ស្រី​រងគ្រោះ​ឈ្មោះ យ.រ អាយុ ១០ ឆ្នាំ។ នាង​មាន​បង​ប្រុស​ម្នាក់ ហើយ​នាង​ជា​កូន​ប្អូន។

លោក​ប្រាប់​ថា៖ «រឿង​នេះ​ម្តាយ​ក្មេង​ស្រី​រងគ្រោះ​ជា​អ្នក​ប្តឹង​ផ្ទាល់ ព្រោះ​តែ​ក្មេង​រងគ្រោះ​ប្រាប់​ម្តាយ​នាង»។

លោក​ប្រាប់​តាម​សម្តី​ស្រ្តី​ម្តាយ​ក្មេង​ថា ម្តាយ​ក្មេង​រងគ្រោះ​ជា​ស្រ្តី​មេម៉ាយ​មាន​ជីវភាព​ក្រីក្រ​ខ្លាំង។ ដោយ​គ្មាន​អ្វី​ជា​ទីពឹង​គាត់​បាន​យក​បុរស​ជាប់​ចោទ​គ្រាន់​ពឹង​ពាក់​ក្នុង​ការ​មើល​ខុស​ត្រូវ​កូនៗ ព្រោះ​ថា​កូន​នៅ​តូចៗ​នៅ​ឡើយ។

នៅ​ព្រឹក​ថ្ងៃទី ២៤ មេសា ម្តាយ​ក្មេង​រងគ្រោះ​បាន​ទៅ​ស៊ី​ឈ្នួល​បេះស្វាយ​ឱ្យ​គេ​នៅ​ក្បែរ​ភូមិ ហើយ​ទុក​កូនៗ​នៅ​ចាំ​ផ្ទះ។ ប៉ុន្តែ​ពេល​នោះ​ជន​សង្ស័យ​ដែល​មិន​បាន​ទៅ​ជាមួយ​ប្រពន្ធ បាន​ចាប់​ក្មេង​ស្រី​រងគ្រោះ​រំលោភ​បាន​សម្រច​តែ​ម្តង​ទៅ។

លុះ​ពេល​ស្រ្តី​ម្តាយ​ក្មេង​រងគ្រោះ​ត្រឡប់​មក​ពី​ស៊ី​ឈ្នួល​បេះស្វាយ​វិញ ក៏​ត្រូវ​ក្មេង​រងគ្រោះ​យំ​ប្រាប់​ម្តាយ។ ពេល​នោះ​ស្រ្តី​ជា​ម្តាយ​បាន​ទៅ​ប្តឹង​នគរបាល​វរសេនា​តូច​ការពារ​ព្រំដែន​គោក​លេខ ៨០៧ ព្រោះ​នៅ​ជិត​ផ្ទះ។

បន្ទាប់​មក​នគរបាល​ព្រំដែន​គោក​លេខ ៨០៧ បាន​ចាប់​ជនសង្ស័យ​ដឹក​មក​ប្រគល់​ឱ្យ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំបន្ទាយឆ្មា។

លោក​បញ្ជាក់​ថា៖ «ភូមិ​កើត​ហេតុ​នៅ​ឆ្ងាយ​ពី​ប៉ុស្តិ៍ន​គរបាល​ខ្ញុំ​ប្រហែល​ជា ១ គីឡូម៉ែត្រ។ ឯ​នគរបាល​វរសេនា​តូច​ការពារ​ព្រំដែន​គោក​លេខ ៨០៧ នៅ​ជិត​ជាង​ខ្ញុំ»៕