ភ្នំពេញៈ បុរស​ម្នាក់​ពាក់ព័ន្ធ​នឹង​ការបង្កើត​គណនី​ហ្វេសប៊ុក​ក្លែងក្លាយ​ប្រើប្រាស់​រូបភាព​នារី​ស្អាតៗ​ឆាត​លួងលោម​បុរសៗ​ដើម្បី​បាន​វីដេអូ និង​រូបអាក្រាតកាយ​រួច​គំរាម​បង្ហោះ​ចែកចាយ​ជា​សាធារណៈ បើ​ជនរងគ្រោះ​មិន​ផ្តល់​លុយ​តាម​ដែល​គេ​ទាមទារ​នោះ​ត្រូវ​បាន​នគរបាល​ចាប់ខ្លួន និង​កំពុង​សួរចម្លើយ ហើយ​គ្រោង​បញ្ជូន​ទៅ​តុលាការ​ឆាប់ៗ​នេះ​។

នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​នៃ​អគ្គស្នងការដ្ឋាន​នគរបាលជាតិ សហការ​ជាមួយ​នគរបាល​ខណ្ឌទួលគោក បាន​ចាប់ខ្លួន​ជនសង្ស័យ​នៅ​ថ្ងៃទី​ ២៨ ខែធ្នូ ស្ថិតនៅ​ភូមិ​ទួលរកា​​ ១ សង្កាត់​ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ បន្ទាប់ពី​រូបគេ​មក​ដក​លុយ​នៅ​ភ្នាក់ងារ​វីង ដែល​បាន​ពី​ការគំរាមកំហែង​ជនរងគ្រោះ​ម្នាក់​នៅ​ខណ្ឌ​ទួលគោក​បាន​សម្រេច​។

លោក​ សុខ ហេង អធិការ​នគរបាល​ខណ្ឌទួលគោក​ថ្លែង​ពី​ម្សិលមិញ​ថា ជនសង្ស័យ​ដែល​កម្លាំង​នគរបាល​ចាប់ខ្លួន​បាន​ឈ្មោះ​ ម៉ាក់ ហាក់ចិត្រា អាយុ​ ២៣ ​ឆ្នាំ​ កំពុង​ត្រូវបាន​នគរបាល​ខណ្ឌ​ទួលគោក​សាកសួរ​តាម​នីតិវិធី​ច្បាប់​។ លោក​គ្រោង​នឹង​បញ្ជូន​ជនសង្ស័យ​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ឆាប់ៗ​នេះ​។

លោក​ថា​៖ «​យើង​សាកសួរ​គាត់​សិន បើ​សួរ​ចប់​នៅពេល​ណា​នោះ ខ្ញុំ​នឹង​បញ្ជា​ឱ្យ​បញ្ជូន​ទៅ​តុលាការ​ភ្លាមៗ​តែម្ដង​។ ប៉ុន្តែ​ឥឡូវនេះ​ខ្ញុំ​មិន​ទាន់​ដឹង​ច្បាស់​ថា​ត្រូវ​បញ្ជូន​ទៅ​តុលាការ​នៅ​ថ្ងៃទី​ ២៩ ​ឬ​នៅ​ថ្ងៃទី​ ៣០ ធ្នូ​ទេ​។ យើង​ចង់​បញ្ជូន​ទៅ​តុលាការ​ឱ្យ​បាន​ឆាប់​បំផុត​។ ប៉ុន្ដែ​អ្វីដែល​សំខាន់ គឺ​យើង​សាកសួរ​ឱ្យ​ចប់​សិន ហើយ​នឹង​កំណត់​អត្តសញ្ញាណ​រក​បក្ខពួក​គាត់​បន្ថែមទៀត​»​។

នាយការិយាល័យ​រដ្ឋបាល​នៃ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​លោក​ មុំ ចេក ប្រាប់​ពី​ម្សិលមិញ​ថា ប្រតិបត្តិការ​នេះ​ធ្វើ​ឡើង​ក្រោម​ការបញ្ជា​ផ្ទាល់​ពី​ថ្នាក់ដឹកនាំ​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ និង​ដឹកនាំ​ផ្ទាល់​ដោយ​លោក​ ជាវ វិបុល អនុប្រធាននាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ និង​លោក​ ហែម បូណា នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​។

លោក​និយាយថា​៖ «​ករណីនេះ​យើង​បាន​សហការ​ជាមួយ​ជនរងគ្រោះ និង​មន្ត្រី​ជំនាញ​នានា ដើម្បី​តាមដាន​សកម្មភាព​ជនសង្ស័យ​ហើយ​ចាប់បាន​នៅ​ខណ្ឌ​មានជ័យ​។ បន្ទាប់មក​បានប្រគល់​ជនសង្ស័យ​ទៅឱ្យ​សមត្ថកិច្ច​ខណ្ឌ​ទួលគោក​ចាត់ចែង ព្រោះ​សំណុំ​រឿងនេះ​នៅក្នុង​ដែន​សមត្ថកិច្ច​ខណ្ឌទួលគោក​។ យើង​ចាប់ខ្លួន​គាត់​ពេល​គាត់​ចូលមក​ដក​លុយ​ពី​ភ្នាក់ងារ​វីង បន្ទាប់ពី​គាត់​បាន​គំរាម​ជនរងគ្រោះ​ជោគជ័យ​»​។

តាម​របាយការណ៍ ក្រោយពី​ចាប់ខ្លួន កម្លាំង​ជំនាញ​បាន​រកឃើញ​ក្នុង​ទូរស័ព្ទ​របស់​ជនសង្ស័យ​មាន​សុទ្ធតែ​រូបភាព និង​វីដេអូ​អាក្រាត​របស់​បុរសៗ​ជាច្រើន ដែល​សុទ្ធតែ​អ្នក​ចាញ់បោក​ជនសង្ស័យ តាមរយៈ​ការលួងលោម និង​ផ្ញើ​រូបភាព​ក៏ដូចជា​វីដេអូ​របស់​នារី​ស្អាតៗ​ដើម្បី​ឱ្យ​ជនរងគ្រោះ​ទន់​ចិត្ត ហើយ​ធ្វើតាម​ការប្រាប់​របស់​ជនសង្ស័យ​។ កម្លាំង​ជំនាញ​ខណ្ឌទួលគោក​បាន​កសាង​សំណុំរឿង​ជនសង្ស័យ ដើម្បី​ចាត់ការ​បន្ដ​តាម​នីតិវិធី​ច្បាប់​៕