The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - បុរស​ម្នាក់​បាន​បាត់បង់​ជីវិត ដោយសារ​ផ្ទុះ​គ្រាប់​មិន​ទាន់​ផ្ទុះ​នៅ​ស្រុក​វាលវែង




បុរស​ម្នាក់​បាន​បាត់បង់​ជីវិត ដោយសារ​ផ្ទុះ​គ្រាប់​មិន​ទាន់​ផ្ទុះ​នៅ​ស្រុក​វាលវែង

Content image - Phnom Penh Post
បុរសម្នាក់ស្លាប់ ក្នុងករណីដំកាកសំណល់គ្រាប់យុទ្ធភ័ណមិនទាន់ផ្ទុះ នៅខេត្តពោធិ៍សាត់ កាលពីម្សិលមិញ។ រូបថត ហ្វេសប៊ុក

បុរស​ម្នាក់​បាន​បាត់បង់​ជីវិត ដោយសារ​ផ្ទុះ​គ្រាប់​មិន​ទាន់​ផ្ទុះ​នៅ​ស្រុក​វាលវែង

ពោធិ៍សាត់៖ បុរស​ជា​កសិករ​អាយុ ៣២ ឆ្នាំ​ម្នាក់​បាន​រង​របួស​ធ្ងន់ ដោយសារ​ផ្ទុះ​គ្រាប់​មិន​ទាន់​ផ្ទុះ​កាល​ពី​ថ្ងៃទី ៨ ខែ​ឧសភា និង​បាត់បង់​ជីវិត​ក្រោយ​ពេល​ដែល​បាន​បញ្ជូន​ទៅ​ដល់​មន្ទីរពេទ្យ​បង្អែក​ស្រុក​វាលវែង។

លោក ធាង ឡេង អធិការ​នគរបាល​ស្រុក​វាលវែង​ប្រាប់​នៅ​រសៀល​ថ្ងៃទី ៩ ឧសភា​ថា បុរស​រងគ្រោះ​ឈ្មោះ អ៊ុត ប៉េងសេង អាយុ ៣២ ឆ្នាំ ជា​កសិករ​រស់នៅ​ភូមិ​ឆាយលូក ឃុំ​អូរសោម ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់។

លោក​ថ្លែង​ថា៖ «បុរស​រងគ្រោះ​គាត់​ស្លាប់​ដោយសារ​របួស​ធ្ងន់​ពេក។ បើ​និយាយ​ពី​ការ​ជួយ​សង្គ្រោះ​នោះ គឺ​យើង​មិន​បាន​ទុក​គាត់​យូរ​ទេ»។

លោក ធាង ឡេង បាន​ថ្លែង​ដោយ​យោង​តាម​សាក្សី​ដែល​នៅ​មិន​ឆ្ងាយ​ពី​កន្លែង​កើត​ហេតុ​បាន​ឱ្យ​ដឹង​ថា ជន​រងគ្រោះ​បាន​រើស​បាន​គ្រាប់​មិន​ទាន់​ផ្ទុះ​ជា​ប្រភេទ​គ្រាប់​ផ្លោង​សេវ៉េនធីណាយ ហើយ​បាន​យក​មក​ដំ ដោយ​គ្មាន​ពី​​ណា​ម្នាក់​ដឹង​ថា គេ​មាន​បំណង​ចង់​កែច្នៃ​ធ្វើ​អ្វី​នោះ​ទេ។

លោក​បន្ត​ថា៖ «ពេល​ដែល​ជន​រងគ្រោះ​ដំ​ក៏​ស្រាប់​តែ​គេ​ឮ​សំឡេង​ផ្ទុះ​លាន់​ស្នូរ​ដូច​រន្ទះ​បាញ់ បន្ទាប់​មក​អ្នក​ភូមិ​បាន​នាំ​គ្នា​ទៅ​មើល​កន្លែង​ផ្ទុះ​នោះ ក៏​ឃើញ​ខ្លួន​ប្រាណ​ជន​រងគ្រោះ​មាន​ឈាម​ពេញ​ខ្លួន ហើយ​ក៏​រាយការណ៍​ប្រាប់​នគរបាល​ប៉ុស្តិ៍​ឃុំ​អូរសោម ដើម្បី​ចុះ​ទៅ​ជួយ​សង្គ្រោះ»។

លោក​បន្ត​ទៀត​ថា ក្រោយ​ទទួល​បាន​សេចក្តី​រាយការណ៍​ពី​ប្រជាពលរដ្ឋ​មក​កម្លាំង​នគរបាល​ប៉ុស្តិ៍ បាន​យក​រថយន្ត​ទៅ​ដឹក​ជន​រងគ្រោះ​ទៅ​មន្ទីរពេទ្យ​តែ​ដោយ​របួស​ធ្ងន់​ពេក​ជន​រងគ្រោះ​ក៏​ដាច់​ខ្យល់​ស្លាប់ បន្ទាប់​ពី​ទៅ​ដល់​មន្ទីរពេទ្យ​បង្អែក​ស្រុក​វាលវែង។ លោក​បញ្ជាក់​ថា អំបែង​គ្រាប់​បាន​ខ្ទាត​ត្រូវ​មុខ​ជន​រងគ្រោះ​បែក​ស្ទើរ​ខ្ទេច បែក​ផ្លោក​នោម បាក់​ឆ្អឹង​ជើង​ទាំង​សងខាង និង​ដាច់​ដៃ​ខាង​ឆ្វេង​ម្ខាង​ត្រឹម​គល់​ដៃ។

លោក ធាង ឡេង ឱ្យ​ដឹង​ថា នៅ​ក្នុង​ខេត្ត​ពោធិ៍សាត់ ពិសេស គឺ​នៅ​ស្រុក​វាលវែង ជា​សមរភូមិ​ប្រយុទ្ធ​រវាង​កង​ទ័ព​រដ្ឋ​កម្ពុជា និង​កងទ័ព​ខ្មែរ​ក្រហម ហើយ​កង​ទ័ព​ខ្មែរ​ក្រហម​បាន​កប់ និង​បន្សល់​ទុក​គ្រាប់​យុទ្ធភ័ណ​មិន​ទាន់​ផ្ទុះ​សល់​ពាស​ពេញ​ដី​ក្នុង​តំបន់​មួយ​ចំនួន​នៅ​ក្នុង​ស្រុក​វាលវែង។

ដោយសារ​តែ​មាន​សំណល់​គ្រាប់​បែប​នេះ​ហើយ អាជ្ញាធរ​ស្រុក​ក៏​ដូចជា អាជ្ញា​ធរខេត្ត​រួម​សមត្ថកិច្ច​ពាក់ព័ន្ធ​បន្ត​ធ្វើ​ការ​អប់រំ​ដល់​ពលរដ្ឋ​ឱ្យ​យល់ដឹង​ពី​គ្រោះថ្នាក់​ដោយសារ​សំណល់​គ្រាប់​មិន​ទាន់​ផ្ទុះ។

លោក លី ធុជ ទេសរដ្ឋមន្ត្រី និង​ជា​អនុ​ប្រធាន​ទី១ នៃ​អាជ្ញាធរមីន​ធ្លាប់​បាន​បញ្ជាក់​ប្រាប់ ភ្នំពេញ ប៉ុស្ដិ៍​ថា មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​នៅ​តែ​បន្ត​ផល​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ​របស់​ពលរដ្ឋ​មួយ​ចំនួន​ទាំង​អ្នក​រស់នៅ​ជនបទ ដាច់​ស្រយាល និង​ក្នុង​ទីប្រ​ជុំជន។

លោក លី ធុជ ថ្លែងថា៖ «ដូច្នេះ គ្រប់​គ្នា​ត្រូវ​ប្រុងប្រយ័ត្ន​ពេល​ដែល​ប្រទះ​ឃើញ​វា ចូរ​កុំ​ព្យាយាម​ប៉ះពាល់ ឬ​កាន់​លេង ឬ រើសវា​យក​ទៅ​កែច្នៃ​ធ្វើ​អ្វី​ផ្សេង​ទៀត​ឲ្យ​សោះ ព្រោះ​វា​ងាយ​នឹង​ផ្ទុះ​បង្ក​គ្រោះ​ថ្នាក់​ដល់​អាយុ​ជីវិត»៕

អត្ថបទគួរចាប់អារម្មណ៍