ភ្នំពេញៈ បុរសម្នាក់ ដែលលេងហ្គេមបណ្តើរដើរបណ្ដើរ និងស្រែកបណ្តើរ បានស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ដោយសារជនសង្ស័យបើករថយន្តបំបុក ក្រោយពីកើតមានជម្លោះវ៉ៃតប់គ្នាទៅវិញទៅមក នៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ កាលពីយប់ថ្ងៃទី ២៨ ខែមេសា។
មន្ត្រីប៉ូលិសខណ្ឌដង្កោម្នាក់ ដែលសុំមិនបញ្ចេញឈ្មោះ បានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីម្សិលមិញថា ជនរងគ្រោះដែលបានបាត់បង់ជីវិតមានឈ្មោះ អ៊ុំ តុល ហៅលិញ អាយុ ២៧ ឆ្នាំ មានមុខរបរជាសន្តិសុខយាមហាងទូរស័ព្ទ ហើយជនរងគ្រោះដែលរងរបួសធ្ងន់ មានឈ្មោះ អឿន ប៊ុនថាន់ អាយុ ២៣ ឆ្នាំ ត្រូវជាជីដូនមួយនឹងជនរងគ្រោះដែលបានស្លាប់។
ហេតុការណ៍បានកើតឡើងខណៈដែលជនសង្ស័យ ដែលមានរថយន្តហាយឡេនឌ័រ ២ គ្រឿង និងគ្នា ៨ នាក់ ដែលមានស្ថានភាពស្រវឹង បានចេញពីហាងខារ៉ាអូខេមួយកន្លែងស្រាប់តែពេលនោះជនរងគ្រោះម្នាក់ ដែលជាសន្តិសុខយាមនៅហាងលក់ទូរស័ព្ទ បានដើរកាត់រថយន្តជនសង្ស័យដើម្បីទៅទិញអីហូប។
ជនរងគ្រោះបានដើរបណ្តើរ ចុចលេងហ្គេមបណ្តើរនៅលើទូរស័ព្ទដៃ ហើយស្រែកបណ្តើរដាក់គ្នាគាត់។ ស្រាប់តែពេលនោះ ជនសង្ស័យ ដែលមានស្ថានភាពស្រវឹងថា ជនរងគ្រោះស្រែកដាក់ខ្លួន ហើយក៏បានបើកកញ្ចក់រថយន្តស្រែកដាក់ជនរងគ្រោះ។ ជនរងគ្រោះ និងជនសង្ស័យស្រែកដាក់គ្នាទៅវិញទៅមក។ ដល់ពេលស្រែកចុះស្រែកឡើង ជនសង្ស័យក៏បានចុះមកវាយជនរងគ្រោះ ២ ទៅ ៣ ដៃ។
លោក តុន តូនី នាយប៉ុស្តិ៍រដ្ឋបាលសង្កាត់ដង្កោ បានឱ្យដឹងថា មុនដំបូងជនសង្ស័យចុះពីលើរថយន្តតែម្នាក់ឯងទេ ហើយបានរុញច្រានជនរងគ្រោះ ហើយជនរងគ្រោះក៏រុញជនសង្ស័យផ្ទាប់ជញ្ជាំងរថយន្តវិញ។
ភ្លាមនោះ មនុស្សដែលនៅក្នុងរថយន្តមួយទៀតដែលជាមិត្តភក្តិជនសង្ស័យក៏បានចេញមកហើយដេញវាយជនរងគ្រោះ។ មន្ត្រីប៉ូលិសខណ្ឌដង្កោម្នាក់ ដែលសុំមិនបញ្ចេញឈ្មោះឱ្យដឹងថា ជនរងគ្រោះកើតទុក្ខមិនសុខចិត្ត ដោយផ្ទះនៅក្បែរកន្លែងកើតហេតុផងក៏រត់ទៅហៅគ្នាមកថែមទៀត (ប្អូនជីដូនមួយ) ដោយមានដុំថ្មមកគប់ និងវាយទៅលើក្រុមរថយន្តជនសង្ស័យវិញ។
មន្ត្រីរូបនោះថា៖ «ហើយអានោះ (ជនសង្ស័យ) រាងខ្លាចដែរស្រវឹងផងមើលទៅ គិតអ៊ីចឹងហើយ បើយើងស្មាន បើកបំបុកបណ្តោយទៅរហូតដល់ស្លាប់ហ្មងទៅ។ ម្នាក់ទៀតរបួសធ្ងន់»។
ក្រោយពីកើតហេតុ សមត្ថកិច្ចប្រមូលបានដុំថ្ម និងដាវនៅនឹងកន្លែងខណ:ដែលក្រុមជនសង្ស័យបានគេចខ្លួនបាត់អស់។ មន្ត្រីប៉ូលិសសុំមិនបញ្ចេញឈ្មោះបានឱ្យដឹងថា សមត្ថកិច្ចខណ្ឌដង្កោកំពុងស្រាវជ្រាវដើម្បីតាមចាប់ខ្លួនជនសង្ស័យ ចំណែកសាកសពជនរងគ្រោះត្រូវបានប្រគល់ជូនក្រុមគ្រួសារដើម្បីរៀបចំពិធីបុណ្យតាមប្រពៃណី៕