
បុរសដែលត្រូវបានចាប់ខ្លួនម្សិលមិញ ពាក់ព័ន្ធថ្នាំញៀន នៅខេត្តស្ទឹងត្រែង។ សហការី
ស្ទឹងត្រែង/ភ្នំពេញៈ បុរសជនជាតិខ្មែរម្នាក់ ដែលមានប្រពន្ធជាជនជាតិឡាវត្រូវបានកម្លាំងនគរបាលប្រឆាំងបទល្មើសគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ចាប់ខ្លួនបានជាមួយគ្រឿងញៀនមេតំហ្វេតាមីនចំនួន ១០ ២១៥ គ្រាប់ កាលពីព្រឹកម្សិលមិញ នៅភូមិខាំផាន់ សង្កាត់សាមគ្គីមានជ័យ ក្រុង-ខេត្ត ស្ទឹងត្រែង។
លោក ចែម ផានិត នាយការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ប្រាប់ពីម្សិលមិញថា ជនសង្ស័យជាជនជាតិខ្មែរម្នាក់ដែលសមត្ថកិច្ចចាប់ខ្លួនឈ្មោះ ភូម៉ា ដាំ អាយុ ២៦ ឆ្នាំ ជាអ្នកស្រុកសៀមប៉ាង ក្នុងខេត្តស្ទឹងត្រែង ប៉ុន្តែបានទៅយកប្រពន្ធជាជនជាតិឡាវដែល បច្ចុប្បន្ន រស់នៅស្រុក សុកុមា ខេត្តចំប៉ាសាក់ ប្រទេស ឡាវ។
លោកនិយាយថា៖ «ជនរូបនេះបាននាំគ្រឿងញៀនពីប្រទេសឡាវឆ្លងកាត់ច្រករបៀងតាមភូមិសាស្រ្តភូមិខាំផាន់ ដើម្បីនាំយកមកឲ្យបក្ខពួករបស់គេតែត្រូវកម្លាំងសមត្ថកិច្ចយើងចាប់បាន»។
លោកប្រាប់ទៀតថា ជាប្រចាំកម្លាំងសមត្ថកិច្ចរបស់លោកបានល្បាតនៅតាមចំណុចគោលដៅហើយនៅវេលាម៉ោង ៩ និង ២០ នាទីព្រឹកថ្ងៃទី ១៨ ខែ មិថុនា សមត្ថកិច្ចបានឃើញជនសង្ស័យរូបនេះដើរកាត់តំបន់គោលដៅនៅចំណុចស្ពានទី២ ជាផ្លូវខ្សែក្រវាត់ក្រុងក្នុងភូមិសាស្រ្តខាងលើ ដោយមានយួរថង់ខ្មៅមួយ។
ពេលនោះសមត្ថកិច្ចបានហៅសួរនាំ និងឆែកឆេរក្នុងថង់ខ្មៅនោះ ឃើញមានដុំពណ៌លឿងចំនួន ២ ដុំ ដែលក្នុងនោះជាគ្រឿងញៀនប្រភេទមេតំហ្វេតាមីន (WY) ចំនួន ១០ ២១៥ គ្រាប់។ ក្រោយចាប់ខ្លួនសមត្ថកិច្ចបានធ្វើកំណត់ហេតុ និងបញ្ជូនជនសង្ស័យទៅស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងដើម្បីចាត់ការតាមនីតិវិធីច្បាប់។
ជាមួយគ្នានេះ សមត្ថកិច្ចនៃអគ្គស្នងការដ្ឋាននគរបាលជាតិ កាលពីថ្ងៃទី ១៧ ខែ មិថុនា បានឃាត់ខ្លួនជនសង្ស័យ ៤ នាក់ទៀត រួមទាំងថ្នាំញៀន ប្រភេទក្រាមសថ្លាចំនួន ១៤០ កញ្ចប់តូច។ ករណីនេះត្រូវបានចុះបង្ក្រាបនៅចំណុចសំណង់ មិនរៀបរយ ក្រុមទី២៦ ភូមិទី២ សង្កាត់ស្រះចក ខណ្ឌដូនពេញ។ ជាមួយគ្នានោះ សមត្ថកិច្ចបន្ដធ្វើការឃាត់ខ្លួនក្មេងស្ទាវដោយសង្ស័យពាក់ព័ន្ធនឹងករណីគ្រឿងញៀនបានចំនួន ១៨ នាក់ថែមទៀត ក្នុងនោះមានស្រីម្នាក់។
ទាក់ទងនឹងករណីបង្រ្កាបខាងលើនេះ លោក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការរាជធានីភ្នំពេញ ប្រាប់ភ្នំពេញប៉ុស្តិ៍ពីម្សិលមិញថា៖ «យើងឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធនឹងករណីប្រើប្រាស់គ្រឿងញៀនសរុបទាំងអស់បានចំនួន ២២ នាក់ ក្នុងនោះ ១៧ នាក់ យើងពិនិត្យឃើញថា មានសារធាតុញៀននៅក្នុងខ្លួន (ប្រើប្រាស់គ្រឿងញៀន) ២ នាក់ ពាក់ព័ន្ធនឹងការជួញដូរ និង ៣ នាក់ទៀតមិនមានការប្រើប្រាស់»។
លោកបន្ដថា៖ «បច្ចុប្បន្នចំពោះអ្នកដែលមានសារធាតុញៀននៅក្នុងខ្លួន យើងបានបញ្ចូនពួកគាត់ទៅមណ្ឌលកែប្រែហើយ ដើម្បីបន្សាបគ្រឿងញៀន។ ចំណែកអ្នកជួញដូរយើងរៀបចំសំណុំរឿងបញ្ជូនទៅតុលាការ រីឯអ្នកមិនជាប់ពាក់ព័ន្ធនឹងសារធាតុញៀន យើងបានអប់រំឲ្យពួកគាត់ត្រឡប់ទៅផ្ទះវិញហើយ»។
ទាក់ទងនឹងការលើកឡើងថា ករណីគ្រឿងញៀននៅតែកើតឡើងមិនឈប់ឈរនៅតំបន់ផ្លូវរថភ្លើងនោះ លោក ស ថេត បានបញ្ជាក់ថា សមត្ថកិច្ចនឹងបន្ដធ្វើរហូត មិនអាចធ្វើតែម្ដងអាចបញ្ចប់នោះទេ ប៉ុន្ដែសមត្ថកិច្ចនៅតែបន្ដស្រាវជ្រាវ និងចុះបង្រ្កាបជាបន្តបន្ទាប់៕