បាត់ដំបងៈ បុរស​ម្នាក់​ត្រូវបាន​រថភ្លើង​កិន​ដាច់​ជើង​ទាំងសងខាង​បណ្ដាល​ឲ្យ​ស្លាប់ ខណៈ​ជនរងគ្រោះ​ស្រវឹងស្រា ហើយ​ទៅ​ដេក​លើ​ផ្លូវ​រថភ្លើង​កាលពី​ទៀបភ្លឺ​ថ្ងៃទី​ ៦ ​មករា​នៅ​ភូមិ-សង្កាត់​ទួលតាឯក​ក្រុង-ខេត្តបាត់ដំបង​។

លោក ឆាង វណ្ណឆៃ អធិការ​នគរបាល​ក្រុង​បាត់ដំបង​ប្រាប់​ពី​ថ្ងៃ​អង្គារ​ថា បុរស​រងគ្រោះ​នោះ ឈ្មោះ អ៊ុន សុគន្ធា អាយុ​ ៣១ ​ឆ្នាំ​ ជា​អ្នកកាប់ជ្រូក រស់នៅ​​ភូមិ-ឃុំ​កើតហេតុ​ខាងលើ​។

លោក​បាន​បញ្ជាក់​ថា​៖ «​បុរស​​នោះ​គាត់​ស្រវឹងស្រា​បាត់បង់​ស្មារតី ហើយ រឿង​នេះ​មិនមែន​អំពើ​មនុស្សឃាត​អី​ឡើយ »​។

លោក វណ្ណឆៃ បាន​ឲ្យ​ដឹង​តាមរយៈ​សម្តី​សាច់ញាតិ​បុរស​នោះ​ថា ជនរងគ្រោះ​មាន​របរ​ជា​អ្នកស៊ីឈ្នួល​កាប់​ជ្រូក​ឲ្យ​គេ ប៉ុន្តែ​គាត់​តែង​ស្រវឹងខួប​ដោយ​ដើរ​ផឹកស្រា មិន​សូវ​លស់​ពេល​ឡើយ​។ កាលពី​ម៉ោង​ ៤ ​ទៀបភ្លឺ​​ថ្ងៃទី​ ៦ មករា ជនរងគ្រោះ​មិនបាន​នៅផ្ទះ​ទេ ប៉ុន្តែ​ក្រុមគ្រួសារ​ក៏​មិន​រក​គាត់​ដែរ​ព្រោះ​គិតថា​ជា​ទម្លាប់​គាត់ ។

លោក​បន្តថា ក្រោយពី​ទទួល​បាន​ព័ត៌មាន​ពី​ពលរដ្ឋ​នៅក្បែរ​កន្លែង​កើតហេតុ រូបលោក និង​មន្ត្រី​ជំនាញ​ផ្នែក​កោសល្យ​វិច័យ​ខេត្ត​បាន​ចុះទៅ​ដល់​ទីនោះ​។ ​តាម​ការសន្និដ្ឋាន​របស់​សមត្ថកិច្ច និង​តាម​ស្ថានភាព​របស់​ជនរងគ្រោះ​បាន​បង្ហាញថា ជនរងគ្រោះ​បាន​ដេក​ដោយ​​យក​ជើង​ទាំង​ ២ ទៅ​គង​នៅលើ​ផ្លូវ​រថភ្លើង ហើយ​ដងខ្លួន​របស់​គាត់​នៅ​ខាងក្រៅ ។

លោក​ថា​៖ «​បុរស​នោះ​ហូរឈាម​ច្រើន​ធ្វើឲ្យ​ខ្សោះ​ឈាម​ស្លាប់​។ ​ខ្ញុំ​ទើប​ចូលកាន់​ជា​អធិការ​នគរបាល​ក្រុង​បាត់ដំបង​បាន​តែ​ ៣ ​ខែ ដូច្នេះ​ខ្ញុំ​មិនដឹងថា​កន្លង​មក​ធ្លាប់មាន​ករណី​បែប​នេះ​ឬ​យ៉ាងណា​ទេ​» ។

ទោះ​ជា​យ៉ាងណា​លោក ប៉ាង ហៀ​ង អតីត​អធិការ​នគរបាល​ក្រុង​បាត់ដំបង​បាន​ប្រាប់​កាលពី​ថ្ងៃ​អង្គារ​ថា ផ្លូវ​រថភ្លើង​ឆ្លងកាត់​នៅ​ភូមិ​ទួលតាឯក​ជា​ចំណត​ស្ថានីយ​ដែល​តែង​មាន​មនុស្ស​ជុំគ្នា​ច្រើន ។ ប៉ុន្តែ​មិន​ដែល​មាន​អ្នក​គ្រោះថ្នាក់​ដោយ​រថភ្លើង​កិន​ស្លាប់​ទេ​។

លោក​ថា​៖ «​ពេល​រថភ្លើង​ឆ្លងកាត់​ផ្លូវ​ម្តងៗ​គឺ​សមត្ថកិច្ច​តែងតែ​ដាក់​បារ៉ាស់​មិន​ឲ្យ​រថយន្ត​ ឬ​មនុស្ស​ឆ្លងកាត់​ឡើយ​»៕