សៀមរាបៈ បុរសម្នាក់ត្រូវបានតុលាការខេត្តសៀមរាបចោទប្រកាន់ និងបញ្ជូនទៅឃុំខ្លួនក្នុងពន្ធនាគារកាលពីថ្ងៃទី ៨ ឧសភា ពាកព័ន្ធករណីសម្លាប់ស្រីស្នេហ៍ដែលជាអាណិកជន។
បុរសរូបនេះត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី ៦ ឧសភា ពីខេត្តបាត់ដំបងក្រោយពីបុរសម្នាក់នេះសម្លាប់ស្រីស្នេហ៍របស់ខ្លួននៅបន្ទប់ផ្ទះជួលក្នុងភូមិត្រៀកសង្កាត់-ក្រុងសៀមរាប ខេត្តសៀមរាប ហើយគេចខ្លួនទៅខេត្តបាត់ដំបង។
លោក សៀក សោភា ប្រធានការិយាល័យ ប្រឆាំងបទល្មើសព្រហ្មទណ្ឌនៃកងរាជអាវុធហត្ថខេត្តសៀមរាបប្រាប់ភ្នំពេញប៉ុស្តិ៍ នៅថ្ងៃទី ៩ ឧសភា ថា ជនត្រូវចោទឈ្មោះ ម៉ឺន វិមល អាយុ ៣៤ ឆ្នាំ។ រីឯស្ត្រីរងគ្រោះឈ្មោះ ចន្ថា ហ្គោរ៉េ ហៅ ចន្ថា អាយុ ៥៦ ឆ្នាំជាអាណិកជនខ្មែរ រស់នៅប្រទេសស្វ៊ីស។
លោកប្រាប់ថា៖ «បុរសម្នាក់នេះត្រូវបានលោកចៅក្រម ឆៃ វីរៈ ឃុំខ្លួនពាក់ព័ន្ធបទ ឃាតកម្ម និងបទអំពើលួចតាមមាត្រា ២០៥ និងមាត្រា ៣៥៦ នៃក្រមព្រហ្មទណ្ឌ»។
ពាក់ព័ន្ធបទចោទតាមមាត្រានេះ ប្រសិនបើតុលាការរកឃើញថា ជនត្រូវចោទពិតជាបានប្រព្រឹត្តមែននោះ នឹងត្រូវជាប់ពន្ធនាគារពី ១០ ទៅ ១៥ ឆ្នាំ។ រីឯ មាត្រា ៣៥៦ វិញ ត្រូវជាប់ពន្ធនាគារពី ៦ ខែទៅ ៣ ឆ្នាំ និងពិន័យប្រាក់ពី ១ លានទៅ ៦ លានរៀល (បទលួច)។
លោក សោភា ប្រាប់តាមសម្តីជនត្រូវចោទថា ស្ត្រីរងគ្រោះបានមកលេងស្រុកខ្មែរហើយបានស្រឡាញ់គ្នាជាមួយឈ្មោះ ម៉ឺន វិមល បាន ៤ ទៅ ៥ ខែមុនកើតហេតុ។ ប៉ុន្តែក្នុងការរួមរស់ជាមួយគ្នាស្ត្រីរងគ្រោះបានដាក់គំនាបហាមមិនឱ្យជនសង្ស័យទាក់ទងទៅសាច់ញាតិម្តាយឪពុក ឬបងប្អូនឡើយ ហើយទូរស័ព្ទ គឺមិនឱ្យប្រើ ភ្ជាប់សេវាអ៊ីនធឺណិតទេ។
លោកបន្តទៀតថា រីឯសាច់ញាតិស្ត្រីរងគ្រោះវិញក៏ប្រាប់ស្ត្រីរងគ្រោះមិនឱ្យយកបុរសសង្ស័យជាប្តីដែរ ព្រោះថា ខាងស្រីមានអាយុច្រើនមិនអាចឱ្យជនសង្ស័យស្រឡាញ់គ្នាបានយូរអង្វែងទេ។ ប៉ុន្តែស្ត្រីរងគ្រោះមិនគិតពីការផ្តល់យោបល់ពីសំណាក់សាច់ញាតិទេ។
បើតាមលោក សោភា លុះដល់យប់ថ្ងៃទី ២៦ មេសា ស្ត្រីរងគ្រោះបានទិញស្រាបៀរផឹកចំនួន ៦ កំប៉ុងជាមួយជនសង្ស័យ។ ពេលផឹកស្រវឹងស្ត្រីរងគ្រោះបានជេរ និងស្តីបន្ទោសជនសង្ស័យថា ជាមនុស្សក្រគ្មានអ្វីជាប់ខ្លួន។
លោកបន្តថា ស្ត្រីរងគ្រោះនិយាយបណ្តើរយកកាំបិតចិតបន្លែជន្ល ដាក់ជនសង្ស័យដោយនិយាយគំរាមថា៖ «នៅយប់នេះបើអញមិនងាប់ ក៏ហ្អែងងាប់ដែរ»។ លោកថា ពេលជនសង្ស័យឮដូច្នោះក៏មានអារម្មណ៍ភ័យ ខណៈស្ត្រីរងគ្រោះកាន់អង្រែបុកគ្រឿងជន្លក្បាលថែមទៀតនោះ»។
បើតាមលោក សោភា ជនសង្ស័យបានទាញអង្រែពីស្ត្រីរងគ្រោះ ហើយវាយក្បាលស្ត្រីរងគ្រោះសន្លប់ ក៏យកកាំបិតចាក់ត្រូវលើភ្នែក ស្មា និងពោះរហូតដាច់ខ្យល់ស្លាប់ ហើយយកម៉ូតូស្ត្រីរងគ្រោះជិះគេចខ្លួនបាត់។
លោកបន្តថា រហូតដល់ថ្ងៃទី ៥ ឧសភា អ្នកក្បែរខាងបន្ទប់ជួលធំក្លិនស្អុយក៏បើកទ្វារបន្ទប់ មើលក៏ឃើញសពស្ត្រីរងគ្រោះហើមស្អុយទៅហើយ។
ភ្លាមនោះក្រោយពីទទួលបានសេចក្តីរាយការណ៍សមត្ថកិច្ចរបស់លោកបានបើកការស៊ើប អង្កេតរហូតតាមចាប់ជនសង្ស័យបាន។
អ្នកនាំពាក្យតុលាការខេត្តសៀមរាបលោក យិន ស្រ៊ាង មិនអាចទាក់ទងសុំអត្ថាធិប្បាយបន្ថែមបានទេនៅថ្ងៃនេះ៕