ប៉ៃលិនៈ ​បុរស​ម្នាក់​បាន​រងរបួស​ធ្ងន់ ហើយ​ត្រូវបាន​ក្រុមគ្រួសារ​ដឹកយក​ទៅ​មន្ទីរពេទ្យ ដើម្បី​ព្យាបាល​របួស បន្ទាប់ពី​គាត់​បើក​ត្រាក់ទ័រ​ភ្ជួរ​ដី​ប៉ះចំ​គ្រាប់​មីនតោន​បណ្ដាល​ឱ្យ​ផ្ទុះ​កាលពី​ព្រឹក​ថ្ងៃទី​ ៣ ខែ មេសា ឆ្នាំ​ ២០២១ នៅ​ចំណុច​ចម្ការ​ដំឡូងមី​ស្ថិត​ក្នុងភូមិ​ភ្នំ​ស្ពង់ ឃុំ​សាលា​ក្រៅ​។

លោក ប៊ុន វណ្ណី នាយ​នគរបាល​ប៉ុស្តិ៍​សាលា​ក្រៅ ប្រាប់​ ភ្នំពេញ ប៉ុស្តិ៍​ថា ជនរងគ្រោះ​ឈ្មោះ​ ប៊ន សាមិត្ត អាយុ​ ២៩ ​ឆ្នាំ​ មាន​លំនៅ​ភូមិ​អូររអិល ឃុំ​ស្ទឹងកាច់ ស្រុក​សាលា​ក្រៅ​។ មុនពេល​កើតហេតុ​គាត់​ត្រូវបាន​ប្រជាកសិករ​ក្នុងភូមិ​កើតហេតុ ជួល​ឱ្យទៅ​ភ្ជួរ​ដី ដើម្បី​ដាំ​ដំឡូងមី ប៉ុន្តែ​ជា​អកុសល គាត់​ក៏​ភ្ជួរ​ចំ​លើ​គ្រាប់​មីនតោន ដែល​ត្រូវបាន​គេ​កប់​ចោល​កាលពី​សម័យ​សង្គ្រាម បណ្ដាល​ឱ្យ​ផ្ទុះ បង្ក​ឱ្យ​រងរបួស​យ៉ាងធ្ងន់ធ្ងរ​។

លោក​បាន​ថ្លែងថា​៖ «​គាត់​បាន​រងរបួស​ភ្នែក​ខាងឆ្វេង​ធ្ងន់ធ្ងរ ប៉ុន្តែ​ដងខ្លួន​ និង​ជើង​របួសស្រាល​។ ចំណែក​ត្រាក់ទ័រ​ភ្ជួរ​ដី​រង​ការខូចខាត​យ៉ាងដំណំ​»​។ ក្រោយ​កើតហេតុ គាត់​ត្រូវបាន​ក្រុមគ្រួសារ​ និង​សាច់ញាតិ នាំយក​ទៅកាន់​មន្ទីរពេទ្យ​ខេត្ត​ប៉ៃលិន​ ដើម្បី​ព្យាបាល ប៉ុន្តែ​ដោយសារ​មុខរបួស​ភ្នែក​ធ្ងន់ធ្ងរ​ពេក ខាង​មន្ទីរពេទ្យ​ខេត្ត​បាន​បញ្ជូន​បន្តទៅ​មន្ទីរពេទ្យ​ខេត្ត​បាត់ដំបង​វិញ​។

កាលពី​ម្សិលមិញ ម្ដាយ​ជនរងគ្រោះ គឺ អ្នកស្រី កឹស គុំ អាយុ​ ៤៥ ​ឆ្នាំ​ ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ថា ក្រុមគ្រូពេទ្យ​ជំនាញ​បាន​លាង​សម្អាត​ និង​ដេរ​មុខរបួស​កូនប្រុស​របស់គាត់​ [​ប៊ន សាមិត្ត​] ​រួចរាល់​អស់ហើយ​។ ទោះយ៉ាងណា​នៅពេលនេះ​កូនប្រុស​របស់គាត់​នៅ​មិនទាន់​ចេញពី​បន្ទប់​សង្គ្រោះបន្ទាន់​នោះ​នៅឡើយ​ទេ​។ «​នៅពេលនេះ​កូនប្រុស​របស់ខ្ញុំ​បាន​ដឹង​ខ្លួន​ពី​សន្លប់​វិញ​ហើយ ប៉ុន្តែ​ភ្នែក​របស់​វា​មិន​ដឹង​ជា​ត្រូវ​ពិការ​ឬ​យ៉ាងណា​នោះទេ​។ គ្រូពេទ្យ​ប្រាប់ថា របួស​ភ្នែក​ធ្ងន់ធ្ងរ​បែបនេះ​គឺ​មិនអាច​ធានា​មើលឃើញ​ដូចដើមវិញ​ទេ​»​។

បើតាម​អ្នកស្រី ទីតាំង​ដីចម្ការ​ដែល​អ្នកភូមិ​បាន​ជួល​កូនប្រុស​គាត់​ទៅ​ភ្ជួរ​ដើម្បី​ដាំដំឡូង​មីនោះ​គឺ​កូនប្រុស​គាត់​បាន​ទៅ​ភ្ជួរ​រាស់​ឱ្យ​ជា​រៀងរាល់​ឆ្នាំ​ដែល​គិត​មកទល់​ពេលនេះ​មាន​រយៈពេល​ ៨ ​ឆ្នាំ​មកហើយ​ ប៉ុន្តែ​មិនដែល​ប៉ះចំ​គ្រាប់មីន​នោះទេ​។

លោក យ៉េង សុគន្ធា ប្រធាន​អង្គភាព​កំចាត់មីន​នៃ​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា ខេត្ត​ប៉ៃលិន​ថ្លែងថា ទីតាំង​ខាងលើនេះ​មិនទាន់​មាន​មន្ត្រី​ជំនាញ​ណាមួយ​ចូល​ទៅ​រាវរក និង​បោសសម្អាត​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ និង​គ្រាប់មីន​នៅ​ឡើយ​ទេ​។ ប៉ុន្តែ​កន្លងមក​មាន​សេចក្ដី​រាយការណ៍​ថា​មាន​ប្រជាពលរដ្ឋ​ជា​អតីត​កងទ័ព​បាន​រាវ​ដោះ​គ្រាប់មីន ដោយ​ខ្លួនឯង​ដើម្បី​យក​ដី​សាងសង់​លំនៅឋាន និង​ដាំ​ដំណាំ​អាស្រ័យផល​។

លោក​ថ្លែងថា​៖ «​យើង​មិន​លើក​ទឹកចិត្ត​ឱ្យ​ពួកគាត់ ព្យាយាម​រាវរក​ និង​ដោះ​គ្រាប់មីន​ដោយ​ខ្លួនឯង ដោយ​ខ្វះ​ឧបករណ៍​បច្ចេកទេស​នោះទេ បើទោះ​ជា​​ពួកគាត់​ធ្លាប់​ធ្វើជា​ទាហាន​ និង​ចេះ​បច្ចេកទេស​ដោះមីន​ខ្លះ​ក៏ដោយ ព្រោះ​វា​នឹង​បង្កឱ្យមាន​គ្រោះថ្នាក់​ដល់​ជីវិត​ហើយក៏​ជា​អំពើ​ខុសច្បាប់​ដែរ​»​។ បន្ទាប់ពី​មាន​ករណីនេះ​កើតឡើង លោក​នឹង​សុំ​គោលការណ៍​ទៅ​ថ្នាក់លើ​ដើម្បី​ចុះទៅ​បោសសម្អាត​មីន​នៅ​តំបន់​ខាងលើ​ឱ្យអស់​ចៀសវាង​គ្រោះថ្នាក់​ដល់​ប្រជាពលរដ្ឋ​ទៅ​ថ្ងៃក្រោយ​ទៀត​៕