The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - បុរស​ម្នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​តុលាការ​ ព្រោះ​បាញ់​​សម្លាប់​ស្វា​កម្រ និង​ដោះលែង​អ្នក​ដាក់​អន្ទាក់​ ២ ​នាក់




បុរស​ម្នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​តុលាការ​ ព្រោះ​បាញ់​​សម្លាប់​ស្វា​កម្រ និង​ដោះលែង​អ្នក​ដាក់​អន្ទាក់​ ២ ​នាក់

Content image - Phnom Penh Post
មន្ត្រី​បង្ហាញ​ខ្លួន​ជនសង្ស័យ​ដែល​បាញ់សម្លាប់​ស្វាកម្រ​។ រូបថត សហការី

បុរស​ម្នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​តុលាការ​ ព្រោះ​បាញ់​​សម្លាប់​ស្វា​កម្រ និង​ដោះលែង​អ្នក​ដាក់​អន្ទាក់​ ២ ​នាក់

កំពង់ឆ្នាំង/ស្ទឹងត្រែង: បុរស​ជា​ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​បញ្ជូន​ទៅកាន់​តុលាការខេត្ត​ស្ទឹងត្រែង​ក្រោយពី​បាន​ឃាត់ខ្លួន​ក្នុង​រឿង​បាញ់សម្លាប់​ស្វា​កន្ទុយ​ស​ ១ ​ក្បាល​ នៅក្នុង​ឃុំ​តាឡាត ស្រុក​សេសាន ខេត្ត​ស្ទឹងត្រែង​ដោយ​ឡែក​នៅក្នុង​ខេត្ត​កំពង់ឆ្នាំង សមត្ថកិច្ច​បាន​ដោះលែង​បុរស​ជា​ជនសង្ស័យ​ចំនួន ២ ​នាក់​ផ្សេងទៀត​ ក្រោយពី​ឃាត់ខ្លួន​ដោយសារ​ដាក់​អន្ទាក់​ចាប់​សត្វស្លាប​កម្រ​ចំនួន​ ៥ ​ក្បាល​។

យោងតាម Fresh News បាន​ដកស្រង់​សម្ដី​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​ពី​ម្សិលមិញ​ថា មន្ត្រី​ជំនាញ​បាន​ធ្វើការ​អប់រំ​ណែនាំ​ដោយ​ធ្វើ​កិច្ចសន្យា ដើម្បី​បញ្ឈប់​ការប្រព្រឹត្ត​នូវ​ទង្វើ​ក្នុង​ការដើរ​ទាក់ និង​សម្លាប់សត្វ​ស្លាប និង​សត្វព្រៃ​ដែល​ជា​សត្វ​ដ៏កម្រ​ជា​បន្តទៀត​។ ចំណែក​សត្វ​ននាល​ខ្យង​ចំនួន ៥ ​ក្បាល​ត្រូវ​បាន​ប្រគល់​ឲ្យ​ខាង​ជំនាញ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​កំពង់ឆ្នាំង ដើម្បី​ដោះលែង​ឲ្យ​មាន​សេរីភាព​ឡើងវិញ​នៅ​តំបន់​ដែល​មាន​សុវត្ថិភាព​។

លោក ឆាយ ខេមរ័ត្ន អធិការនគរបាល​ក្រុង​កំពង់ឆ្នាំង​បាន​ថ្លែង​ពី​ម្សិលមិញ​ថា លោក​បាន​បញ្ជូន​ខ្លួន​ជនល្មើស​ទាំង​ ២ ​នាក់​ ទៅ​ឲ្យ​មន្ត្រី​ជំនាញ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​កំពង់ឆ្នាំង​កាលពី​ថ្ងៃទី​ ១៣ ខែ​មិថុនា ប៉ុន្ដែ​លោក​មិនទាន់​ដឹង​ពី​នីតិវិធី​របស់​មន្ត្រី​​ជំនាញ​ទេ​។

លោក​បញ្ជាក់ថា​៖ «​បុរស​ ២ ​នាក់ ​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន ក្រោយពី​ពួកគាត់​បានធ្វើ​សកម្មភាព​ដាក់​អន្ទាក់​សត្វ​ននាល​ខ្យង ដែល​ជា​ប្រភេទ​សត្វ​ស្លាប​កម្រ​នៅ​ព្រឹក​ថ្ងៃទី​ ១៣ ខែមិថុនា​។ ពួកខ្ញុំ​បាន​សាកសួរ​រួចរាល់​ក៏បាន​បញ្ជូន​ទៅ​មន្ត្រី​ជំនាញ​ចាត់ចែង​តាម​នីតិវិធី​ច្បាប់ ហើយ​អត់​ទាន់​ដឹង​គេ​ដោះលែង ឬ​បញ្ជូន​ទៅ​តុលាការ​ទេ​»​។

លោក ថោង វាន់វីរ៉ាវុឌ្ឍី នាយខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​កំពង់ឆ្នាំង​ពី​ម្សិលមិញ​បាន​ថ្លែង​បដិសេធ​ការធ្វើ​អត្ថាធិប្បាយ​ជុំវិញ​ករណី​ដាក់​អន្ទាក់​សត្វ​ននាល​ខ្យង​នៅ​ថ្ងៃទី​ ១៣ ខែ​មិថុនា ក្នុងភូមិ​ដំណាក់​ពពូល សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ខេត្ត​កំពង់ឆ្នាំង​នេះ​ដោយ​លោក​អះអាង​ថា មិនទាន់​ដឹង​ពី​ការបង្ក្រាប ឬ​ឃាត់ខ្លួន​ជនសង្ស័យ​ទេ ព្រោះ​លោក​កំពុង​ជាប់រវល់​។

លោក ឆាយ ខេមរ័ត្ន បាន​ឲ្យ​ដឹងថា ជន​ទាំង​ ២ ​នាក់​នេះ​ មាន​​ទីលំនៅ​ក្នុង​ឃុំ​ទឹកហូត ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង ដោយ​ពួកគាត់​ឆ្លើយ​សារភាពថា នៅពេល​ដាក់​អន្ទាក់​បាន​សត្វ​ទាំងនោះ​គឺ​យក​ទៅ​លក់​នៅ​ឃុំ​ទឹកហូត ស្រុក​រលាប្អៀរ ក្នុង​តម្លៃ​ ១ ​ក្បាល ២ ​ម៉ឺន​រៀល​។ ជាពិសេស​ដាក់​លក់​នៅតាម​ផ្លូវ​ជាតិ​លេខ​ ៥ ក្នុង​ចំណុច​ឃុំ​ទឹកហូត ស្រុក​រលាប្អៀរ មាន​តូប​ជាច្រើន​កន្លែង​កំពុង​ដាក់តាំង​លក់​សត្វព្រៃ និង​សត្វ​ស្លាប​នានា​។

ករណី​ស្រដៀង​គ្នា​នេះ សមត្ថកិច្ច​ខេត្ត​ស្ទឹងត្រែង​បាន​បញ្ជូន​ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ ណាំ យ៉ុន អាយុ​ ៣៥ ​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ​ស្វាយរៀង ឃុំ​តាឡាត ស្រុក​សេសាន​ទៅ​សាលាដំបូង​ខេត្ត​ស្ទឹងត្រែង បន្ទាប់ពី​បាន​បាញ់​សម្លាប់​សត្វ​ស្វា​កន្ទុយ​ស​ ១ ​ក្បាល នៅ​ភូមិ​ស្វាយរៀង ឃុំ​តាឡាត ស្រុក​សេសាន ខេត្ត​ស្ទឹងត្រែង​ដោយ​សមត្ថកិច្ច​ដកហូត​សាកសព​សត្វ​ស្វា​ដែល​ជា​ប្រភេទ​ស្វា​កន្ទុយ​ស​ ១ ​ក្បាល និង​អាវុធ​កែច្នៃ​ (​កាំភ្លើង​ខ្យល់​) ១ ​ដើម​។

លោក នេត្រ ភក្ដ្រា រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន​បាន​ថ្លែង​ពី​ម្សិលមិញ​ថា ក្រសួង​បរិស្ថាន​មាន​ការសោកស្ដាយ និង​ថ្កោលទោស​យ៉ាង​ដាច់អហង្ការ​ចំពោះ​ការបាញ់​សម្លាប់​សត្វ​ស្វា​កន្ទុយ​ស នៅ​ខេត្ត​ស្ទឹងត្រែង ដែល​ជា​ប្រភេទ​សត្វ​កម្រ​នៅក្នុង​ប្រទេស​កម្ពុជា និង​ពិភពលោក​។ ជនសង្ស័យ ត្រូវ​បាន​អាវុធហត្ថ​ខេត្ត​ស្ទឹងត្រែង​ចាប់​ប្រគល់​ឲ្យ​មន្ដ្រី​បរិស្ថាន​ខេត្ត​ស្ទឹងត្រែង ដើម្បី​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​កាលពី​ថ្ងៃទី​ ១៣ ខែ​មិថុនា​នេះ ដើម្បី​ផ្ដន្ទាទោស​តាម​ផ្លូវ​ច្បាប់​ជា​ធរមាន​។

លោក​បញ្ជាក់ថា​៖ «​ជន​ដែល​បាញ់​សម្លាប់​សត្វ​ស្វា​កន្ទុយ​ស​នេះ យើង​បាន​បញ្ជូន​ទៅ​តុលាការ​ខេត្ត​ស្ទឹងត្រែង​រួចរាល់​ហើយ​នៅ​ថ្ងៃទី​ ១៤ ខែ​មិថុនា ​នេះ ដើម្បី​ផ្ដន្ទាទោស​តាម​ផ្លូវ​ច្បាប់ ប៉ុន្ដែ​ខ្ញុំ​មិនទាន់​បានដឹង​ពី​និតិវិធី​របស់​តុលាការ​យ៉ាងណាទេ​។ សព​សត្វស្វា​កន្ទុយ​ស​នេះ យើង​បាន​យក​ទៅ​ដុត​រួចរាល់​ហើយ​នៅក្បែរ​មន្ទីរ​បរិស្ថាន​ខេត្ត​ស្ទឹងត្រែង​»​។

លោក​បន្ថែមថា រហូត​មក​ដល់​ពេលនេះ សត្វ​ស្វា​កន្ទុយ​ស​នៅក្នុង​ប្រទេស​កម្ពុជា​ មាន​ប្រមាណ​ជាង ២ ​ម៉ឺន​ក្បាល ​ដែល​​កំពុង​មាន​វត្តមាន​នៅ​ភាគ​ខាងកើត និង​ខាងជើង​ទន្លេមេគង្គ​ពោល​ គឺ​មាន​នៅ​ខេត្តមណ្ឌលគិរី ស្ទឹងត្រែង រតនគិរី និង​ខេត្ត​ព្រះវិហារ​។ ចំពោះ​នៅ​ខេត្ត​មណ្ឌលគិរី សម្បូរ​សត្វ​ស្វា​កន្ទុយ​ស​ច្រើន​ជាងគេ ពិសេស​ក្នុង​ដែនជម្រក​សត្វព្រៃ​កែវសីមា​។

លោក ឈុំ ស៊ាងហាក់ អ្នកនាំពាក្យ​សាលាដំបូង​ខេត្ត​ស្ទឹងត្រែង​បាន​ថ្លែង​ពី​ម្សិលមិញ​ថា លោក​បាន​ឃើញ​សំណុំរឿង​នេះហើយ ដោយ​លោក​បាន​ពិនិត្យ​លើ​សំណុំ​រឿង​រួចរាល់ និង​បញ្ជូន​ទៅ​លោក​ព្រះរាជអាជ្ញា ដើម្បី​ធ្វើការ​សាកសួរ បន្ត​ទៅ​តាម​នីតិវិធី​ច្បាប់​។

លោក​បញ្ជាក់ថា​៖ «​ខ្ញុំ​បាន​ពិនិត្យមើល​សំណុំរឿង​នេះហើយ ក៏​បាន​បញ្ជូន​ទៅ​លោក​ព្រះរាជអាជ្ញា ហើយ​ពេលនេះ​តុលាការ​កំពុង​សាកសួរ ខ្ញុំ​មិនទាន់​ដឹង​លោក​ចៅក្រម​សម្រេច​បែប​ណា​ទេ ប្រហែល​ជា​អាច​ល្ងាច​ថ្ងៃទី​ ១៤ ឬ​ព្រឹក​ថ្ងៃទី​ ១៥ អាច​នឹង​​តុលាការ​សម្រេច​លទ្ធផល​ហើយ បើ​មាន​លទ្ធផល​បែបណា ខ្ញុំ​នឹង​ជូនដំណឹង​បន្ថែមទៀត​»៕

អត្ថបទគួរចាប់អារម្មណ៍

  • ព្រះសីហនុៈ រដ្ឋបាលខេត្ត​ព្រះសីហនុ​កំពុង​ចាក់​ខ្សាច់​ថ្មី​បំពេញ​នៅតាម​កន្លែង​ជ្រលង​ទឹកហូរ​ដែលមាន​ខ្សាច់​ទាប និង​ខ្សាច់​ខ្មៅ​នៅ​ចំណុច​ឆ្នេរ​អូរឈើទាល​ក្នុង​សង្កាត់​លេខ​ ៤ ក្រុងព្រះសីហនុ ដើម្បី​កែលម្អ​សោភណភាព​ឆ្នេរ​ខ្សាច់ ក៏ប៉ុន្តែ​មន្ត្រីខេត្ត​នៅ​មិន​អាច​ប៉ាន់ប្រមាណ​ថា​នឹង​ត្រូវ​ប្រើ​ខ្សាច់​ប៉ុន្មាន​រថយន្ត​នោះទេ​។

  • ភ្នំពេញៈ ប្រទេស​ជប៉ុន​ ផ្តល់​ជំនួយ​ឥតសំណង​ដល់​កម្ពុជា​ចំនួន ១ ១៣២ ​លាន​យ៉េន​ (១០,៨ ​លាន​ដុល្លារ​) ​សម្រាប់​អនុវត្ត​គម្រោង​អភិវឌ្ឍន៍​ចរាចរណ៍​នាវា​នៅ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​ដើម្បី ​ធ្វើឱ្យ​ប្រសើរ​ឡើង​នូវ​សុវត្ថិភាព​ផ្លូវ​សមុទ្រ​។ នេះ​បើតាម​ស្ថានទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា​។

  • ភ្នំពេញ៖ កីឡាការិនី​កូន​ខ្មែរ​កាត់​បារាំង វ័យ ១៧ ឆ្នាំ ម៉ា រីយ៉ាន មាន​ចំណង់​ចំណូលចិត្ត​ខ្លាំង​ទៅ​លើ​ប្រភេទ​កីឡា​ប្រយុទ្ធ ពិសេស​ការ​ប្រណាំង​ម៉ូតូ​ហោះ ហើយ​កញ្ញា​បាន​អះអាង​ថា នឹង​មិន​បោះបង់​ចោល​ជំនាញ​នេះ​ឡើយ បើ​ទោះបី​ជា​ប្រភេទ​កីឡា​នេះ មាន​ផល​ប៉ះពាល់ និង​ធ្លាប់​ជួប​ឧបសគ្គ​គ្រោះ​ថ្នាក់​ធំ​​ក៏​ដោយ។

  • ភ្នំពេញៈ តម្លៃ​ពោត​ក្នុង​រដូវ​ប្រមូលផល​ឆ្នាំនេះ​បាន​ស្ទុះ​ឡើង ដោយសារ​តែ​ការកើនឡើង​នៃ​តម្រូវការ​សម្រាប់​ការផលិត​ចំណី​សត្វ​ក្នុងស្រុក​។ ការប្រមូលផល​ពោតក្រហម​នៅក្នុង​ខេត្ត​ត្បូងឃ្មុំ​ពេលនេះ​សម្រេច​បាន​ប្រមាណ ៥០ ​ភាគរយ​ហើយ​ដោយ​តម្លៃ​គ្រាប់ពោត​ស្ងួត​បាន​កើនឡើង​ជិត ២០ ​ភាគរយ​ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន

  • កោះកុងៈ ដី​គម្រប​ព្រៃឈើ​របស់​រដ្ឋ​រាប់ពាន់​ម៉ែត្រការ៉េ​ក្នុង​ទំហំ​ដី​បម្រុង​របស់​រដ្ឋ​ទំហំ​ប្រមាណ​ ១១ ​ហិកតា ស្ថិតនៅ​ភូមិ​កោះស្តេច ឃុំ​កោះ​ស្តេច ស្រុក​គិរីសាគរ ខេត្តកោះកុង​ត្រូវបាន​ជន​មិន​ស្គាល់​អត្តសញ្ញាណ​ចាប់ផ្ដើម​លួច​បោះបង្គោល​ថ្ម និង​ឈើ​ទន្ទ្រាន​យក​ដោយ​ខុសច្បាប់​។

  • កំពង់ស្ពឺៈ ពលរដ្ឋ​ជាង​ ៥០០ ​គ្រួសារ ​រស់នៅក្នុង​ឃុំ​ទួល​អម្ពិល​ស្រុក​បសេដ្ឋ ខេត្តកំពង់ស្ពឺ​បាន​បង្ហាញ​ក្ដីបារម្ភ​ពី​ការខ្វះ​ទឹក​សម្រាប់​ស្រោចស្រព​ស្រែចម្ការ និង​ដំណាំ​ផ្សេងៗ ខណៈ​បច្ចុប្បន្ន​មាន​ឈ្មួញ​យក​ម៉ាស៊ីន​ទៅ​បូមទឹក​ទាំងយប់​ទាំង​ថ្ងៃ​នៅក្នុង​ទំនប់​បុរាណ​ព្រៃពាយ​ដែល​ពួកគាត់​កំពុង​ប្រើប្រាស់​ជាប្រចាំ​។