កំពតៈ បុរស​ម្នាក់​ត្រូវបាន​គេ​ប្រទះឃើញ​ស្លាប់​នៅ​ចំណុច​វាលស្រែ​ប្រាំង​ ១ ​កន្លែង ​ដែល​មាន​ចម្ងាយ​ប្រមាណ​ជាង​ ២០០ ​ម៉ែត្រ​ពី​ភូមិ​ពងទឹក ឃុំ-ស្រែចែង ស្រុក​ជុំគិរី ខេត្តកំពត បន្ទាប់ពី​មាន​ករណី​ដុត​ជញ្ជ្រាំងស្រូវ​ហើយ​ឆេះ​រាលដាល​ដល់​ស្រូវប្រាំង ដែល​មិនទាន់​បាន​ច្រូតកាត់​អស់​ជាច្រើន​ហិកតា​។ នេះ​បើ​តាម​ការអះអាង​ពី​មន្ត្រី​នគរបាល​មូលដ្ឋាន​កាលពី​ម្សិលមិញ​។

លោក ម៉ី សុខុម អធិការ​ស្រុក​ជុំគិរី បាន​ប្រាប់​ភ្នំពេញប៉ុស្តិ៍​នៅ​ថ្ងៃ​ព្រហស្បតិ៍​ថា ជនរងគ្រោះ​ឈ្មោះ ជា ថន អាយុ​ ៤៨ ​ឆ្នាំ​ មាន​លំនៅ​ក្នុងភូមិ​ពងទឹក​។ មុនពេល​កើតហេតុ​កាលពី​រសៀល​ថ្ងៃទី​ ៧ ខែ​ មករា ឆ្នាំ​ ២០២០ ជនរងគ្រោះ​បាន​ជិះម៉ូតូ​ទៅ​ស្រែ​ដែល​មាន​ចម្ងាយ​ជាង​ ២០០ ​ម៉ែត្រ​ពី​ភូមិ​ក្នុង​គោលបំណង​ដុត​ជញ្ជ្រាំង​ស្រូវ ដើម្បី​ងាយស្រួល​ភ្ជួរ​រាស់​ដី ដាំ​ត្រឡាច និង​ត្រសក់ ដើម្បី​លក់ដូរ​ឲ្យ​ទាន់​រដូវ​បុណ្យចូលឆ្នាំ​ចិន​ដែល​នឹង​ចូលមក​ដល់​នៅ​ចុង​ខែ​មករា ឆ្នាំ​ ២០២០ ​នេះ​។

លោក​បាន​និយាយថា​៖ «​ជនរងគ្រោះ​បាន​បាត់​ខ្លួន​ ១ ​យប់ [​យប់​ថ្ងៃ​អង្គារ​] បន្ទាប់ពី​គាត់​បាន​ដុត​គល់​ជញ្ជ្រាំង​ក្នុង​ដីស្រែ​របស់គាត់ ហើយ​ឆេះ​រាលដាល​ដល់​ស្រូវ​អ្នកភូមិ​ផ្សេងទៀត​ដែល​មិនទាន់​ច្រូតកាត់​អស់​ជិត ៣ ​ហិកតា​។ លុះ​ព្រឹក​ឡើង​ក្រុមគ្រួសារ​របស់​គាត់​បានចេញ​ទៅរក​គាត់​នៅឯ​ស្រែ ក៏​ប្រទះឃើញ​គាត់​ដេកស្លាប់​នៅលើ​ដីស្រែ ដែល​មាន​ភ្លើង​ឆេះ​នោះ​»​។

លោក សុខុម បាន​បន្ថែម​ថា​យ៉ាងណា​ក៏ដោយ​ក្រោយពី​ចុះ​ពិនិត្យ​ដល់​កន្លែងកើតហេតុ និង​ការធ្វើ​កោសល្យវិច័យ​លើ​​សាកសព​ជនរងគ្រោះ​រួច​ក្រុម​មន្ត្រីនគរបាល និង​គ្រូពេទ្យ​ជំនាញ​ពី​ថ្នាក់​ខេត្ត​បាន​សន្និដ្ឋាន​ថា ការស្លាប់​របស់​ជនរងគ្រោះ គឺ​បណ្ដាល​មកពី «​កង្វះ​ខ្យល់​អុកស៊ីហ្ស៊ែន​នៅក្នុង​ខួរក្បាល​» ព្រោះ​គល់​ជញ្ជ្រាំង​ដែល​គាត់​បាន​ដុត​នោះ​បាន​ឆេះ​រាលដាល​បង្កើតជា​ផ្សែងខ្មៅ​ខ្មួលអាប់​ឡើង​ធ្វើឲ្យ​គាត់​ថប់ដង្ហើម​ដួលសន្លប់​នៅ​កណ្ដាល​ស្រែ ដោយ​គ្មាន​នរណាម្នាក់​បាន​ដឹង និង​ជួយសង្គ្រោះ​ទើប​បណ្ដាល​ឲ្យ​គាត់​ស្លាប់​តែម្ដង​។

ជុំវិញ​ករណី​នេះ​បងប្រុស​របស់​ជនរងគ្រោះ​គឺ​លោក ជា ដោក នាយនគរបាល​ប៉ុស្តិ៍​ឃុំ​ស្រែចែង​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ជនរងគ្រោះ​កាលពី​នៅរស់​មាន​ជំងឺហឺត ហើយ​ដោយសារ​សុខភាព​របស់​គាត់​មិនសូវ​រឹងមាំ កិច្ចការ​ជាច្រើន​ត្រូវ​ធ្លាក់​បន្ទុក​លើ​ស្ត្រី​ជា​ប្រពន្ធ ជា​អ្នក​រ៉ាប់រង​ធ្វើ​ស្ទើរតែ​ទាំងអស់​ដែល​រាប់បញ្ចូល​ទាំង​ការភ្ជួរស្រែ​ផងដែរ​។

លោក​ដោក​បាន​និយាយថា​៖ «​យើង​ក៏​សង្ស័យ​វា​ [​ជនរងគ្រោះ​] ឈ្លក់ផ្សែង​ភ្លើង​ស្លាប់​ដូច​ការសន្និដ្ឋាន​របស់​សមត្ថកិច្ច​ជំនាញ​ដែរ ព្រោះ​វា​មាន​ជំងឺហឺត​ស្រាប់​ផង​»​។

បើ​តាម​លោក​ ដោក សពជនរងគ្រោះ​ត្រូវ​បាន​ក្រុមគ្រួសារ​រៀបចំ​ពិធីបុណ្យ និង​បូជា​តាំងពី​រសៀល​ថ្ងៃ​ពុធ​។

គួរ​បញ្ជាក់ថា​កាលពី​អំឡុង​ខែធ្នូ ឆ្នាំ​ ២០១៩ ក្រសួង​បរិស្ថាន​បានចេញ​សេចក្ដី​ជូនដំណឹង​ស្ដីពី​ «​ការបង្ការ​ទប់ស្កាត់ បញ្ហា​ភ្លើង​ឆេះ​ព្រៃ​» ដោយបាន​ព្រមាន​ចាត់​វិធានការ​តឹងរ៉ឹង​តាមផ្លូវ​ច្បាប់ ចំពោះ​ជន​ទាំងឡាយណា​ដែល​ដុតរាន​ដីព្រៃ​ក្នុង​គោលបំណង​ទន្ទ្រាន​យក​ដីព្រៃ​របស់​រដ្ឋ​ធ្វើជា​កម្មសិទ្ធិឯកជន និង​ការដុត​ភ្លើង​ដើម្បី​យក​ទឹកឃ្មុំ​ព្រៃ​ដោយ​ខ្វះ​ការប្រុងប្រយ័ត្ន ដែល​នាំ​ឲ្យ​មាន​ការឆេះ​រាលដាល​ដល់​ព្រៃឈើ និង​លំនៅឋាន​អ្នកដទៃ​ព្រម​ទាំង​ការដុត​គល់​ជញ្ជ្រាំង ដែល​នាំ​ឲ្យ​មាន​ការឆេះ​រាលដាល​ដល់​ស្រូវ​អ្នកដទៃ​ផងដែរ​។

សេចក្ដី​ជូនដំណឹង​ដដែល​របស់​ក្រសួងបរិស្ថាន​បាន​ធ្វើឡើង​បន្ទាប់ពី​ប្រជាកសិករ​នៅឯ​ស្រុក​កញ្ជ្រៀច ខេត្ត​ព្រៃវែង បាននាំគ្នា​ដុត​គល់​ជញ្ជ្រាំង ដើម្បី​ប្រញាប់​យក​ដីស្រែ​ដាំ​ឪឡឹក ហើយ​បង្ក​ឲ្យ​មាន​ការឆេះ​រាលដាល​ដល់​ស្រែ​ដែល​មិនទាន់​ច្រូតកាត់​ស្រូវ​អស់​ជាង​ ៨ ​ហិកតា​៕