ពោធិ៍សាត់ៈ តុលាការ​ខេត្ត​ពោធិ៍សាត់​បាន​ឃុំខ្លួន​បុរស​ម្នាក់​ក្នុង​ពន្ធនាគារ ​កាលពី​ថ្ងៃទី ១៩ ​ឧសភា ​បន្ទាប់ពី​ចាប់ខ្លួន​ កាលពីថ្ងៃ​ទី ១៧​ ឧសភា ​ករណី​រំលោភ​កូនស្រី​បង្កើត​របស់ខ្លួន​អាយុ ១៤ ឆ្នាំ ​បានសម្រេច​ដល់ទៅ​ ៤ ដង ​ប្រព្រឹត្ត​នៅ​ឃុំ​ព្រងិល​ ស្រុក​ភ្នំ​ក្រវាញ។

លោក​ស្រី ​ស៊ឹម លន់ ​ស្នងការរង​ទទួល​ផែន​ការងារ​ប្រឆាំង​ការជួញដូរ​មនុស្ស ​និង​ការពារ​អនីតិជន​ខេត្តពោធិ៍សាត់​ឱ្យដឹង​នៅ​រសៀល​ថ្ងៃទី ២០ ​ឧសភា​ ថា ​បុរស​ឈ្មោះ ​ប៉ក់ បូរី ​អាយុ ​៣៥ ឆ្នាំ​ ត្រូវបាន​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្ត​ពោធិ៍សាត់​ សម្រេច​ចេញ​ដីកា​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​ខេត្ត​ហើយ ​នៅ​ថ្ងៃទី ១៩ ​ឧសភា។ រីឯ​ក្មេងស្រី​រងគ្រោះ​ឈ្មោះ​ ម.ស.​ អាយុ ១៤ ឆ្នាំ។

លោកស្រី​ថ្លែងថា​៖ «ចៅក្រម​ស៊ើបសួរ​ឃុំខ្លួន​ជន​ត្រូវ​ចោទ​ម្នាក់នេះ ​តាម​បញ្ញត្តិ​មាត្រា ​៤២ ច្បាប់ ​ស្តីពី​ការបង្ក្រាប​អំពើ​ជួញដូរ​មនុស្ស ​និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវ​ភេទ»។

បើ​តាម​បញ្ញត្តិ​មាត្រា ៤២ ច្បាប់​ស្តីពី​ការបង្ក្រាប​អំពើ​ជួញដូរ​មនុស្ស ​និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវភេទ​នេះ​ ប្រសិនបើ​តុលាការ​រក​ឃើញ​ថា ​ជន​ត្រូវ​ចោទ​ពិតជា​បាន​ប្រព្រឹត្ត​លើ​ក្មេងរងគ្រោះ​មែន​នោះ​នឹងត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី ៥ ​ទៅ​ ១០ ឆ្នាំ។

លោក ​ហ៊ុន ចាន់ធា ​នាយ​ផ្នែក​ព្រហ្មទណ្ឌ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំក្រវាញ​បាន​ប្រាប់​នៅថ្ងៃ​ទី ២០ ​ឧសភា​ ដែរ​ថា ​ជន​សង្ស័យ​ឈ្មោះ​ ប៉ក់ បូរី ​មាន​ប្រពន្ធ ​និង​មានកូន​ចំនួន​ ៤ នាក់ ​ប្រុស ២ នាក់​ ស្រី ២ នាក់ ​ហើយ​ក្មេងស្រី​រងគ្រោះ​ជាកូន​ទី៣​ ក្នុង​គ្រួសារ។ ចំពោះ​ស្ថានភាព​គ្រួសារ​មួយនេះ​ជាគ្រួសារ​ក្រីក្រ ​ដូច្នេះ​កូនៗ​ក៏ដូចជា​ម្តាយ​ក្មេង​រងគ្រោះ​តែង​ចេញទៅ​ប្រកប​ការងារ​ផ្សេងៗ​មិនសូវ​បាននៅ​ផ្ទះ​ជាប់លាប់​ទេ​ដែល​ជនសង្ស័យ​មាន​ឱកាស​ក្នុង​ការប្រព្រឹត្ត​បទ​ល្មើស។

លោក​ប្រាប់​តាម​សម្តី​ម្តាយ​ក្មេង​រងគ្រោះ​ថា ​ជនសង្ស័យ​ជាឪពុក​បង្កើត​នោះ ​បានប្រព្រឹត្ត​លើ​កូនស្រី​ខ្លួន​ឯង ​(ក្មេង​រងគ្រោះ) ​ម្តង​រួចមក​ហើយ​គឺ​នៅ​ពេល​យប់។ ប៉ុន្តែ​គាត់ ​(ម្តាយ) ​មិនបាន​ចាំថ្ងៃ​ខែទេ ​ហើយ​ពេលនោះ​គាត់​បានស្តី​បន្ទោស​ជន​សង្ស័យ​កុំ​ឲ្យ​ប្រព្រឹត្ត​នូវ​អំពើ​មិនគប្បី​ដូច្នេះ​ទៀត​ ព្រោះ​ខ្លួន​ជាឪពុក​បង្កើត ​និង​ផ្តល់​ភាពកក់​ក្តៅ​ដល់​កូនៗ។

មន្ត្រី​ប៉ូលិស​រូបនេះ​បន្តថា​ នៅ​ថ្ងៃទី ១៧ ​ឧសភា ​មុន​ពេល​កើតហេតុ​ ជន​សង្ស័យ​បានបង្ខំ​ឱ្យ​កូន​ប្រុស​ម្នាក់​ចេញ​ទៅ​ព្រៃ​ដោយ​ប្រាប់​ថា ​ទៅ​រក​អុស​យក​មក​ទុក​ដុត​ ហើយ​កូនប្រុស​នោះ​ក៏ចេញ​ទៅ​រក​អុស​តាម​បញ្ជា​របស់​ឪពុក។​ ប៉ុន្តែ​ដោយ​មានការ​សង្ស័យ​ កូន​ប្រុស​ម្នាក់​នោះ​ក៏ត្រឡប់​មក​ផ្ទះ​វិញ​ ក៏ឃើញ​ឪពុក​កំពុងតែ​រំលោភ​លើ​ប្អូនស្រី​របស់​ខ្លួន​ ទើប​រត់​ទៅប្រាប់​ម្តាយ​របស់​ខ្លួន​តែ​ម្តង។​ ភ្លាមៗ​នោះ​ស្រ្តី​ម្តាយ​ក្មេង​រងគ្រោះ​បាន​មក​ប្តឹង​នគរបាល​ប៉ុស្តិ៍​ឃុំ​ព្រងិល ​ហើយ​សមត្ថកិច្ច​បាន​ចុះឃាត់​ខ្លួន​ជនសង្ស័យ​នៅ​ថ្ងៃទី ១៧ ​ឧសភា​តែ​ម្តង។

លោក​ ចាន់ធា ​បញ្ជាក់​ថា ​ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​សារភាព​ថា ​គាត់​បានរំលោភ​កូនស្រី​របស់​គាត់​បាន​សម្រេច​ ៤ ដង​ ហើយ​លើក​ចុង​ក្រោយ​នេះ ​ក៏ត្រូវ​បែកការណ៍ដោយសារ​កូនប្រុស​របស់​គាត់​ឃើញ​នៅពេល​គាត់​កំពុង​ធ្វើ​សកម្មភាព​រំលោភ​កូនស្រី​គាត់៕