
ជនសង្ស័យត្រូវបានសមត្ថកិច្ចបញ្ជូនទៅតុលាការ ករណីលួងលោមក្មេងស្រីរួមភេទបានសម្រេចជាច្រើនលើក។ រូបថត ប៉ូលិស
បាត់ដំបង៖ សមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក នៅថ្ងៃទី ៦ ខែឧសភានេះ បានបញ្ជូនជនសង្ស័យម្នាក់ពាក់ព័ន្ធនឹងករណីលួងលោមក្មេងស្រីរួមភេទបានសម្រេចជាច្រើនលើក ទៅតុលាការខេត្តបាត់ដំបង ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់។
លោក ហេង បារំាង អធិការនគរបាលស្រុកភ្នំព្រឹកប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ៦ ខែឧសភានេះថា សមត្ថកិច្ចបានបញ្ជូនជនសង្ស័យនេះមកដល់ការិយាល័យជំនាញ ដើម្បីកសាងសំណុំរឿងរួចក៏បញ្ជូនទៅតុលាការនៅថ្ងៃទី ៦ ខែមេសានេះ។
លោក ហេង បារំាង មិនបានធ្វើអត្ថាធិប្បាយលម្អិតទេ ជុំវិញករណីនេះ ប៉ុន្តែតាមការចុះផ្សាយរបស់អគ្គស្នងការដ្ឋាននគរបាលជាតិជនង្ស័យមានឈ្មោះ ពៅ ទូច ហៅ ពៀញ អាយុ ៣១ ឆ្នាំ មានទីលំនៅ ភូមិស្ពានទំនាប ឃុំបួរ ស្រុកភ្នំព្រឹក។
ការឃាត់ខ្លួននេះ ធ្វើឡើងតាមពាក្យបណ្តឹងរបស់ឈ្មោះ សុខ សារី ភេទស្រី អាយុ ៦៨ ឆ្នាំ មានទីលំនៅភូមិស្ពានទំនាប ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង បានប្តឹងជនសង្ស័យខាងលើ ដែលធ្វើសកម្មភាពលួងលោមទៅលើកូនស្រីបង្កើតរបស់គាត់ឈ្មោះ ស.សរ អាយុ ១៥ ឆ្នាំ ដើម្បីរួមភេទបានសម្រេចជាច្រើនដង។
លោក បូ បុល មេប៉ុស្តិ៍នគរបាលរដ្ឋបាលបួរ បានថ្លែងថា ជនសង្ស័យឈ្មោះ ពៅ ទូច ត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី ៤ ខែ ឧសភា ឆ្នាំ ២០២១ បន្ទាប់ពីម្តាយជនរងគ្រោះបានដាក់ពាក្យបណ្តឹងមកកម្លាំងសមត្ថកិច្ច។
ជនសង្ស័យរូបនេះ គឺជាអ្នករស់នៅក្នុងភូមិឃុំជាមួយនឹងជនរងគ្រោះ៕