ភ្នំពេញ៖ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ លោក កូយ សៅ នៅថ្ងៃទី ២៥ ខែមេសានេះ បានសម្រេចឃុំខ្លួនជនម្នាក់ពីបទគេចវេះពីការធ្វើចត្តាឡីស័ក ឬគេចចេញពីទីកន្លែងធ្វើចត្តាឡីស័ក។
អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក គុជ គឹមឡុង បានឲ្យដឹងថា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ លោក សុខ កែវបណ្ឌិត បានសម្រេចចោទប្រកាន់ជនម្នាក់ពីបទ គេចវេះពីការធ្វើចត្តាឡីស័ក ឬគេចចេញពីទីកន្លែងធ្វើចត្តាឡីស័ក។
លោកថ្លែងថា៖ «បន្ទាប់ពីចោទប្រកាន់ហើយ ក៏បានបញ្ជូនទៅចៅក្រមស៊ើបសួរ ហើយចៅក្រមស៊ើបសួរ លោក កូយ សៅ បានសម្រេចឃុំខ្លួនជាបណ្តោះអាសន្នហើយក្រោយពីបានសាកសួរតាមនីតិវិធី»។
សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចាប់ឃាត់ខ្លួនបុរសម្នាក់ឈ្មោះ លាន់ ឡា បញ្ជូនទៅតុលាការនៅវេលាម៉ោង ៣ និង ៤០ នាទីរសៀល ថ្ងៃទី ២៤ ខែមេសា ពាក់ព័ន្ធករណីល្មើសនឹងវិធានសុខាភិបាល។ នេះបើតាមការចុះផ្សាយរបស់អគ្គស្នងការនគរបាលជាតិ។
កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យាផែនការងារសន្តិសុខនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅវេលាម៉ោង ៨ និង ៣៦ នាទីព្រឹក បាននាំខ្លួនឈ្មោះ លាន់ ឡា ភេទប្រុស អាយុ ២៣ ឆ្នាំ ស្នាក់នៅផ្ទះជួល ផ្លូវ ១០០៥ កែងផ្លូវ ៣៦៥ សង្កាត់បឹងកេងកង ៣ ខណ្ឌបឹងកេងកង។
ប្រភពដដែលបន្តថា៖ «ការនាំខ្លួនធ្វើឡើងបន្ទាប់ពីបុគ្គលរូបនេះ បានព្យាបាលជាសះស្បើយជំងឺកូវីដ ១៩ ពីមជ្ឈមណ្ឌលចត្តាឡីស័ករាជធានីភ្នំពេញ ក្នុងខណ្ឌព្រែកព្នៅ និងធ្វើចក្តាឡីស័កបន្តរយៈពេល ១៤ ថ្ងៃ នៅផ្ទះរួចរាល់» ។
តាមការផ្សាយរបស់អគ្គស្នងការនគរបាលជាតិបានឲ្យដឹងថា កាលពីថ្ងៃទី ១២ ខែ មីនា ឆ្នាំ ២០២១ បុគ្គលនេះមានអាការៈក្តៅខ្លួន ក្អក និងឈឺបំពង់ក បានទៅយកសំណាកនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ហើយគ្រូពេទ្យតម្រូវឱ្យធ្វើចក្តាឡីស័ក ១៤ ថ្ងៃនៅផ្ទះ។
ប៉ុន្តែនៅថ្ងៃទី ១៣ ខែ មីនា ឆ្នាំ ២០២១ បុគ្គលឈ្មោះ លាន់ ឡា និងមិត្តភ័ក្តិ បានទៅស្ទីម និងស្ប៉ានៅ Arthur and Paul ផ្ទះលេខ ២៧ ផ្លូវ ៧១ សង្កាត់បឹងកេងកង ៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
លុះថ្ងៃទី ១៤ ខែ មីនា ឆ្នាំ ២០២១ បុគ្គលរូបនេះ រួមនឹងមិត្តភ័ក្តិបានជិះរថយន្តឈ្នួលទៅចូលរួមពិធីមង្គលការនៅភូមិដំណាក់ទ្រព្យ ឃុំក្រាំងស្នាយ ស្រុកឈូក ខេត្តកំពត។
រហូតដល់វេលាម៉ោង ១៩ និង ៣០ នាទី ក្នុងថ្ងៃខែឆ្នាំដដែល ទើបក្រុមគ្រូពេទ្យបានទំនាក់ទំនងទៅឈ្មោះ លាន់ ឡា ថា ខ្លួនមានវិជ្ជមានកូវីដ ១៩ និងបាននាំយកទៅព្យាបាលនៅមណ្ឌលចត្តាឡីស័ករាជធានីភ្នំពេញ ក្នុងខណ្ឌព្រែកព្នៅ។
យោងតាមមាត្រា ៧ នៃច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀតចែងថា អំពើគេចវេះពីការធ្វើចត្តាឡីស័ក ឬគេចចេញពីកន្លែងធ្វើចត្តាឡីស័កក្នុងអំឡុងពេលធ្វើចត្តាឡីស័ក ដែលកំណត់ដោយក្រសួងសុខាភិបាល ឬអាជ្ញាធរមានសមត្ថកិច្ច ត្រូវទទួលពិន័យអន្តរការណ៍តាមការកំណត់នៅក្នុងអនុក្រឹត្យ ដោយត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ ខែ ទៅ ៣ ឆ្នាំ និងពិន័យជាប្រាក់ពី ២ លានរៀល ទៅ ១០ លានរៀល កាលបើអំពើខាងលើនេះ បានបណ្តាលឲ្យមានការចម្លងជំងឺកូវីដ ១៩ ដល់អ្នកដទៃ៕